​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ មិន​ថា​ពួកគេ​កើត​នៅទីណា​នោះទេ មនុស្ស​ម្នាក់​អាច​សម្រេ​ចក្តី​សុបិន​របស់​ពួកគេ​បាន ប្រសិន​បើ​ពួកគេ​មាន​ការតាំង​ចិត្ត​និង​ទំនុកចិត្ត​លើ​ខ្លួនឯង​នោះ​​ហើយ​ជា​ជំនឿ​របស់​បវរកញ្ញា​ច​ក្រ​វាល​ថៃ​ឆ្នាំ ២០២២ នាង អាន​ណា សៀន​ហ្គាម អៀម (Anna Sueangam-iam) ហើយ​នាង​គឺជា​ភស្តុតាង​រស់​។​

​ឪពុក​ម្តាយ​របស់​នាង​គឺជា​អ្នក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​បាងកក ហើយ​នាង​ធំធាត់​ឡើង​ជាមួយ​នឹង​ជីទួត​របស់​នាង ដែល​ជា​ដូនជី​ព្រះពុទ្ធសាសនា​។​

​អាន​ណា​អាយុ ២៣ ឆ្នាំ​បាន​ឈ្នះ​មកុដ​បវរកញ្ញា​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​នាង​បាន​និយាយថា ឪពុក​ម្តាយ​របស់​នាង​ធ្វើការ​ឱ្យ​រដ្ឋបាល​ក្រុង​បាងកក​។ ឪពុក​របស់​នាង​ធ្វើការ​លើ​ឡាន​ដឹក​សំរាម ចំណែក​ម្តាយ​របស់​នាង​មាន​ការងារ​ពីរ គឺជា​អ្នក​បោសសម្អាត​ផ្លូវ​ក្នុង​ទីក្រុង​និង​​ជា​អ្នកបម្រើ​តាម​ផ្ទះ​ផងដែរ​។ នាង​ធំ​ដឹងក្តី​ស៊ាំ​ជាមួយនឹង​គំនរ​សំរាម ហើយ​ប្រដាប់ប្រដា​ក្មេង​លេង​របស់​នាង​គឺជា​របស់​បែកបាក់​ខូចខាត​ដែល​ឪពុកម្តាយ​ជា​ទី​ស្រឡាញ់​របស់​នាង​រើសយក​មក​ជួសជុល​​សម្រាប់​នាង​។​

​ក្នុង​វ័យ​កុមារភាព នាង​មិន​ដែល​ចេញ​ទៅ​ក្រៅ​ដូច​កុមារ​ដទៃ​នោះទេ ហើយ​គំនរ​សំរាម​គឺជា​កន្លែង​លំហែ​ខាងក្រៅ​តែមួយគត់​ដែល​នាង​ស៊ាំ​ជាមួយ​ខណៈ​អមដំណើរ​ឪពុក​របស់​នាង​ទៅ​ធ្វើការ​នៅ​លើ​​ឡាន​ដឹក​សំរាម​ពណ៌​បៃតង​។​

​នាង​ក៏​បាន​ធំធាត់​ឡើង​ដោយ​អាហារ​ដែល​គេ​ផ្តល់ឱ្យ​ផងដែរ ព្រោះ​យាយទួត​ស្លាប់​ទៅ​របស់​នាង​បួស​ជា​ដូនជី ហើយ​បាន​ចិញ្ចឹម​នាង​ពី​អាហារ​ដែល​គាត់​បាន​ទទួល​ពី​ពុទ្ធបរិស័ទ ខណៈ​ជួយ​មើលថែ​នាង​ជំនួស​ឪពុកម្ដាយ​ដែល​ខំ​ប្រឹងប្រែង​រកលុយ​ឱ្យ​នាង​រៀនសូត្រ​។​

​នាង​អាន​ណា​និយាយថា ការបង្ហាត់​បង្រៀន​សាសនា​របស់​ជីទួត​របស់​នាង​ក៏​បាន​ជួយ​ត្រួសត្រាយ​វិថី​ជីវិត​របស់​នាង​ផងដែរ​។​

​អាន​ណា​បាន​និយាយ​ក្នុងអំឡុង​ការប្រឡង​បវរកញ្ញា​កាលពីពេល​ថ្មីៗ​នេះ​ថា “​កុំ​កន្តឿ​ត្រឹម​កន្លែង​ដែល​អ្នក​កើត​។ ជាមួយ​ការ​តាំងចិត្ត​គ្រប់គ្រាន់ យើង​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​បាន​”៕

អាន​ណា​អាយុ ២៣ ឆ្នាំ​បាន​ឈ្នះ​មកុដ​បវរកញ្ញា​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​