ដោយៈ សុផល / សៀមរាប៖ ក្រសួងទេសចេណ៍ បានឱ្យដឹងថាៈ តំបន់ទេសចរណ៍ ចុងឃ្នៀស គឺជាគោលដៅទេសចរណ៍ដ៏ចម្បងមួយ នៅក្នុងខេត្តសៀមរាប ដែលជាច្រកទស្សនាមួយ ក្នុងចំណោមច្រកទាំង ៤ សម្រាប់ឱ្យភ្ញៀវទេសចរ ធ្វើដំណើរទៅលេង បឹងទន្លេសាប សត្វស្លាប មច្ឆជាតិ ព្រៃលិចទឹក ផ្ទះបណ្ដែតទឹក និងជីវភាព របស់ប្រជានេសាទ ព្រមទាំងទេសភាព បរិស្ថាន នាបឹងដ៏ធំជាងគេ នៅអាស៊ីអាគ្នេយ៍មួយនេះ ។
តំបន់ទេសចរណ៍ ចុងឃ្នៀសមានទីតាំងស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយធ្វើដំណើរចេញពីក្រុងសៀមរាប ទៅទិសខាងត្បូង ប្រមាណ ២០ គីឡូម៉ែត្រ ពោលគឺ តាមបណ្ដោយដងស្ទឹងសៀមរាប ឆ្ពោះទៅភ្នំក្រោម ។ ក្រៅពីសហគមន៍ ទេសចរណ៍ចុងឃ្នៀស ច្រកទៅទស្សនាបឹងទន្លេសាប ក៏នៅមានសហគមន៍ទេសចរណ៍ កំពង់ភ្លុក សហគមន៍ទេសចរណ៍ បឹងពារាំង និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ។
បច្ចុប្បន្ន នៅតំបន់ទេសចរណ៍ ចុងឃ្នៀសនេះ ត្រូវបានរាជរដ្ឋាភិបាល ចាត់ឱ្យបន្តអភិវឌ្ឍន៍ កំពង់ផែទេសចរណ៍ ឱ្យស្របតាមស្តង់ដា និងត្រូវសិក្សារៀបចំប្លង់ និងផែនការអភិវឌ្ឍន៍កំពង់ ផែ ចុងឃ្នៀស សម្រាប់រយៈពេលខ្លី មធ្យម និង វែង ។
ដើម្បីចូលរួមអនុវត្តតាមផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ២០២១-២០៣៥ នារសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរទេសចរណ៍ ខេត្ត ប្រធានគ្រឹះស្ថានអង្គរ មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ បានអញ្ជើញ មកស្ដាប់នូវតម្រូវការ និងសំណូមរបស់ប្រជាជន នៅតំបន់នោះ និងបានណែនាំឱ្យមន្ត្រី ពាក់ព័ន្ធលើកយកបញ្ហា តម្រូវការ និងសំណូមពរ របស់ប្រជាជន ដើម្បីបើកកិច្ចប្រជុំពិភាក្សា បន្តដោះស្រាយជូនប្រជាជន ។
លោក ថោង ខុន បានលើកទឹកចិត្តឱ្យអ្នកបើកកាណូត ជូនភ្ញៀវ និងមន្ត្រីនៃគ្រឹះស្ថានអង្គរ ត្រូវបង្កើនការរៀបចំ ឱ្យមានភាពស្អាត អនាម័យ ទុកដាក់សំរាម ឱ្យបានល្អ ពិសេសត្រូវមាន បដិសណ្ឋារកិច្ចល្អ ជូនភ្ញៀវ រួមគ្នាកែលម្អនូវអ្វីដែលជាចំណុចខ្វះចន្លោះ ។ ក្រៅពីនេះ លោក រដ្ឋមន្ត្រី ក៏បានជំរុញឱ្យបង្កើនការការពារ សុវត្ថិភាព ជូនភ្ញៀវទេសចរ រាល់ពេលធ្វើដំណើរ ទៅទស្សនា កុំឱ្យមានគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរដាច់ខាត ត្រូវគិតពីសុវត្ថិភាពជាចម្បង ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឱ្យដឹងបន្ថែមថាៈ ក្នុងនាមអាជ្ញាធរដែនដី រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំឱ្យមានកិច្ចប្រជុំជាបន្ទាន់ ជាមួយតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមជាមួយតំណាងប្រជាពលរដ្ឋផងដែរ ដើម្បីពិភាក្សា ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ នៅតំបន់ទេសចរណ៍ ចុងឃ្នៀស ឱ្យស្របទៅតាមគោលនយោបាយជាតិ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ នៅក្នុងខេត្ត ក៏ដូចជា តំបន់ចុងឃ្នៀស បង្កើនភាព ទាក់ទាញភ្ញៀវទេសចរ ឱ្យទៅលេងបឹងទន្លេសាប ។
លោក អភិបាលរងខេត្ត បានបន្តថាៈ ខណៈដែលវិបត្តិកូវីដ ១៩ ស្ថិតក្នុងស្ថានភាពគ្រប់គ្រង បានយ៉ាងល្អនេះ ការលើកស្ទួយវិស័យទេសចរណ៍ គឺជាការងារដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ច ក្នុងខេត្តសៀមរាប និងជីវភាពរបស់ប្រជាជនក្នុងខេត្ត ។
លោក អ៊ឹង គឹមលាង ក៏នឹងពិនិត្យការងារ ជាមួយក្រុមហ៊ុនប្រមូលសំរាម ឡើងវិញ ដើម្បី បង្កើនការយកចិត្តទុកដាក់ ក្នុងការប្រមូលសំរាម ពីតំបន់ចុងឃ្នៀសនេះ រួមចំណែកធ្វើឱ្យមាន ភាពស្អាត ក្នុងតំបន់ទេសចរណ៍ នាបឹងទន្លេសាបមួយនេះ ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានផ្ដល់អនុសាសន៍ ជំរុញឱ្យបង្កើនការទាក់ទាញទេសចរផ្ទៃក្នុង និងទេសចរ មកពីប្រទេសជិតខាង និងក្នុងតំបន់ ពីព្រោះ ក្នុងដំណាក់កាលកូវីដ ១៩ នេះ មានតែភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរ មកពី ប្រទេសជិតខាងទេ ដែលមានលទ្ធភាពច្រើន ក្នុងការមកទស្សនាកម្ពុជា នាំមកនូវប្រាក់ ចំណូលខ្លះៗ ជូនប្រជាជនឡើងវិញ ៕/V