​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាម៉េរិ​ក​ទៅកាន់​កោះ​តៃវ៉ាន់ នឹង​រំលោភ​«​គោលការណ៍​ចិន​មួយ​»​ហើយ​​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ចិន​-​អាម៉េរិក​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​និយាយ​នៅក្រៅ​ជំនួប​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ថា «​វា​ជា​ការ​លេងសើច ជា​ត្លុក​ល្ខោន​ទាំងស្រុង​មួយ​។​អាម៉េរិក​កំពុង​រំលោភ​អធិបតេយ្យភាព​​របស់​ចិន​ក្រោមលេស​អ្វីដែល​ហៅថា​”​លទ្ធិប្រជាធិបតេយ្យ​”…​អ្នក​ដែល​រំលោភ​ចិន​នឹង​ទទួល​ការពិន័យ​»​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី

​លោក​វ៉ាង​ក៏ បាន​និយាយថា ការ​បង្រួប​បង្រួប​ចិន​និង​តៃវ៉ាន់​ទាំងស្រុង​គឺ​ជា​«​និន្នាការ​ទូទៅ​មួយ និង​ជា​ការជៀស​មិន​ផុត​ជា​ប្រវត្តិសាស្ត្រ​»​។​

​បន្ថែម​លើ​នេះ អ្នកការទូត​កំពូល​ចិន​បាន​ព្រមាន​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​«​នឹង​មិន​ទុក​ឳ​កាស​អោយកម្លាំង​គាំទ្រ​ឯករាជ្យ​តៃវ៉ាន់ ឬ​ការជ្រៀតជ្រែក​មកពី​ខាងក្រៅ​​ឡើយ​​​ការប៉ុនប៉ង​ប្រើប្រាស់​តៃវ៉ាន់​ដើម្បី​ទប់​ការអភិវឌ្ឍ​ចិន​មិនអោយ​ងើប​រួច​មុខ​ជា​បរាជ័យ ។​អាម៉េរិក​មិនគួរ​មាន​ការភាន់ច្រឡំ​ណា​ម​មួយ​អំពី​ការបំផ្លាញ​ការអភិវឌ្ឍ​និង​ភាព​នៅ​គង់វង្ស​របស់​ចិន​ឡើយ​»​។​

​បើ​តាម​លោក​វ៉ាង អាម៉េរិក​និង​គណបក្សកាន់អំណាច​នៅ​តៃវ៉ាន់​បាន​ក្លាយជា​អ្នក​បង្កជម្លោះ​មួ​យ​និង​បំផ្លាញ​សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ការលើកឡើង​របស់​លោក​វ៉ាង កើត​ឡើង​បន្ទាប់ពី​ប្រធានសភា​អាម៉េរិក លោកស្រី​ណាន់ស៊ី ផេ​ឡូ​ស៊ី ជួប​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ក្រុង​តៃប៉ិ និង​បញ្ជាក់​ថា​គោលបំណង​នៃ​ដំណើរ​របស់​លោកស្រី​មក​កាន់​កោះ​នេះ​គឺ​​ដើម្បី​«​បញ្ជាក់​អោយ​ច្បាស់​ថា យើង អាម៉េរិក នឹងមិន​បោះបង់​ការប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះតៃ​វ៉ាន់ឡើយ​។​សាមគ្កីភាព​របស់​អាម៉េរិក​ជាមួយ​តៃ​វ៉ាន់មាន​សារសំខាន់​ណាស់ នេះ​ជា​សារ​ដែល​យើង​នាំមក​​កាន់​ទី​នេះ នៅថ្ងៃនេះ​»៕

​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និយាយ​ក្នុងអំឡុង​ជំនួប​ជាមួយប្រ​ធានា​ធិបតៃ​វ៉ាន់​នៅក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​ពុធ