ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​មក​ដល់​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ ទី​៣ សីហា​ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​របប​យោធា​ដែល​ជា​ទីសំចត​តាម​ផ្លូវ​របស់​គាត់​ឆ្ពោះ​​ទៅ​កិច្ចប្រជុំ​ថ្នាក់​តំបន់ ដែល​បាន​ពង្រើយកន្តើយ​នឹង​ពួកយោធា​ជុំវិញ​ការបដិសេធរ​បស់ខ្លួន​ក្នុង​ការបញ្ឈប់​ការបង្ក្រាប​យ៉ាង​បង្ហូរឈាម​លើ​អ្នកប្រឆាំង​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅលើ Twitter ថា លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​ទៅ​ដល់​រដ្ឋធានី​ណៃ​ពិដោ សម្រាប់​”​ដំណើរ​ទស្សនកិច្ច​ការ​ងារ​”​។​

​លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​របស់​របប​យោធា និង “​ថ្នាក់ដឹកនាំ​មី​យ៉ាន់​ម៉ា​” នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ដែល​បាន​ចេញផ្សាយ​មុន​ដំណើរ​ទស្សនកិច្ច​នេះ​។​

​របប​យោធា​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកការទូត​កំពូល​នៃ​សម្ពន្ធមិត្ត​ដ៏​សំខាន់​និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​របស់​ខ្លួន​នោះ​ទេ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ឡាវ​រ៉ូវ​ធ្វើឡើង​បន្ទាប់​ពី​របប​យោធា​បាន​បង្ក​ឱ្យ​មាន​កំហឹង​ជា​អន្តរជាតិ​ជា​ថ្មី​កាលពី​សប្តាហ៍​មុន នៅពេល​ដែល​ខ្លួន​ប្រកាសថា ខ្លួន​បាន​ប្រហារជីវិត​អ្នកទោស​ចំនួន​បួន​នាក់ រួម​ទាំង​អតីត​សមាជិក​សភា​និង​សកម្មជន​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ការប្រើប្រាស់​ទោស​ប្រហារជីវិត​លើកដំបូង​របស់​ប្រទេស​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​

​លោក​គ្រោង​នឹង​ធ្វើដំណើរ​ទៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) នៅ​កម្ពុជា​ដែល​ក្នុងនោះ​អ្នកការទូត​កំពូល​របស់​របប​យោធា​ត្រូវបាន​ដកចេញ​ជុំវិញ​​ការបដិសេធ​របស់​ខ្លួន​មិន​ចូលរួម​ក្នុង​កិច្ច​សន្ទនា​ជាមួយ​គូប្រជែង​នយោបាយ​របស់​ខ្លួន​៕

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ