ដោយៈ ប​.​ខុន / ភ្នំពេញៈ កប៉ាល់​ដឹកទំនិញ​តាមផ្លូវ​សមុទ្រ ធុន​មធ្យម ពីរ​គ្រឿង ដែល​បាន​ជាប់​នៅលើ​ឆ្នេរ​កោះតាង និង ឆ្នេរ​ព្រៃត្រែង ដោយសារ​កម្លាំង​ខ្យល់ បក់បោក និង​រលក​ខ្ពស់ៗ កាលពីដើម​ខែកក្កដា​នោះ មកដល់​ថ្ងៃទី​៣ ខែសីហា នេះ មិនទាន់​ត្រូវបាន គេ​ជួយ​យក​ចូលទៅក្នុង​សមុទ្រ​វិញ​នៅឡើយ​ទេ​។​

​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ព្រះសីហនុ បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២​ថាៈ កប៉ាល់​ដឹកទំនិញ តាម​សមុទ្រ​ធុន​មធ្យម ចំនួន​ពីរ​គ្រឿង ដែល​ត្រូវ​ខ្យល់​បក់បោក នាំយកមក​ជាប់ នៅ​ឆ្នេរ​កោះតាង និង ឆ្នេរ​ព្រៃត្រែង កាលពីដើម​ខែកក្កដា​នោះ មកដល់​ថ្ងៃទី​៣ ខែសីហា​នេះ នៅ​មិនទាន់​ត្រូវបាន គេ​យកចេញ នៅឡើយ​ទេ ។ កប៉ាល់​ដែល ជាប់​នៅលើ​ឆ្នេរ​ព្រៃត្រែង ទំនងជា​មិន​ងាយ​នឹង អូស​ចូល ទៅក្នុង​សមុទ្រ​វិញ បានឡើយ ដោយសារ​វា​មក​ទើរ​លើ​ឆ្នេរ ក្បែរផ្លូវ​កៅស៊ូ ទៅហើយ​។​

​លោក បុរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា​ថាៈ កប៉ាល់​ជាប់​នៅលើ ឆ្នេរ​ព្រៃត្រែង មិនទាន់​ត្រូវបាន​គេ​យកចេញ​នៅឡើយ​ទេ​។ ករណី​កប៉ាល់​នេះ ក៏ដូចជា កប៉ាល់​ជាប់​នៅលើ ឆ្នេរ​កោះតាង​នោះដែរ គេ​មិនបាន​ទាក់ទង​មក​មន្ទីរ​ទេ​។ កន្លងទៅ មន្ទីរ​គ្រប់គ្រង តែ​កំពង់ផែ​តូចៗ សម្រាប់​ចូល​ចត​របស់​ទូក​កាណូត ឈើ​តូចៗ​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ លោក​នឹង​ឱ្យ​មន្ត្រី​ទទួល ខុសត្រូវ លើ​ផ្នែក​នេះ ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ត ដើម្បីឱ្យ​បានដឹងថា ម្ចាស់​កប៉ាល់ បាន​ទាក់ទង​ទៅ ខាង​ណា​ក្នុង​ការជួយ​យក​កប៉ាល់​នេះ ចូលទៅក្នុង​សមុទ្រ​វិញ​។​

​រំលឹក​ឱ្យដឹងថា កាលពី​អំឡុង​ថ្ងៃទី​១០ ខែកក្កដា នៅលើ​ផ្ទៃសមុទ្រ​របស់​កម្ពុជា មាន​ខ្យល់ បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ បាន​នាំយក​កប៉ាល់​មួយគ្រឿង ទៅ​ជាប់​នៅលើ ឆ្នេរ​កោះតាង និង​មួយគ្រឿង​ទៀត នៅលើ​ឆ្នេរ​ព្រៃត្រែង ខេត្ត​ព្រះសីហនុ​។ នៅពេល​ជាមួយ គ្នា​នោះ ខ្សាច់​នៅតាម​ឆ្នេរ ក៏ត្រូវ​បាន​ខ្យល់ និង​ទឹករលក នាំយកមក​ចាក់​នៅលើ​ផ្លូវ តាម បណ្តា​ឆ្នេរ យ៉ាងច្រើន​ក្រាស់ ក្រែល​ដែរ​៕/V​-PC