ដោយ: ប.ខុន / ភ្នំពេញ: ទឹកបឹងទន្លេសាបនៅថ្ងៃទី៣ខែសីហា បានឡើងដល់កម្រិតកម្ពស់៣,៦២ម៉ែត្រ បន្ទាប់ពីទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ចតុមុខ បានឡើងដល់កម្ពស់៥,១១ម៉ែត្រ។ កម្ពស់ទឹកបឹងទន្លេសាបនៅពេលនេះ គឺជិតប្រហាក់ប្រហែលនឹងកម្ពស់ទឹកមធ្យមច្រើនឆ្នាំមានអំណោយផលល្អដល់មច្ឆាជាតិ និងជីវៈចម្រុះ នៅតំបន់បឹងទន្លេសាប។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣ខែសីហាឆ្នាំ២០២២ថា ទឹកបឹងទន្លេសាបដែលបានងើបឡើងដល់កម្រិតកម្ពស់៣,៦២ម៉ែត្រ គឺជិតប្រហាក់បហែលនឹងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ(៣,៩៩ម៉ែត្រ) ជាកម្ពស់ទឹកមានអំណោយផលល្អដល់ជីវៈចម្រុះនៅតំបន់បឹងទន្លេ ជាពិសេសត្រីដោយសារទឹកឡើងចំពេលត្រី កំពុងពងកូន។
អនុប្រធានអាជ្ញាធរទន្លេសាបរូបនេះបានបញ្ជាក់ថាកម្ពស់ទឹកឡើងដល់កម្រិត៣,៦២ម៉ែត្រនេះបានលិចផ្ទៃដីតំបន់បីទាំងស្រុងហើយបន្តលិចដល់តំបន់ពីរជាលំដាប់ទៀតតែលិចមិនទាន់ជ្រៅទេ ។ ទឹកបឹងទន្លេសាបចាប់ពីពេលនេះទៅងើបឡើងលឿនរាល់ថ្ងៃ ដោយសារតំបន់ផ្ទៃរងទឹកភ្លៀងជុំវិញបឹងទន្លេសាបមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់អស់ហើយ បើមានភ្លៀងធ្លាក់បន្ថែមគឺវាហូរធ្លាក់បឹងទន្លេសាបភ្លាមៗ ជាមួយនឹងទឹកហូរចូលមកពីទន្លេមេគង្គ។
លោកម៉ៅ ហាក់ បាននិយាយឱ្យដឹងផងដែរថាទឹកទន្លេមេគង្គនៅចតុមុខថ្ងៃទី៣ខែសីហានេះមានកម្ពស់៥,១១ម៉ែត្រ ខ្ពស់ជាងថ្ងៃទី០២សីហា០,០២ម៉ែត្រ តែនៅតាមបណ្តាស្ថានីយជលសាស្ត្រមេគង្គលើ បន្តស្រកចុះនៅគ្រប់ស្ថានីយ រួចវានឹងងើបឡើងមកវិញនៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីមានបាតុភូតថ្មីកើតមានហើយមានឥទ្ធិពលទឹកភ្លៀងដល់តំបន់អាងទន្លេមេ គង្គលើ។តាមការតាមដានទឹកទន្លេមេគង្គនៅចតុមុខក្នុងរដូវវស្សាឆ្នាំ២០២២នេះ អាចឡើងដល់កម្រិតកម្ពស់ជាង៩ម៉ែត្រនៅចតុមុខ ដូចក្រសួងបានព្យា ករណ៍កាលពីដើមរដូវវស្សាកន្លងទៅនេះ៕