ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកលេងកាយវប្បកម្មប្រេស៊ីលនិងជាតារា TikTok ដែលទទួលបានអ្នកតាមដាន ១,៦ លាននាក់ដោយការចាក់ប្រេងដែលគំរាមកំហែងដល់អាយុជីវិតដើម្បីបង្កើនសាច់ដុំទ្រូងឱ្យបានទំហំ ២៣ អ៊ីញ បានទទួលមរណភាពក្នុងថ្ងៃខួបកំណើតគម្រប់ ៥៥ របស់គាត់នៅទីក្រុងរីបេរ៉ាវ ប្រេតូ (Ribeirao Preto) កាលពីថ្ងៃអង្គារ ទី២៦ កក្កដា។
លោក វ៉ាល់ឌៀ សេហ្គាតូ (Valdir Segato) បានប្រើការចាក់ប្រេង Synthol អស់ជាច្រើនឆ្នាំ បើទោះបីជាមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងការឆ្លងមេរោគដើម្បីបង្កើតសាច់ដុំទ្រូង សាច់ដុំដៃនិងសាច់ដុំខ្នងធំៗ។
លោកសេហ្គាតូ ដែលមានដើមកំណើតនៅទីក្រុងសៅប៉ូឡូ (Sao Paulo) ពីមុនធ្លាប់បាននិយាយថា គាត់ត្រូវបានបំផុសគំនិតដោយរូបរាងកាយរបស់លោក អាណុល ស្វាហ្សេណេហ្គើ (Arnold Schwarzenegger) និងតួអង្គប្រឌិតដូចជា The Hulk ហើយនិយាយអំពីរបៀបដែលគាត់មានមោទនភាពដែលគេស្គាល់តាមដងផ្លូវថាជា “បិសាច”។
កាលពីប្រាំមួយឆ្នាំមុន គាត់ត្រូវបានគេព្រមានថា គាត់ប្រឈមមុខនឹងការកាត់អវៈយវៈ ឬ យ៉ាងហោចណាស់រងការខូចខាតសរសៃប្រសាទនិងការខូចទ្រង់ទ្រាយសាច់ដុំប្រសិនបើគាត់បន្តចាក់ប្រេងដើម្បីពង្រីកខ្លួនគាត់។ ប៉ុន្តែលោកសេហ្គាតូ ដែលពីមុនជាកម្មករសំណង់ បាននិយាយថា គាត់ចូលចិត្តការចាប់អារម្មណ៍ពីអ្នកដទៃ ហើយចង់បានសាច់ដុំកាន់តែធំ។
គាត់បាននិយាយក្នុងឆ្នាំ ២០១៦ ថា “ពួកគេហៅខ្ញុំថា Hulk ស្វាហ្សេណេហ្គើ និង He-Man គ្រប់ពេលវេលា ហើយខ្ញុំចូលចិត្តវា។ ខ្ញុំបានបង្កើនសាច់ដុំទ្រូងរបស់ខ្ញុំទ្វេដង ប៉ុន្តែខ្ញុំនៅតែចង់ធំជាងនេះ”។
គាត់បានបង្ហោះរូបភាពនិងវីដេអូដោយមោទនភាពលើបណ្តាញសង្គម ដោយហៅខ្លួនគាត់ថា Valdir Synthol នៅលើ Instagram។
ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មុនពេលគាត់ស្លាប់ គាត់មានមិត្តភក្តិមកមើលតិចតួចណាស់ ហើយរស់នៅក្នុងជីវិតឯកោទោះបីជាមានបណ្តាញសង្គមដ៏ធំបន្ទាប់ពីគាត់បានបង្ហោះវីដេអូជាច្រើនឆ្នាំមកនេះក៏ដោយ៕
លោក វ៉ាល់ឌៀ សេហ្គាតូ បានស្លាប់កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២២ ចំខួបគម្រប់ ៥៥ ឆ្នាំរបស់គាត់