ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អន្លង់ដ៏ធំសម្បើមមួយ ដែលគេផ្សារភ្ជាប់ទៅនឹងអណ្តូងរ៉ែទង់ដែងមួយនៅភាគខាងជើងប្រទេសស៊ីលី ដែលលេចរូបរាងឡើងកាលពីចុងសប្តាហ៍ត្រូវបានថតក្នុងរូបភាពថ្មីដ៏គួរឱ្យភ្ញាក់ផ្អើល។
អន្លង់ដែលមានផ្ទៃមុខកាត់ ២៥ ម៉ែត្រដ៏អាថ៌កំបាំងនេះបានបង្ហាញខ្លួនកាលពីថ្ងៃសៅរ៍ទី៣០កក្កដានៅក្នុងឃុំធៀរ៉ា អាម៉ារីលឡា (Tierra Amarilla) ក្នុងតំបន់អាតាកាម៉ា (Atacama) នៅជិតអណ្តូងរ៉ែ អាល់កាប៉ារ៉ារ៉ូសា (Alcaparrosa) ដ៏ធំសម្បើម ហើយត្រូវគេគិតថាមានជម្រៅ ២០០ ម៉ែត្រ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីលីបានចេញផ្សាយរូបភាពពីលើអាកាសនៃបាតុភូតចម្លែកនេះ ដែលបានកើតឡើងនៅលើដីដែលដំណើរការដោយក្រុមហ៊ុនអណ្តូងរ៉ែទង់ដែង Lundin Mining របស់កាណាដា ស្ថិតនៅចម្ងាយប្រហែល ៦៨០ គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីសាន់ត្យាហ្គោ (Santiago) ។
អភិបាលតំបន់ លោក គ្រីស្តូបាល់ ហ្ស៊ូនីហ្គា (Cristobal Zuniga) កាលពីថ្ងៃអាទិត្យបានបញ្ជាក់ពីវត្តមានអន្លង់នេះ ដែលមានទីតាំងស្ថិតនៅជាយទីប្រជុំជនអាតាកាម៉ាហើយបាននិយាយអំពីការភ័យខ្លាចរបស់អ្នករស់នៅក្បែរនោះថា ការជីកយករ៉ែច្រើនពេកនៅក្នុងតំបន់នេះអាចនាំឱ្យមានផលវិបាកដ៏មហន្តរាយ។
លោកអភិបាលបាននិយាយថា “កាលពីម្សិលមិញ [ថ្ងៃសៅរ៍ ទី ៣០ខែកក្កដា]យើងបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងអន្លង់ដែលបានកើតឡើងនៅទីនេះនៅក្នុងសហគមន៍របស់យើងនៅជិតអណ្តូងរ៉ែអាល់កាប៉ារ៉ារ៉ូសា”។
“ពួកយើងមានការព្រួយបារម្ភ ដោយសារវាជាការព្រួយបារម្ភដែលយើងតែងតែគិតនៅក្នុងសហគមន៍ ព្រោះយើងត្រូវបានហ៊ុមព័ទ្ធដោយកន្លែងជីករ៉ែ និងការងារក្រោមដីនៅក្រោមសហគមន៍របស់យើង”។
មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេថាតើអន្លង់នេះបណ្តាលមកពីសកម្មភាពពាក់ព័ន្ធនឹងការជីកយករ៉ែឬយ៉ាងណា ប៉ុន្តែមន្ត្រីមូលដ្ឋាននិយាយថា អន្លង់នេះនៅតែបន្តរីកមាឌ៕
អន្លង់ក្នុងទីប្រជុំជនអាតាកាម៉ានៅតែបន្តរីកមាឌ