ដោយ​៖ ដេប៉ូ / ឧ​ត្ត​រ​មានជ័យ​៖ ប៉ម​សម្រាប់​ដាក់​បម្រើ ដល់​អ្នកទេសចរ ទស្សនា ពី​ទេសភាព ចំនួន ៤ ក្នុងនេះ​មាន​ប៉ម ប្រភេទ​ឈើ​ចំនួន​២ និង​ដែក​ចំនួន​២ កំពុង​ត្រូវ​បានទទួល ការចាប់អារម្មណ៍ និង​ដាក់ឱ្យ​បម្រើ នៅតាម​តំបន់​រមណីយដ្ឋាន មួយចំនួន នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួងបរិស្ថាន បានឱ្យដឹង​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ ២០២២ កន្លងមក​ថាៈ តាមរយៈ​ក្រសួងបរិស្ថាន បានផ្តល់​ប៉ម​មើល​ទេសភាព ជូន​ដល់​តំបន់ការពារធម្មជាតិ ប្រើប្រាស់​ទាំងនេះ​គឺ ក្នុង​គោលបំណង​បម្រើ កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ បន្ថែមទៀត និង​ជំរុញ​ឱ្យ តំបន់​ការពារ ធម្មជាតិ ក្លាយជា​កន្លែង ដែល​អាច​ទាក់ទាញ​ទេសចរ ជិត​ឆ្ងាយ ឱ្យមក​ទស្សនា​។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ សក្កា​នុព​ល​នៃ ធនធានធម្មជាតិ និង​សត្វ​ស្លាប ក្នុងប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សម្តែង​ការរីករាយ ចំពោះ​គម្រោង​ក្រសួងបរិស្ថាន ផ្តល់ជូន ប៉ម​ចំនួន​២ កន្លែង​កន្លែង​ទៀត ដាក់​នៅ​តំបន់​បឹង​ស្នោរ​ក្រុង​សំរោង និង​នៅ​ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័ន ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រហូតដល់​ពេលនេះ ខេត្ត​នេះ មាន​ប៉ម​មើល​ទេសភាព ចំនួន ៤ ឈើ​ចំនួន​២ និង​ដែក​ចំនួន​២​។​

​លោក ភួង លី​ណា បាន​បញ្ជាក់ដែរថាៈ ប៉ម​មើល​ទេសភាព មិន​ត្រឹមតែ​ផ្តល់ ជា​មធ្យោបាយ ពង្រឹង​ការពិនិត្យ និង​តាមដាន ព្រមទាំង​ចាត់​វិធាន ការឆ្លើយតប សកម្មភាព​បទល្មើស កាន់តែ​ប្រសើរ​ថែមទៀត​នោះទេ ប៉ម​ទាំងនេះ បានផ្តល់ ជូន​អ្នកទេសចរ បាន​មើល​ទេសភាព ព្រៃឈើ និង​សត្វព្រៃ ដែល​បានរួម​ចំណែក សំខាន់ ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ផ្សាភ្ជាប់​ទឹកដី ដើម្បី​ជួយ​គាំទ្រ​ចំណូល បន្ថែមទៀត ដល់​ប្រជា​សហគមន៍ និង​ជួយ​ដល់ សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​ជាមួយគ្នានេះ លោក​ប្រធាន​មន្ទីរ ចាត់ទុកថាៈ តំបន់ការពារធម្មជាតិ នៅក្នុង​ខេត្ត ឧ​ត្ត​រ​មានជ័យ​មាន​ចំនួន ៣ កន្លែង មានប្រៀប​បាន​នឹង​កូនក្រមុំ​លាក់ខ្លួន ក្នុង​វិស័យ ទេសចរណ៍ធម្មជាតិ ជាពិសេស​ទេសភាព នៅតាម​តំបន់ការពារធម្មជាតិ ចំនួន ៣ កន្លែង និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឧ​ត្ត​រ ដែលមាន​ព្រៃឈើ​ស្រស់ស្អាត សត្វព្រៃ ក៏ដូចជា សត្វ​ស្លាប​កម្រ និង​រង​ការ​គម្រាមកំហែង​ជិត​ផុត​ពូជ កំពុង​រស់នៅ​។

​លោក ភួង លី​ណា សង្ឃឹមថា អ្នកទេសចរ មក​ទស្សនា ហើយ​សហគមន៍​ត្រៀម ផ្ដល់​សេវា ដូចជា ការលក់ដូរ​ផលិតផល​ផ្សេងៗ ការផ្តល់សេវា​ចម្អិនម្ហូប និង​រៀបចំផ្ទះ​ស្នាក់ បោះតង់ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​ការរកចំណូល​បន្ថែម ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្នុង​ជំហាន​ដំបូង ក្រសួងបរិស្ថាន គ្រោង​សាងសង់​ប៉ម មើល​ទេសភាព ចំនួន ១០ កន្លែង នៅក្នុង​ឆ្នាំ​២០២២​។ មកដល់​ខែសីហា ឆ្នាំ​២០២២ ក្រសួង​បាន ផ្តល់ជូន ប៉ម​មើល​ទេសភាព បាន​ចំនួន ៤ កន្លែង ដែល​ក្នុងនោះ ប៉ម ២ កន្លែង នៅ​ខេត្តបន្ទាយមានជ័យ និង ២ កន្លែង​ទៀត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ដោយឡែក លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ គម្រោង​ក្រសួងបរិស្ថាន គឺ​ចង់​លើកកម្ពស់​ទេសភាព នៅតាម​តំបន់ការពារធម្មជាតិ និង​ជំរុញ​ការទាក់ទាញ​យក​ផលប្រយោជន៍ តាមរយៈ​ទេសចរ ដែល​មក​កម្សាន្ត នៅក្នុង​តំបន់​ធម្មជាតិ នេះ​ផងដែរ​៕/V-PC