​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី សាយ អ៊ីង​វិន​(Tsai Ing-wen)​កាលពី​ថ្ងៃ​ពុធ​ទី​០៣​សីហា​បាន​អរគុណ​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​(Nancy Pelosi)​ចំពោះ​ចំណាត់ការ​ដ៏​ក្លាហាន​របស់​លោកស្រី​ដើម្បី​គាំទ្រ​តៃវ៉ាន់​ចំពេល​ដ៏​សំខាន់​នេះ និង​ថា​កោះ​ប្រជាធិបតេយ្យ​របស់លោកស្រីនឹង​មិន​ចុះ​ញ៉ម​ការ​គំរាម​ផ្នែក​យោធា​ពី​ចិន​ប៉េកាំង​ឡើយ​។​

​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ទីក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​ពុធ ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ីមក​កាន់​កោះ​ដែល​នាំ​អោយ​ចិន​ផ្ទុះ​កំហឹង​និង​ប្រកាស​ធ្វើ​សមយុទ្ធ​ឡោម​ព័ទ្ធ​កោះ​តៃវ៉ាន់​ព្រមទាំង​កោះហៅ​​ឯកអគ្គរដ្ឋទូត​អាម៉រិក​ប្រចាំចិន​មក​ស្តាប់ការ​តវ៉ា​។​

​លោកស្រី​សាយ​ក៏​បាន​ប្រាប់​ផេ​ឡូស៊ីថា លោកស្រី​ជា​មិត្ត​ម្នាក់​ដែល​តៃវ៉ាន់​គោរព​បូជ្ញា​បំផុត​និង​បាន​អរគុណ​ចំពោះ​ការគាំទ្រ​មិន​កែប្រែ​របស់​លោកស្រី​នៅលើ​ឆាក​អន្តរជាតិ និង​ថា​«​តៃវ៉ាន់​ជា​ដៃគូ​គួរអោយ​​ជឿ​ទុកចិត្តបាន​មួយ​របស់​អាម៉េរិក ហើយ​នឹង​បន្ត​ធ្វើការ​ជាមួយ​អាម៉េរិក​ដើម្បី​ពង្រឹង​កិច្ចសហការ​ផ្នែក​សន្តិសុខ ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​»​។​

​លោកស្រី​បាន​បន្តថា «​ប្រឈម​នឹង​ការ​គំរាម​យោធា​កាន់តែខ្លាំង​ឡើង តៃវ៉ាន់​នឹងមិន​ចុះ​ញ៉ម​ឡើយ​។​យើង​នឹង​បន្ត​រក្សា​អធិបតេយ្យភាព​របស់​ប្រជាជាតិ​យើង​និង​បន្ត​ការពារ​លទ្ធិប្រជាធិបតេយ្យ​»​។​

​នៅ​ថ្ងៃ​ពុធ​នេះដែរ គណៈរដ្ឋមន្ត្រី​តៃវ៉ាន់​បាន​និយាយថា យោធា​បាន​បង្កើន​កំរិត​ត្រៀមខ្លួន​ប្រយុទ្ធ និង​អាជ្ញាធរ​នឹង​ដាក់​ចេញ​ផែនការ​ដើម្បី​ធានា​សុវត្ថិភាព​និង​ស្ថិរភាព​ជុំវិញ​កោះ បន្ទាប់​ពី​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​បន្តបន្ទាប់ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ី​។​

​ផេ​ឡូ​ស៊ី និង សាយ អ៊ីង​វិន ធ្វើ​សន្ន​សីទ​កាសែត​នៅ​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃត្រង់​ថ្ងៃ​ពុធ​

​ចំណែក​ប្រធានសភា​អាម៉េរិក​លោកស្រី ផេ​ឡូ​ស៊ី បាន​បញ្ជាក់​នៅ​ចំពោះមុខ​ប្រធានាធិបតី​តៃវ៉ាន់​ថា លោកស្រី​និង​សមាជិកសភា​អាម៉េរិក​ដទៃទៀត​ក្នុង​គណៈប្រតិភូ​នេះកំពុង​បង្ហាញថា ពួកគេ​នឹង​មិន​​បោះបង់​ការប្តេជ្ញា​ចិត្តរ​បស់​គេ​ចំពោះ​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​ទេ​។​

​លោកស្រី​បាន​និយាយ​ដូច្នេះ​ថា «​ថ្ងៃនេះ ពិភពលោក​ប្រឈម​ជំរើស​មួយ រវាង​ប្រជាធិបតេយ្យ​និង​ភាព​ផ្តាច់ការ​។​អាម៉េរិក​ប្តេជ្ញាចិត្ត​រក្សា​ការពារ​លទ្ធិប្រជាធិបតេយ្យ ទាំង​នៅ​ទីនេះ តៃវ៉ាន់​និង​នៅ​ជុំវិញ​ពិ​ភ​​ព​លោក​អោយ​នៅ​រឹង​ដូច​ដែក​»៕

​បន្ទាប់​ពី​ផេ​ឡូ​ស៊ី​ចុះ​ដល់​ទឹក​ដី​កោះ​តៃវ៉ាន់​ភ្លាម ចិន​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​នៅប្រាំមួយ​តំបន់ក្នុង​ដែនទឹក​ជុំវិញ​កោះ​តៃវ៉ាន់​ចាប់ពី​ថ្ងៃស្អែក​ទី​០៤​សីហា​ទៅ

វត្តមានកម្លាំងសន្តិសុខចិននៅមុខនិងក្បែរស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង

មានការតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ផេឡូស៊ីនៅតៃវ៉ាន់