ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អភិបាលរង​រាជធានី​ភ្នំពេញ ជំ​រុញឱ្យ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​រាជធានី​ភ្នំពេញ​ព​ន្លឿ​ន​ការស្ដារ​ប្រឡាយ​បឹងត្របែក​អោយបាន​លឿន ដើម្បី​បើកទឹក​ហូរ​ឲ្យ​បាន​លឿន ទៅដល់​ស្ថានីយ​បឹងត្របែក ដើម្បីអោយ​ស្ថានីយ​នេះ អាច​បូមទឹក​ចេញ​បាន​ឆាប់រហ័ស កាត់បន្ថយ​បាន​នូវ​ការលិចលង់​លំនៅដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​រដូវ​វស្សា​នេះ​។​

​ការជំរុញ​របស់លោក ស៊ុយ សេ​រិ​ទ្ធ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ២០២២​នេះ ខណៈដែល​លោក អាំង សិរី​ពិសិដ្ឋ អភិបាលរង​ខណ្ឌចំការមន ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​ការស្ដារ​បឹងត្របែក ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​មួយ​គីឡូម៉ែត្រ ចាប់ពី​ប្រឡាយ​បឹងត្របែក​ដល់​ស្ថានីយ​បឹងត្របែក​ផ្លូវ​២៧១​។​

​នៅក្នុង​ឱកាស​នៃ​ការចុះពិនិត្យ​នោះ លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ក្រុមការងារ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​ដូច​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​រាជធានី​ភ្នំពេញ កាយ​ល្បាប់​ភក់ និង​ស្មៅ ដែលជា​រនាំង​ឃាំង​ទឹក ក្នុង​អាង​ស្តុក​ទឹក​បឹងត្របែក​នេះ​អោយ​ជ្រៅ ពោលគឺ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ទឹក​អាច​ហូរ​បាន​លឿន​ទៅដល់​មុខ​ស្ថានីយ ដែល​អាចអោយ​ស្ថានីយ​បឹងត្របែក អាចមាន​សមត្ថភាព បូមទឹក​បាន​លឿន កាត់បន្ថយ​បាន​នូវ​ការលិចលង់​លំនៅដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​រដូវ​វស្សា​នេះ​។​

​គួរ​បញ្ជាក់ថា ប្រឡាយ​បឹងត្របែក​ដែល​ត្រូវ​ស្តារឡើងវិញ មានការ​ចាក់​ទំនប់​តាម​មាត់​ប្រឡាយ​ទទឹង​១០​ម៉ែត្រ និង​បណ្តោយ​មាន​ប្រវែង​ជាង​៨២៧ ម៉ែត្រ​ជា​គំរោង​ទំនប់​ជាប់​នឹង​ប្រឡាយ​នេះ គ្រោង​នឹង​ចាក់​បេតុង ដើម្បី​ធ្វើជា​ផ្លូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន ហើយក៏​ជា​ផ្លូវ​មួយ ដើម្បី​ងាយស្រួល​ដាក់​គ្រឿងចក្រ​ធ្វើការ​ស្តារ​ប្រឡាយ​បឹងត្របែក​ជាប្រចាំ​ផងដែរ ។ បន្ថែម​ពីលើ​នេះ​ទៀត ក្រោយពី​ការកាយ​ប្រឡាយ និង​ស្ដារ​ប្រឡាយ​នេះ អោយ​ជ្រៅ ដើម្បី​ស្តុក​ទឹក ងាយស្រួល​ឱ្យមាន​លំហូរ​ទឹកបាន​ល្អ ដើម្បី​ម៉ា​ស៊ិន​បូម​បាន​ផងដែរ ហើយ​ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​បុក​ស៊ី​ផាវ នៅតាម​ជញ្ជាំង​ប្រឡាយ​បឹងត្របែក​នេះ​ផងដែរ​៕​