​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ប្រធាន​សភា​តំណាងរាស្ត្រ​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ទៅ​ដល់​កោះ​តៃវ៉ាន់ ដោយ​ផ្គើន​នឹង​ការព្រមាន​ពី​ចិន​និង​ការព្រួយបារម្ភ​ពី​សេត​វិមាន​។ ប៉ុន្តែ​លោកស្រី​មាន​ប្រវត្តិ​រិះគន់​រដ្ឋាភិបាល​ចិន​ជា​យូរ​មក​ហើយ​។​

​ល្បីល្បាញ​បំផុត​ក្នុង​ឆ្នាំ ១៩៩១ ពោលគឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​កម្ទេច​ដោយ​រដ្ឋាភិបាល​ចិន លោកស្រី​បាន​ទៅ​ទស្សនា​ទីលាន​ធៀន​អាន​មេន​និង​បង្ហាញ​បដា​គោរព​​ដល់​បាតុករ​ដែល​បាន​ស្លាប់​។​

​សម្រាប់​រដ្ឋាភិបាល​ចិន​វិញ ពួកគេ​មិន​បាន​លាក់បាំង​ការ​មើលងាយមើលថោករ​បស់​ខ្លួន​ចំពោះ​លោកស្រី​ផេ​ឡូ​ស៊ី​នោះឡើយ ដោយ​ធ្លាប់​ចាត់ទុក​លោក​ស្រី​ថា​”​ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​ពាក្យ​កុហក​​និង​ព័ត៌មាន​មិន​ពិត​”​។​

​ចិន​ចាត់ទុក​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ជា​ខេត្ត​បំបែក​ខ្លួន ហើយ​មិន​បាន​ច្រាន​ចោល​ការប្រើ​កម្លាំង​ដើម្បី​បង្រួបបង្រួម​វា​វិញ​នោះឡើយ​។ ចិន​បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ដើម្បី​រារាំង​ប្រទេស​ផ្សេង​ទៀត​ពី​ការទទួលស្គាល់​ឯករាជ្យភាព​របស់​តៃវ៉ាន់​។​

​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ចិន​បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិន​បើ​លោក​ស្រី​ផេ​ឡូ​ស៊ី​ទៅ​តៃវ៉ាន់​។​

​លោកស្រី​ស្ថិតនៅ​លំដាប់​ទី​ពីរ​សម្រាប់​តំណែង​ប្រធានាធិបតី​បន្ទាប់ពី​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស​ហើយ​ក្លាយជា​អ្នកនយោបាយ​ជាន់​ខ្ពស់​បំផុត​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ដែល​ធ្វើដំណើរ​ទៅ​កាន់​កោះ​នេះ​​ចាប់​តាំងពី​អ្នក​កាន់​តំណែង​មុន​របស់​លោកស្រី គឺ លោកញូ​វ ហ្គីង​រី​ច (Newt Gingrich) ក្នុង​ឆ្នាំ ១៩៩៧​។​

​ផែនការ​របស់​លោកស្រី​ទៅ​កាន់​កោះ​តៃវ៉ាន់​ត្រូវ​បាន​រក្សាទុក​ជា​ការសម្ងាត់ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​អំពី​ផែនការ​នេះ ជា​ហេតុ​ជំរុញ​ឱ្យ​មាន​ការព្រមាន​ពី​ចិន​។ ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់​លោកស្រី​ក៏​រួម​មាន​ដំណើរ​ទស្សនកិច្ច​ទៅ​សិង្ហ​បុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ជប៉ុន​ផងដែរ​។​

​ការ​ធ្វើ​ដំណើរ​នេះ​មិន​ត្រូវបាន​គាំទ្រ​ដោយ​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន នោះទេ ហើយ​ខណៈ​ភាព​តានតឹង​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​នៅតែ​បន្ត​កើនឡើង​សូម្បី​តែ​មន្ត្រី​សេត​វិមាន​ត្រូវ​គេ​រាយ​​ការណ៍​ថា​បាន​ព្យាយាម​រារាំង​លោកស្រី​ផងដែរ​។ លោកបៃ​ដិន​ថ្មីៗ​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​យោធា​គិតថា​វា​មិនមែន​ជា​គំនិតល្អ​ទេ​”៕

​ប្រធាន​សភា​តំណាងរាស្ត្រ​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ចចេស​ទៅកាន់​តៃវ៉ាន់ ទោះ​ជា​ប្រធានាធិបតី​អាម៉េរិក​មិន​គាំទ្រ​