ដោយ​: បូកគោ / កំពត​: ក្រោម​ហេតុផល​រដ្ឋបាលខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាប់រវល់​ការងារ​រៀងខ្លួន ប្រតិបត្តិ​ការចុះ​កាយ​ដី ដក​ដំណាំ ព្រមទាំង​រុះរើ​សំណង់​បំពាន​ដី​ចំណី​ព្រែក និង​ដី​ព្រែក​ក្នុង​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​ត្រូវបាន​លើក​ពេល​អនុវត្ត​នាពេល​ក្រោយ​។

​លោក​សេង សិរី​បុត្រ អភិបាលរង​ខេត្តកំពត​បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២​ថា ការចុះ​កាយ​អាចម៍ដី ដក​ដើមឈើ ព្រមទាំង​រុះរើ​សំណង់​ផ្សេងៗ​នៅ​លើដី​ចំណី​ព្រែក និង​ព្រែក​ក្នុងភូមិ​កំពង់​កណ្តាល និង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​នោះ​ត្រូវ​លើក​ទៅ​អនុវត្ត​នាពេល​ក្រោយ​ដោយសារ​រដ្ឋបាលខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាប់​ការងារ​មមាញឹក​ខ្លាំង​។ ការចុះទៅ​រុះរើ​នៅ​ទីតាំង​ដែល​រដ្ឋបាល​ស្រុក​ទឹកឈូ​បាន​ជូនដំណឹង​កន្លងទៅនេះ​នឹងធ្វើ​ឡើង​នា​សប្តាហ៍​ក្រោយ​វិញ​។​

​ទោះជា​បែបនេះ​ក្តី លោក​អភិបាលរង​ខេត្ត​មិនបាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​ការចុះអនុវត្ត​នោះ​ឲ្យ​បាន​ច្បាស់​ថា​ថ្ងៃ​ណាមួយ​នៃ​សប្តាហ៍​ក្រោយនេះ​ទេ​។​

​ជុំវិញ​ករណី​ខាងលើ មតិ​ភាគច្រើន​មានការ​សង្ស័យ និង​សម្តែង​ក្តី​ងឿងឆ្ងល់​ជុំវិញ​សេចក្តីជូនដំណឹង​បែប​បន្ទាន់​សម្រាប់​ចុះ​ប្រតិបត្តិ​ការប្រមូល​ទ្រព្យសម្បត្តិ​សាធារណ​:​ពី​បុគ្គល​ឯកជន​មក​ជូន​រដ្ឋ​គ្រប់គ្រង​បែរជា​ពន្យា​ពេល​វិញ​នេះ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ រដ្ឋបាល​ស្រុក​ទឹកឈូ​បានចេញ​សេចក្តីជូនដំណឹង​មាន​ខ្លឹមសារ​ថា​រដ្ឋបាល​ស្រុក​ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង​រួចមកហើយ​ពាក់ព័ន្ធ​ករណី​សាងសង់​ផ្ទះ ធ្វើ​របង សង់​ខ្ចូ​ស ចាក់ដី ដាំ​ដើមឈើ​បំពាន​ចូល​ដី​ចំណី​ព្រែក និង​ព្រែក​ស្ថិតនៅ​ភូមិ​កំពង់​កណ្តាល និង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​ដោយ​តម្រូវឱ្យ​ផ្អាក​រាល់​សកម្មភាព​ទាំងអស់​។ ម្ល៉ោះហើយ នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត រួមទាំង​មន្ត្រី​នៃ​មន្ទីរជំនាញ​ពាក់ព័ន្ធ​នឹង​ចុះ​កាយ​អាចម៍ដី ដក​ដើមឈើ ក៏ដូចជា​សំណង់​ផ្សេងៗ​ដែល​បាន​សង់​ចូល​ដី​ចំណី​ព្រែក និង​ព្រែក​ទាំងនោះ​។ សេចក្តីជូនដំណឹង​បានបញ្ជាក់​ផងដែរ​ថា​នៅមុន​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ បងប្អូន​ប្រជាពលរដ្ឋ​អាច​រុះរើ​ដោយ​ខ្លួនឯងបាន​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​សាង​សង់ផ្ទះ ខ្ចូ​ស របង ចាក់​អាចម៍ដី ដាំ​ដើមឈើ​តាម​ដងព្រែក​ចាប់ពី​ស្ពានថ្ម​កំពង់​ទ្រៀក​រហូតដល់​ទីបញ្ជាកា​រ​កងទ័ពជើងទឹក​ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល និង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​ត្រូវ​អនុវត្តតាម​សេចក្តីជូនដំណឹង​កុំបី​ខាន​។ ក្នុងករណី​មិន​អនុវត្តតាម​ខ្លឹមសារ​ទាំងនេះ​ទេ រដ្ឋបាល​ស្រុក​ទឹកឈូ សហការ​ជាមួយ​រដ្ឋបាលខេត្ត ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ​នឹង​ចុះ​រុះរើ​សំណង់ កាយ​អាចម៍ដី ព្រមទាំង​ដក​ដើមឈើ​ទាំងនោះ​ចេញ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត ទ្រព្យសម្បត្តិរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ឡើយ​។ រីឯ​ការចំណាយ​ក្នុងការ​រុះរើ​ផ្សេងៗ​ជា​បន្ទុក​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​៕​