ដោយៈ ស​រិ​ទ្ធ / កណ្តាល​៖ កម្លាំង​នគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​ឃាត់ខ្លួន ជនសង្ស័យ ពីរ​នាក់ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ ក្រោយពី​ជនសង្ស័យ បាន​យក​ដុំឥដ្ឋ​ការ៉ូឡា គប់​ប្រជា​ការពារ​ម្នាក់ ឱ្យ​ដួលសន្លប់ បោក​ក្បាល​ទៅនឹង ផ្លូវជាតិ កាលពី​វេលា​ម៉ោងជាង ៦​ល្ងាច ថ្ងៃទី​១ សីហា កន្លងមក នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។​

​នគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ផាន់ សុភ័ក្ត្រ អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ និង​ជា​ប្រជា​ការពារ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។​

​ចំណែក​ជនសង្ស័យ ពីរ​នាក់​នោះ មានៈ ១-​ឈ្មោះ ហួរ តូ​ម៉ា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ និង​២-​ឈ្មោះ ផល មេត្តា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ។ ជនសង្ស័យ​ទាំងពីរ​នាក់ មានមុខ​របរ មិន​ពិតប្រាកដ និង​មាន​ទីលំនៅ ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្ដាល ស្ទឹង ខេត្តកណ្ដាល ។​

​នគរបាល បានឱ្យដឹង​ទៀតថាៈ កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ប្រមាណ ជាង ៦ ល្ងាច ខណៈ​ជនរងគ្រោះ (​ប្រជា​ការពារ​) កំពុង​ឈរ​យាម​នៅ គោលដៅ ចំណុច​ផ្លូវ​បេតុង ក្នុងភូមិ​សៀមរាប ឃុំ​សៀមរាប ពេលនោះ មាន​ក្រុម ការងារ​ប្រជា​ការពារ បាន​ហៅ​តាម​វិទ្យុទាក់ទង ប្រាប់ថា មុខសញ្ញា​លួច​ដែក កាលពី​ព្រឹក​មិញ ពួកវា​យក​ដែក ទៅ​លក់​ទៀតហើយ ទៅ​ទិស​ខាងជើង ។ ពេលនោះ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ចេញទៅ​ដល់ ចំណុចកើតហេតុ បានឃើញ​ជនសង្ស័យ ទាំងពីរ​នាក់ ដើរ​ត្រឡប់មក​ទិស​ខាងត្បូង​វិញ និង​បាន​ប្រតាយប្រតប់ ជាមួយ​ប្រជា ការពារ ។ ពេលនោះ ជនរងគ្រោះ បាន​ចូលទៅ​ឃាត់ និង​សួរនាំ ស្រាប់តែ​ជន សង្ស័យ ឈ្មោះ ហួរ តូ​ម៉ា បាន​យក​ដុំឥដ្ឋ​ការ៉ូឡា គប់​មកលើ ជនរងគ្រោះ ចំ​ថ្ងាស​ផ្នែក​ខាងស្ដាំ បណ្ដាលឱ្យ​ជនរងគ្រោះ ដួលសន្លប់​បោក​ក្បាល ទៅនឹង​ផ្លូវជាតិ រួច​ជនសង្ស័យ នាំគ្នា​រត់គេចខ្លួន​អស់ ។ លុះ​ព្រឹក​ឡើង ថ្ងៃទី​២ ខែសីហា ឆ្នាំ ២០២២ កម្លាំង​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​កណ្ដាលស្ទឹង ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់ ៕/V-PC