ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្តីបារម្ភធំៗត្រូវបានបញ្ឆេះនៅក្នុងឧស្សាហកម្មបច្ចេកវិជ្ជាជុំវិញការផ្គត់ផ្គង់ ប្រសិនបើចិនឈ្លានពានតៃវ៉ាន់ចំពេលមានភាពតានតឹងកើនឡើងរវាងភាគីទាំងពីរ។
ក្រុមអ្នកជំនាញបាននិយាយថា រោងចក្រផលិតបន្ទះឈីបទំនើបបំផុតនៅលើពិភពលោកនៅលើកោះនេះ នឹងត្រូវចាត់ទុកថា “មិនអាចដំណើរការបាន”ដែលធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ដែលបណ្តាលឱ្យមានការខ្វះខាតស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍ចាប់សញ្ញាលើហ្វ្រាំងរថយន្ត (Brake Sensor)។
ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីចិនកុំឱ្យធ្វើដូច្នេះក្តី ដោយអះអាងថា វាជាការរំលោភលើ “គោលការណ៍ចិនតែមួយ”។
លោកស្រីបានទៅដល់ទីក្រុងតៃប៉ិកាលពីយប់ថ្ងៃទី២សីហា ហើយត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេស យ៉ូសេប វូ (Joseph Wu)មុនពេលក្រសួងការបរទេសចិនបញ្ចេញប្រតិកម្មភ្លាមៗដោយហៅវាថាជាការមិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំទាស់ដ៏ខ្លាំងក្លារបស់ចិន។
ក្រុមហ៊ុនផលិតបន្ទះឈីបសំរាប់ Apple គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) បានព្រមានថា សង្គ្រាមរវាងតៃវ៉ាន់និងចិននឹងធ្វើឱ្យ”ចាញ់ទាំងអស់គ្នា” ដោយបង្កឱ្យមានចលាចលផ្នែកសេដ្ឋកិច្ច។
ប្រធានក្រុមហ៊ុន TSMC លោក ម៉ាក លីវ (Mark Liu) បាននិយាយនៅដើមសប្តាហ៍នេះថា រោងចក្រផលិតបន្ទះឈីបរបស់ខ្លួន ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំបំផុតរបស់ពិភពលោក នឹងមិនអាចដំណើរការបានទេ ប្រសិនបើចិនឈ្លានពាន។
លោកបានប្រាប់ CNN ថា “គ្មាននរណាម្នាក់អាចគ្រប់គ្រងក្រុមហ៊ុន TSMC ដោយកម្លាំងបានទេ។ ប្រសិនបើអ្នកប្រើកម្លាំងយោធាឬការលុកលុយ អ្នកនឹងធ្វើឱ្យរោងចក្រ TSMCមិនអាចដំណើរការបានទេ”។
“ដោយសារតែនេះគឺជារោងចក្រផលិតដ៏ទំនើបបំផុតមួយ វាគឺអាស្រ័យទៅលើការតភ្ជាប់គ្នាទាន់ពេលជាក់ស្តែងជាមួយពិភពខាងក្រៅ ជាមួយអឺរ៉ុប ជាមួយជប៉ុន ជាមួយសហរដ្ឋអាម៉េរិករាប់ចាប់ពីវត្ថុធាតុដើមរហូតដល់សារធាតុគីមីរហូតដល់គ្រឿងបន្លាស់រហូតដល់កម្មវិធីវិស្វកម្មនិងការធ្វើរោគវិនិច្ឆ័យ”។
លោកបានជំរុញឱ្យប៉េកាំងគិតពីរដងមុនពេលធ្វើសកម្មភាពណាមួយ ពីព្រោះប្រទេសចិនមានចំណែក ១០ ភាគរយនៃអាជីវកម្មរបស់ក្រុមហ៊ុន TSMC ។
លោកលីវបានសង្កត់ធ្ងន់ថា វានឹងបង្កឱ្យមានវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ ដែលនឹងលាតសន្ធឹងដល់សហរដ្ឋអាម៉េរិក ដែលកាលពីខែមុនបានអនុម័តច្បាប់មួយដើម្បីព្យាយាមប៉ះប៉ូវកង្វះខាតបន្ទះឈីប។
តៃវ៉ាន់បានផលិតបន្ទះឈីបជាង ៦០ ភាគរយនៅលើពិភពលោកកាលពីឆ្នាំមុន ដោយលោកលីវជំរុញឱ្យភាគីទាំងអស់គិតអំពីវិធីដើម្បីបញ្ចៀសសង្គ្រាម ដូច្នេះ”ទើបម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកអាចបន្តដំណើរការបាន”។
លោកបានបន្ថែមថា មេរៀនពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនគួរតែត្រូវបានរៀនសូត្រ ព្រោះសង្គ្រាមនៅទីនោះបានបង្កើតស្ថានភាព “ចាញ់ ចាញ់” សម្រាប់លោកខាងលិចក៏ដូចជារុស្ស៊ីនិងអ៊ុយក្រែន៕
តៃវ៉ាន់ផលិតបន្ទះឈីបជាង ៦០ ភាគរយលើពិភពលោក