ដោយៈ សុផល / ភ្នំពេញ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី ង្វៀន ធី​ថា​ញ់ សមាជិកា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​សមាគម​មិត្តភាព វៀតណាម -​កម្ពុជា ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​លោកស្រី និង​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ នៅ​វិមាន​ព្រឹទ្ធសភា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា ជឿជាក់ថាៈ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី និង​គណៈប្រតិភូ នៅ​កម្ពុជា នាឱកាស​នេះ នឹង​រួមចំណែក​ពូន​ជ្រុំ និង​លើកកម្ពស់ ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។

​លោកស្រី ង្វៀន ធី​ថា​ញ់ បាន​ជម្រាបជូន សម្តេច​ប្រធានព្រឹទ្ធសភា​ជ្រាបថា នេះ​ជា​លើក​ទី​១ ហើយ ដែល​លោកស្រី បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ក្នុងនាម​ប្រធាន សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា​។ លោកស្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ រីកចម្រើន យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​។​

​លោកស្រី ង្វៀន ធី​ថា​ញ់ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ប្រទេស​កម្ពុជា ដែល​ឈានមុខ​គេ ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ និង​បាន​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឡើងវិញ យ៉ាង​ឆាប់រហ័ស​។ ជាមួយគ្នានេះ លោកស្រី បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​សមិទ្ធផល​នានា ដែល​ប្រទេស​កម្ពុជា សម្រេចបាន ក្រោម​ការដឹកនាំ របស់​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​ដូចជា​ការទទ​ទួលបាន​ជោគជ័យ ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ និង​ការទទួល ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន និង AIPA ព្រមទាំង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​លោកស្រី ង្វៀន ធី​ថា​ញ់ បាន​គូសបញ្ជាក់ថាៈ ក្នុង​រយៈពេល ៥៥ ឆ្នាំ កន្លងទៅនេះ ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ បាន​ពូន​ជ្រុំ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ បាន​យ៉ាង​ល្អ​ប្រពៃ តាម​ទស្សនៈ «​អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ លើ​គ្រប់​វិស័យ និង​ស្ថិតស្ថេរ​» ហើយ​ភាព ជោគជ័យ និង​ការសប្បាយរីករាយ​រប​ស់​កម្ពុជា គឺជា​ជោគជ័យ និង​ការសប្បាយ រីករាយ របស់​វៀតណាម​។​

​ក្នុងនាម ប្រជាជន​វៀតណាម លោកស្រី ង្វៀន ធី​ថា​ញ់ បាន​ថ្លែង​អំណរ​អរគុណ ចំពោះ​ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​តែងតែ​ជួយ​គាំទ្រ និង​ពូន​ជ្រុំ​ទំនាក់ទំនង មិត្ត​ភាពល្អ​ប្រពៃណី រវាង​ប្រទេស ទាំងពីរ​។ ឆ្លៀតឱកាស​នោះ លោកស្រី បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ ពី​សំណាក់ លោក​អគ្គលេខាបក្ស លោក​ប្រធាន​រដ្ឋ លោកនាយក​រដ្ឋមន្ត្រី និង​លោក​ប្រធាន រដ្ឋសភា ជូន​ចំពោះ​សម្តេច​ប្រធាន ព្រឹទ្ធសភា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​គូសបញ្ជាក់ថាៈ ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ នាពេលនេះ ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​ទាំងពីរ បាន​នឹង​កំពុង​ប្រារព្ធ ខួប​អនុស្សាវរីយ៍ លើក​ទី​៥៥​ឆ្នាំ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត និង​ជា​ឆ្នាំ​មិត្តភាព កម្ពុជា​-​វៀតណាម​។ ប្រទេស​ទាំងពីរ បានរៀបចំ​កម្មវិធី​សកម្មភាព​ជាច្រើន ដូចជា​ការផ្លាស់ប្តូ​រទ​ស្សន​កិច្ច ទៅវិញទៅមក រវាង​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់ អាជ្ញាធរខេត្ត ក្រុង​។ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ប្រទេស​ទាំងពីរ បាន​ប្រារព្ធ​មី​ទ្ទិញ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៥៥​ឆ្នាំ ប្រកបដោយ​បរិយាកាស សប្បាយរីករាយ យ៉ាង​ក្រៃលែង​។ ក្នុង​រយៈពេល ៥៥ ឆ្នាំ កន្លងមកនេះ ប្រទេស ទាំងពីរ ធ្លាប់បាន​ឆ្លងកាត់​នូវ​វិញ្ញាសា ដ៏​លំបាក​ស្មុគស្មាញ​ជាច្រើន ហើយ​បានរួម សាមគ្គី​គ្នា​រឹងមាំ ប្រយុទ្ធប្រឆាំង​សត្រូវ​រួម ដើម្បី​បុព្វហេតុ​ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព និង​ការអភិវឌ្ឍ​។ ហេតុនេះ ថ្នាក់ដឹកនាំ បច្ចុប្បន្ន ត្រូវ​បន្ត​ខិតខំ រក្សា​ប្រពៃណី សាមគ្គីភាព មិត្តភាព ឱ្យ​កាន់តែ​រឹងមាំ​ជាង​ទៀត ដើម្បី​ទុកជា​មរតក សម្រាប់​ថ្នាក់ដឹកនាំ ជំនាន់​ក្រោយ នៃ​ប្រទេស​ទាំងពីរ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​ជាខ្លាំង ចំពោះ​ចំណង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រ​ទេ​និង​ប្រជាជន​ទាំងពីរ​នេះ ដែល​បន្ត​រីកចម្រើន លើ​គ្រប់​វិស័យ ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​ស៊ីជម្រៅ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​រឹងមាំ​យូរអង្វែង ក្រោម​ស្មារតី “​ភាពជា​អ្នក​ជិត ខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរ អង្វែង​”​។ សភា រាជរដ្ឋាភិបាល និង ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​ខ្ជួន​ឥត​ងាករេ ដោយ​ចាត់ទុក​វៀតណាម គឺជា​មិត្ត​ល្អ ជា​បងប្អូន​ល្អ ជា​អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​ល្អ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​គូសបញ្ជាក់ថាៈ ព្រឹទ្ធសភា តែងតែ​គាំទ្រ និង​លើក ទឹកចិត្ត ដល់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ អនុវត្តន៍​នូវ​រាល់​កិច្ចព្រមព្រៀង រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ សម្តេច​បាន​វាយតម្លៃ​ខ្ពស់​និង​អបអរសាទរ ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​សមាគម​មិត្តភាព នៃ​ប្រទេស ទាំងពីរ​សម្រេចបាន ជាពិសេស​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​គ្នា ទៅវិញទៅមក ទាំង​ស្មារតី សម្ភារ និង​ថវិកា ក៏ដូចជា ការឃោសនា​អប់រំ ឲ្យ​ប្រជាជន​នៃ​ប្រទេស ទាំងពីរ បាន​យល់ច្បាស់ អំពី​សភាពការណ៍ និង​សមិទ្ធផល​រួម នៃ​ប្រទេស​ទាំងពីរ ក្នុងនោះ​ឲ្យ​យល់ច្បាស់ អំពី​កត្តា​ស្លា​ប់រស់ នៃ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ មាន​សេចក្តី សប្បាយរីករាយ​ណាស ដោយ​មើលឃើញ រដ្ឋាភិបាល នៃ​ប្រទេស ទាំងពីរ បាន​កសាង​ខ្សែបន្ទាត់​ព្រំដែន ឲ្យ​ក្លាយជា​ខ្សែបន្ទាត់​ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​មិត្តភាព នៃ​ប្រទេស​ទាំងពីរ បន្ត​នូវ​ការខិតខំ​ប្រឹងប្រែង ពួន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស ទាំងពីរ ឲ្យ​កាន់តែ​រឹង​ម៉ាំ និង​ខ្លាំងក្លា​ជាងនេះទៀត ដែល​គ្មាន​អ្នកណា មក​បំបែក បំបាក់​បានឡើយ​។​

​ក្នុងនាម​ព្រឹទ្ធសភា សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​ការអបអរសាទរ​ដ៏ ស្មោះស្ម័គ្រ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម សម្រេចបាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់ខ្លួន​។ សម្តេច​មានជំនឿថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រដ្ឋាភិបាល និង​សភា​វៀតណាម វៀតណាម នឹង​បន្ត​សម្រេចបាន នូវ​សមិទ្ធផល សង្គម​-​សេដ្ឋកិច្ច ធំៗ​បន្ថែមទៀត ក្នុងការ​អនុវត្ត សេចក្តីសម្រេច​របស់ មហាសន្និបាត លើក​ទី​១៣ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​កំពូល នៃ​សា​ធារ ណ​រដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ផ្តាំផ្ញើ ការសួរសុខទុក្ខ ចំពោះ​សម្តេច​។ តាមរយៈ​គណៈប្រតិភូ សម្តេច​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ ដោយ​សេចក្តី​នឹករលឹក ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​រដ្ឋាភិបាល សាធារណរដ្ឋ​សង្គមនិយម​វៀត ណា​ម ទាំងអស់​។ សម្តេច​បាន​ប្រសិទ្ធពរ​ជូនពរ គណៈប្រតិភូ មាន​សុខ​ភាពល្អ និង​ដំណើរ​ទស្សនកិច្ច នៅលើ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកបដោយ ជោគជ័យ​៕/V​-PC