ដោយៈ​សុផល​/ភ្នំពេញ​៖​ក្នុង​ដំណើរ​នៃ​ការចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១នៅ​ប្រទេស​ឥណ្ឌូនេស៊ីលោក ហ៊ុន ម៉ា​នី បាន​បង្ហោះ​សារ​ជាការ​លើកទឹកចិត្តនិង​បង្ហាញ ​ពី​មោទកភាព ជា​បន្តបន្ទាប់​លើ​ទំព័រ​ផ្លូវការ​របស់លោក​ស្រប​ពេលដែល លោក កំពុងមាន​វត្តមាន​ផ្ទាល់​ជាប់​ជាមួយ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ ដើម្បី​អបអរសាទរ​ដល់​អ្នក​ឈ្នះ បន្ត​គាំទ្រ​ដល់​អ្នក​ត្រៀម​ប្រកួតនិង​លើកទឹកចិត្ត​ដល់​អ្នក​មិនបាន​ជ័យលាភី​។

​ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ នេះ លោក​បាន​សរសេរ​រៀបរាប់ថា​៖ «​ញើស និង​ឈាម​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​! សម្រាប់​ពួកគាត់ ពិការភាព​មិនមែន ជា​ឧបសគ្គ​! ឧបសគ្គ​ពិត​នោះ គឺ​ការ​ឈរ​ឱបដៃ​មើល រិះគន់ និង​ការ​បណ្តោយ​តាម​ព្រហ្ម​លិខិត​»​។ ការលើកឡើង​ខាងលើនេះ ស្រប​ពេលដែល​ប្រតិភូ​កីឡា​រករ កីឡាការិនី​កម្ពុជា បាន​នឹង​កំពុងតែ​ចូលរួម​ប្រកួត​មិន​រួញរា ប្រឹងប្រែង​អស់​លទ្ធភាពបើ​ទោះ​ពួកគាត់​ស្ថិតក្នុង​ពិការភាពដើម្បី​នាំ​កិត្តិយស​ជូន​ជាតិ មាតុភូមិ​។

 

​អំឡុងពេល​នៃ​ការប្រកួត លោក ហ៊ុន ម៉ា​នី ក៏បាន​បង្ហាញ​នូវ​មោទកភាព​ចំពោះ ក្រុម​កីឡាករ កីឡាការិនី​ជា​ជន​មាន​ពិការភាព ដោយ​លោក​បាន​លើកឡើងថា​៖ «​ពួកគាត់​មាន​ពិការភាព​តែ​អវយវៈ ប៉ុន្តែ​ទឹកចិត្ត​របស់​ពួកគាត់​មិន​ពិការ​ឡើយ​។ ពួកគាត់​នៅពេលនេះ​ជា​តំណាង​ឲ្យ​កម្ពុជា​យើង​! ពួកគាត់​នៅពេលនេះ ជា​មុខមាត់​ជាតិ​យើង​»​។

ជាមួយគ្នា​នោះ​លោក​ក៏បាន​បញ្ជាក់​បន្ថែមថា បើទោះបីជាកីឡាករកីឡាការិនី​ជាស្ថិតក្នុង​ពិការភាព ពួកគាត់​មិនបាន​ដាក់បន្ទុក​នេះ​ឲ្យ​សង្គមជាតិ​ឡើយ​។ទន្ទឹមនេះ​លោក​ក៏​បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​ជន​មាន​ពិការភាពដោយ​លោក​បាន​លើកឡើងថាសម្រាប់​ក្រុម​ជន​ដែលមាន​ពិការភាពការផ្តល់​លទ្ធ ភាព និង​គាំទ្រ​ឲ្យ​បាន​ចូលរួម​ប្រកួត ជាការ​លើកស្ទួយ​នូវ​សិទ្ធិ សេរីភាព សមភាព និង​ការទទួលស្គាល់​នូវ​តម្លៃ​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពេញលេញ​។

​សូម​រម្លឹក​ផងដែរ​ថា សម្រាប់​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​នេះ កម្ពុជា បា​នប​ញ្ចូ​ន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ១៦៦​នាក់ លើ​កីឡា ១១​ប្រភេទ​ចូលរួម​ប្រកួត ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោកហ៊ុន ម៉ា​នី ប្រធាន​ប្រតិភូតំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោហ៊ុន សែន​។ ទន្ទឹមនេះព្រះរាជាណាចក្រ​កម្ពុជានឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ អាស៊ាន​​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី​៕Ph