ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពេលនេះ មេដាយអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កម្ពុជាដណ្ដើមបានមេដាយមាស ចំនួន ៣ គ្រឿង ស្របតាមមហិច្ឆតា របស់លោក យី វាសនា ដែលជានាយបេសកកម្មកម្ពុជា សម្រាប់អាស៊ានប៉ារ៉ាហ្គេមហើយ។
មេដាយមាសទី១ ដណ្ដើមបានដោយ ក្រុមបាល់បោះជិះរទេះនារី វិញ្ញាសា ៣នាក់ទល់៣នាក់ មេដាយមាសទី២ រកបានដោយកីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា វិញ្ញាសាលោតចម្ងាយ មេដាយមាសទី៣ប្រជែងបានដោយកីឡាការិនីប៊ូស្យា សន សាល។
ក្រៅពីនេះ កម្ពុជា ប្រជែងបានមេដាយប្រាក់ ចំនួន ៦ គ្រឿង និងសំរិទ្ធ ចំនួន ៤ គ្រឿង លើវិញ្ញាសាកីឡាករហែលទឹក ខូយ កុយ វិញ្ញាសាហែលកង្ហែប ១០០ ម៉ែត្រ កីឡាករប្រណាំងរទេះ ហៀ ហុក ២ គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ កីឡាករប្រណាំងរទេះ វ៉ាន់ វុន ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ កីឡាការិនី វ៉ិត ចន្ថា ១គ្រឿង វិញ្ញាសារត់ ២០០ម៉ែត្រ ។ កីឡាករហែលទឹក យ៉ាវ វណ្ណ: វិញ្ញាសា ១០០ម៉ែត្រ កីឡាករប្រណាំងរទេះ ឈន់ ពន់ វិញ្ញាសា ២០០ម៉ែត្រ កីឡាករ ឯក ញាណសមុទ្រ និងកីឡាករ ពៅ ណុចវិញ្ញាសា វាយគូក្រុម កីឡាករអុក ជា ស៊ី ដេត និង ប៉ែតរ័ត្ន ទីណា ១គ្រឿង ។
កម្ពុជា នៅសល់ប្រភេទកីឡា ជាច្រើនទៀត ដែលមានសក្តានុពល អាចបន្តដណ្តើម មេដាយបានបន្ថែមទៀត ៕/V-PC