​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖ ក្រសួង​ការពារជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ការអះអាង​របស់​រុស្ស៊ី​ដែលថា កងកម្លាំង​ខ្លួន​បាន​បំផ្លាញចោល​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​ធុន​ហាយ​ម៉ាស​(HIMARS)​ផលិត​នៅ​អាម៉េរិក​ចំនួន​ប្រាំ​មួយគ្រឿង ចាប់តាំងពី​ជម្លោះ​នៅអ៊ុយ​ក្រែន​ចាប់ផ្តើម​មក​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ីអាំងទែរ​ហ្វាក់ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក​សឺ​ហ្គេ សយ​ហ្គូ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​បាន​បំផ្លាញចោល​ប្រព័ន្ធ​បាញ់​កាំជ្រួច​HIMARS​ចំនួនប្រាំមួយឈុតចាប់តាំងពី​រដ្ឋា​ភិ​​បាល​ទីក្រុង​មូ​ស្គូ បញ្ជូនទាហាន​រាប់ពាន់នាក់​ចូល​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ​។​

​ថុត ប្រ៊ី​ស​ស៊ីល​(Todd Breasseale)​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា​« យើង​បាន​ឮ​ការអះអាង​ទាំងនេះ​ដោយ​រដ្ឋមន្ត្រី សយ​ហ្គូ និង​វា​ជា​ការអះអាង​ក្លែងក្លាយ​។​ទោះ​​ជា​យ៉ាងណា អ្វី​ដែល​កំពុង​កើត​គឺថា អ៊ុយ​ក្រែន​កំពុងប្រើ​សព្វាវុធ​នេះ​ដោយ​មាន​ប្រសិទ្ធភាព​និង​​ត្រង់ៗ​ចំ​គោលដៅល្អ​…»​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​តែង​អះអាង​ថា​កងកម្លាំង​របស់​ខ្លួន​វាយចំ​ប្រព័ន្ធ​កាំ​ជ្រួច​HIMARS តែ​មិន​បាន​បង្ហាញ​ភស្តុតាង​ទេ​។​

​បើ​តាម​លោក​សយ​ហ្គូ រុស្ស៊ី​ក៏​បំផ្លាញ​ប្រព័ន្ធ​បាញ់​កាំជ្រួច​ប្រឆាំង​នាវា​Harpoon​ចំនួន​ប្រាំមួយ​និង​កាំភ្លើង​ធំ M777​ចំនួន​៣៣​ចាប់តាំងពី​ពេល​ចាប់ផ្តើម​សង្គ្រាម​។​

​កងកម្លាំង​អ៊ុយ​ក្រែន​បាន​ទទួល​ប្រព័ន្ធ​រ៉ុក្កែ​ត​HIMARS ជាង​ដប់​គ្រឿង​ពី​អាម៉េរិក​និង​កំពុង​ប្រើ​ពួកវា​យ៉ាង​មាន​ប្រសិទ្ធភាព​

​កាលពី​ថ្ងៃ​អង្គារ​រុស្ស៊ី​ក៏បាន​ចោទប្រកាន់​អាម៉េរិក​ថា​ចូល​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​សង្គ្រាម​នៅ​អ៊ុ​យក្រែន ។​រុស្ស៊ី បាន​និយាយថា​ការចោទប្រកាន់របស់ខ្លួន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​អនប្រធាន​ចារកម្ម​អ៊ុយ​ក្រែនលោក​​វ៉ា​ឌី​ម ស្គី​ប៊ីត​ស្គី​( Vadym Skibitsky)​ដែល​ថា​កងកម្លាំង​អ៊ុយ​ក្រែន​ប្រើ​ប្រព័ន្ធ​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​Himars​វាយ​ចំៗ​គោលដៅ​រុស្ស៊ី​ដោយសារ​តែ​ផ្អែក​លើ​រូបភាព​ផ្កាយរណប​និង​ព័ត៌មាន​លើ​ទីតាំង​​ជាក់ស្តែង​។​

​លោក ស្គី​ប៊ីត​ស្គី បាន​ប្រាប់​កាសែត​Telegraph​របស់​អង់គ្លេស​ថា មាន​ការប្រឹក្សា​យោបល់​រវាង​មន្ត្រី​ចារកម្ម​អាម៉េរិក​និង​អ៊ុយ​ក្រែន​នៅមុន​ការវាយប្រហារ និង​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មាន​សិទ្ធិ​​ជំទាស់​នឹង​គោលដៅ​ត្រូវ​វាយប្រហារ​ណាមួយ​៕

​ទាហាន​អ៊ុយ​ក្រែន​បាញ់​ប្រព័ន្ធ​រ៉ុក្កែត​Grad​នៅ​តំបន់​ខា​គី​វ របស់​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២​សីហា​