ដោយ​៖​ដេប៉ូ / ឧ​ត្ត​រ​មានជ័យ​៖ បើទោះបី​ឈានដល់​ដើមខែ​សីហា នេះហើយ​ក្តី ប៉ុន្តែ​គេ​ឃើញ ប្រជា​សហគមន៍ ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុង​ខេត្ត​ឧ​ត្ត​រ មានជ័យ នៅតែ​អាច​ដក​ផ្សិត​នានា បាន​ពី​ព្រៃ ដើម្បី​អាច​រកប្រាក់​ចំណូល​បន្ថែ​ម សម្រាប់​ផ្ត​ត់​ផ្គង់​គ្រួសារ​។​

​គួរ​បញ្ជាក់ថា ផ្សិតព្រៃ គឺជា​អនុផល​ព្រៃឈើ តាម​រដូវ​កាល ដែលជា​ទូទៅ ប្រជា​សហគមន៍ អាច​ដើររក​ដក​ផ្តិត​ទាំងនេះ​បាន ចាប់​តាំងតែ​ពី​ដើមរដូវ​ភ្លៀង​ធ្លាក់ រហូតដល់​ចុងខែ​សីហា​។ រៀងរាល់​រដូវវស្សា ផ្សិតព្រៃ​ដុះ បាន​ក្លាយជា​ប្រភព អាហារ​បន្ថែម យ៉ាងសំខាន់ ដែល​ប្រជាជន នៅតាម​មូលដ្ឋាន នៃ​តំបន់​ការពារ ធម្មជាតិ សប្បាយ​ចិត្តនឹង​មុខរបរ ដក​ផ្សិត​ក្ងោក ផ្សិត​ទន្សោង នៅតាម​ព្រៃរបោះ យកមក​ធ្វើជា​អាហារ និង​សល់ អាច​លក់ដូរ​ថែមទៀត​។

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ប្រជា​សហគមន៍ នៅ​ភូមិ​អណ្តូងទឹក សង្កាត់​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​មករក​ផ្សិត បាន​ឲ្យ​ដឹងថា ផ្សិត​ក្ងោក ដែល​បាន​ដុះ​ក្នុងព្រៃ មាន​រសជាតិ​ឆ្ងាញ់​ណាស់ នៅពេល​គេ​យកទៅ​ធ្វើ​ម្ហូប ដូចជា យកទៅ​ឆា និង​ស្ងោរ​ជាដើម​។ ប្រជាពលរដ្ឋ អា​ចរក​ផ្សិត​ផ្សេងៗ​ថែមទៀត ដែល​ក្នុងនោះ រកបាន​ផ្សិត​ក្ងោក សម្រាប់​ទុក​បរិភោគ និង​អាច​លក់​ទៅ​ទីផ្សារ ក្នុង​១​គីឡូក្រាម តម្លៃ ១០.០០០ រៀល ទៅ ១៤.០០០ រៀល​។ ប្រជាពលរដ្ឋ​ម្នាក់ អាចរ​កដក​ផ្សិត​បាន ពី ៣ ទៅ ៥ គីឡូក្រាម ក្នុង​រយៈពេល​តែ ២ ទៅ ៣ ម៉ោង ក្នុង ១​ថ្ងៃ ប៉ុណ្ណោះ​។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថាៈ ក្នុងពេល​ធ្លាក់ភ្លៀង នា​រដូវវស្សា ជាពិសេស ចន្លោះពេល​រាំងភ្លៀង និង​ពេល​ធ្លាក់ភ្លៀង​ម្តងៗ តំបន់ការពារធម្មជាតិ បានផ្តល់​សម្រស់ ស្រស់ស្អាត និង​ការ​ដុះ​លូតលាស់ បន្លែ​ព្រៃ​ផ្សេងៗ ជាច្រើន​ប្រភេទ ក្នុងនោះ មាន​ផ្សិត​ក្ងោក នេះ​ផងដែរ​។ ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ បានមករ​កដក​ផ្សិត​ក្ងោក នៅតាម ព្រៃរបោះ ក្នុង​ដែន​ជម្រក សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ផ្អែកទៅលើ​របប​ទឹកភ្លៀង​ផងដែរ​។​

​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម យុទ្ធនាការ​ផ្សព្វផ្សាយ​ស​ក្តា​នុព​ល​ធម្មជាតិ និង​សត្វ​ស្លាប នៅ​កម្ពុជា ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពីពេល​ថ្មីៗ កន្លងមកនេះ លោក ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ចាត់ទុកថា ការចូល រួមការ​ការពារ និង​អភិរក្ស ធនធានធម្មជាតិ បានល្អ​ប្រសើរ បាន​ជួយ​បង្កើន​ជីវភាព សហគមន៍ និង​ក្លាយជា​តំបន់ ដ៏​មាន​សក្តានុពល សម្រាប់​ការពង្រីក​វិស័យ ទេសចរណ៍ ធម្មជាតិ នៅក្នុង​ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័ន ដែល​សម្បូរ​ដោយ ព្រៃឈើ វាលស្មៅ​បៃតង​ស្រងាត់ និង​ជីវចម្រុះ​សម្បូរបែប ជា​ជម្រក​និង​ចំណី របស់​សត្វព្រៃ និង​មច្ឆជាតិ ងាយ​រងគ្រោះ និង​ជិត​ផុត​ពូជ​ផងដែរ​៕/V-PC