ប្រែ​សម្រួលៈ​បំណង​(​ប៊ី​ប៊ីស៊ី​)៖ នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​ដំបូង​ដែល​បាន​ចាកចេញ​ពីកំពង់ផែ​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ចូល​អ៊ុ​យក្រែន បាន​ទៅ​ដល់​ច្រក​សមុទ្រ​បូស​ហ្វូ​រូ​ស​(Bosphorus)​របស់​​តួ​ក​គី​។​នាវា រ៉ា​ហ្សូ​នី​( Razoni)​ដែល​ដឹក​ពោត​ទម្ងន់​២៦.០០០​តោន​ត្រូវបាន​ត្រួតពិនិត្យ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​០៣​សីហា មុន​បន្តដំណើរ​ទៅ​កាន់​ប្រទេស​លី​បង់​។​

​សង្គ្រាម​រុស្ស៊ី​និង​ទណ្ឌកម្ម​លោក​ខាងលិច​បាន​បិទ​ខ្ទប់​បណ្តា​កំពង់ផែ​អ៊ុយ​ក្រែន​ចាប់តាំងពី​ពេល​កងក​ម្លាំង​រុស្ស៊​ចូល​ឈ្លានពាន​អ៊ុ​យក្រែន​កាលពី​ខែ​កុម្ភៈ ដោយ​វា​រឹតតែ​ធ្វើអោយ​ពិភពលោក​ខ្វះខាត​ស្បៀង​។​

​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​តួ​ក​គី​និង​អង្គការសហប្រជាជាតិ​កាលពី​ខែ​មុន ភាគី​ទាំងពីរ​បាន​យល់ព្រម​អោយ​បន្ត​ការដឹកជញ្ជូន​ទំនិញ​ចេញពី​កំពង់ផែ​ឡើងវិញ​។​

​អ៊ុយ​ក្រែន​បាន​និយាយថា នាវា​កងទ័ពជើងទឹក​របស់​ខ្លួន​នឹង​អម​នាំ​ផ្លូវ​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ដែនទឹក​ដែល​ត្រូវបាន​ដាក់​គ្រាប់មីន​។​

​ក្នុងការ​ថ្លែង​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា​លោក​ចង់​ឃើញ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ក្លាយ​ជា​កា​រងារ​ទៀត​ទាត់​ឡើងវិញ​។​លោក​បាន​និយាយ​ដូច្នេះ​ថា​« គោលដៅ​របស់​យើង​ឥឡូវ​គឺ​ប្រក្រតីភាព​នៃ​ការនាំចេញនាំចូល​។​នាវា​មួយ​ចេញ នាវា​ដទៃ​ទៀត​ក៏​ចេញចូល​ផងដែរ ទាំង​នាំចេញ​និង​ដា​ក់​ទំនិញ​ចុះ​នៅ​កំពង់ផែ​»​។​

​បន្ថែម​លើ​ការបន្ធូរបន្ថយ​ការខ្វះខាត​ស្បៀង​នៅ​កន្លែង​ផ្សេងៗ លោក​សង្ឃឹមថា ការនាំ​ចេញ​នឹង​ជួយ​លើកទឹកចិត្ត​កសិករ​អ៊ុយ​ក្រែន​អោយ​ដាំ​ដុះ​សំរាប់រ​ដូវប្រមូល​ផល​ខាងមុខ​។​

​នាវា រ៉ា​ហ្សូ​នី បាន​ចាកចេញ​ពី​កំពង់ផែ​អូដេ​សារ​បស់​អ៊ុ​យក្រែន​កាលពី​ថ្ងៃ​ចន្ទ សំដៅ​ទៅ​កាន់​ទីក្រុង​ទ្រី​ប៉ូ​លី របស់​លី​បង់ ដោយ​ឆ្លងកាត់​ផ្លូវទឹក​របស់​តួ​ក​គី​។​វា​ត្រូវ​បាន​ពិនិត្យ​ទំនិញ​ដោយ​មន្ត្រី​រុស្ស៊ី អ៊ុ​យក្រែន​​ទួក​គី​និង​មន្ត្រី​អង្គកា​រ​សហប្រជាជាតិ មុន​ពេល​ឆ្លងកាត់​ច្រក​សមុទ្រ​បូស​ហ្វូ​រូ​ស​។​

​អាជ្ញាធរ​អ៊ុ​យក្រែន ក្នុងពេល​ជាមួយគ្នា​បានអោយដឹងថា មាន​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​១៧​គ្រឿង​ទៀត​រង់ចាំ​ចាកចេញ​ពី​បណ្តា​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ប្រទេស​នៅពេល​នាវា​រ៉ា​ហ្សូ​នី​បញ្ចប់​ដំណើរ​របស់​វា​​ដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់​ថា កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី​និង​អ៊ុ​យក្រែន ត្រូវបានសម្របសម្រួល​អោយ​លេចចេញ​ជា​រូបរាង​ឡើង​កាលពី​ចុងខែ​កក្កដា​ក្រោយ​ការចរចា​អស់​ពីរ​ខែ ។​វា​មាន​សុពលភាព​រយៈពេល​១២០​ថ្ងៃមុន​អាច​ត្រូវ​បន្ត​​ជាថ្មី បើសិនជា​ភាគី​ទាំង​ពីរ​យល់ព្រម​។​

​រុស្ស៊ី​និង​អ៊ុ​យក្រែន រួម​គ្នា​តំណាងអោយ​ការផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ប្រមាណ​មួយ​ភាគបី​នៃ​ការផ្គត់ផ្គង់​ទំនិញ​បែប​នេះ​លើ​ទីផ្សារ​ពិភពលោក​។​ការបិទ​ខ្ទប់​បណ្តា​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ បាន​ជួយ​ចូលរួម​បង្ក​​វិបត្តិ​ស្បៀង​ពិភពលោក ដោយ​ផលិតផល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ ដូចជា​នំប៉័ង​និង​ប៉ា​ស្តា កាន់តែ​ថ្លៃ​ឡើង ហើយ​ប្រេងឆា​ព្រមទាំង​ជីរ​គីមី​ក៏​ឡើងថ្លៃ​ផងដែរ​៕