ដោយ: សុផល / ភ្នំពេញ: ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលនឹងរៀបចំ“ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់មិត្តភាពតារាវ័យចំណាស់មេគង្គ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប។
ព្រឹត្តិការណ៍កីឡានេះ មានការចូលរួមពីកីឡាករវ័យចំណាស់កម្ពុជាចំនួន ២១នាក់ កីឡាករវ័យចំណាស់ថៃ ឡាវចំនួន ១១០ នាក់ និងកីឡាករវ័យ ចំណាស់វៀតណាមចំនួន ២០នាក់។
ប្រភពក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណង ពង្រីកនូវផលិតផលទេសចរណ៏សំបូរបែបតាមរយៈព្រឹត្តិការណ៍ កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ផ្សព្វផ្សាយសក្តានុពល ទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៏ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេស ចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួត កីឡាSEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ក្រសួងទេសចរណ៍ សូមគោរពអញ្ជើញមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង អ្នកស្នេហាវិស័យកីឡាក្នុងខេត្តសៀមរាប រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមទស្សនាដោយសេរីឱ្យបានច្រើនកុះករ៕