ដោយ​: ភ្នំ​សន្ទុក​/​កំពង់ធំ​: លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ជំរុញ​ដល់​អាជ្ញាធរ​មូល​រដ្ឋា​ន រួមជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ ខិតខំ​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ ដើម្បី​កំណត់​អត្តសញ្ញាណ​ដី ជុំវិញ​បឹង​ទន្លេសាប ដោយ​ភ្ជាប់​ជាមួយ​ផែនទី​គោល​នៅក្នុង​ឆ្នាំ​នីមួយៗ ដែល​ប្រជាពលរដ្ឋ​បានរស់នៅ និង​អាស្រ័យ​ផល​នាពេល​កន្លងមក ឲ្យ​ស្របទៅនឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើការ​កែសម្រួល​ទិន្ន័យ​ឲ្យ​បានច្បាស់លាស់ ក្នុងការ​រៀបចំ​សំណើ​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាត់​ឆ្វៀល​ដី​ជុំវិញ​បឹង​ទន្លេសាប​នេះ ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទទួលបាន​នូវ​សិទ្ធិ​បន្ថែម​ក្នុងការ​កាន់កាប់ ការ​អាស្រ័យ​ផល ប្រកប​ដោយមាន​ទំនុកចិត្ត និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។​

​ការលើកឡើង​នេះ ត្រូវបាន​ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការ​កាត់​ឆ្វៀល​ដី​តំបន់​ជុំវិញ​បឹង​ទន្លេសាប នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​លោក​អភិបាលស្រុក​ក្រុង មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនរូប ។​

​លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ព្រមទាំង​អាស្រ័យ​ផល​ដី​តំបន់​៣ ដី​តំបន់​២ ដើម្បី​រៀបចំ​ឆ្វៀល​ដីជូ​ន​គាត់​អោយបាន​ទាន់ពេលវេលា​។​

​លោក​ងូ​ន រតនៈ អភិបាលខេត្ត​កំពង់ធំ​បាន​បញ្ជាក់ថា ចំពោះ​ដី​នៅក្នុង​តំបន់​៣ និង​តំបន់​២ ដែល​ជាប់​មាត់បឹង ស្ទឹង ផ្លូវ ត្រូវ​កំណត់​ព្រំ​ឲ្យ​បានច្បាស់លាស់ ចំពោះ​ដី​ដែលមាន​ព្រៃ គឺ​មិន​អនុញ្ញាតិ​ឲ្យ​ឈូសឆាយ​ពង្រីក​បន្ថែមទៀត​នោះទេ បើ​មានការ​បុគ្គល​ណា​ម្នាក់ ឬក៏​មន្ត្រីរាជការ រូប​ណា​ហ៊ាន​ប្រព្រឹត្ត ឬ​ឃុបឃិត គឺ​មិន​ទុក​ឡើយ មាន​ចាត់ការ​តាម​និតិ​វី​ធី​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ជា​ធរមាន​៕​