ដោយៈ គង់​ហេង​/ កំពង់ចាមៈ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ផ្លូវជាតិ​លេខ​៧ ចំនួន បួន គន្លង​ចម្ងាយ​ជាង​៤០ គីឡូម៉ែត្រ​ចាប់ពី​ក្រុង​កំពង់ចាម ឆ្ពោះទៅ​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ នឹង​ចាប់ដំណើរការ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ចុងឆ្នាំ​២០២២​នេះ​។ នេះ​បើតាម​ការ​ថ្លែង​ឱ្យដឹង​របស់លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​សមា​គម​និកាយ​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅ​សាលាខេត្ត​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី​៣ សីហា​នេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថាៈ ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ជា​ជំនួយ​ថវិកា​របស់​ប្រទេស​ចិន គឺ​ក្រៅពី​មាន​ទំហំ​ទទឹង​ចំនួន បួន គន្លង នោះ ក៏​នឹង​បំពាក់​ដោយ​ប្រព័ន្ធ​លូ​ដែលមាន​មុខកាត់ ១,៨ ម៉ែត្រ ជីក​កប់​ចុះក្រោម​ជម្រៅ ពីរ ម៉ែត្រ ពិសេស​នៅ​តំបន់​ទីប្រជុំជន​ជាប់​ផ្លូវ​នេះ​។

​លោក​បាន​បន្ថែមថាៈ បញ្ហា​នេះ​រដ្ឋបាល​ខេត្តកំពង់ចាម​បានធ្វើ​សំណើ​ដាក់ជូន​លោក ស៊ុន ចាន់ថុល ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ហើយ​លោក​រដ្ឋមន្ត្រី​បាន​បង្គាប់​ឱ្យ​ខាង​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ស្ថាបនា​ផ្លូវ​នេះ រៀបចំ​កិច្ចសន្យា​បំពេញ​បន្ថែមទៀត ក្នុង​ការរៀបចំ​ប្រព័ន្ធ​លូ គឺ​នៅពេលដែល​ផ្លូវជាតិ​លេខ​៧ បាន​សាងសង់ ប្រព័ន្ធ​លូ​នេះ​ក៏​ត្រូវធ្វើ​ជាមួយគ្នា និង​ក្នុង​កម្រិត​ដែល​បាន​ពិភាក្សាគ្នា​។ លោក​បាន​បន្តថាៈ បើ​គ្មានអ្វី​ប្រែប្រួល​ទេ នៅ​ចុងឆ្នាំ​២០២២ ខាងមុខនេះ​នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវការ ក្រោម​វត្តមាន​ដ៏​ខ្ព​ង​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​