ដោយៈ មុនី​រត្ន / ភ្នំពេញៈ កងទ័ព​កម្ពុជា ឡាវ និង វៀតណាម កម្ពុជា គ្រោង​នឹង​បើក​ធ្វើ សមយុទ្ធ​រួមគ្នា​មួយ ស្ដីពី​សកម្មភាព​សង្គ្រោះ គ្រោះមហន្តរាយ សំរាប់​ប្រទេស​ទាំងបី ដែលមាន​ភាគី​កងទ័ព​ឡាវ ធ្វើជា​ម្ចាស់ផ្ទះ នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០២២ នេះ នៅលើ​ទឹកដី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បី​ត្រៀមលក្ខណ​:​សម្បត្តិ ទាំង​កម្លាំង និង​មធ្យោបាយ​សម្ភារៈ ឧបករណ៍​សង្គ្រោះបន្ទាន់ សំរាប់​ការឆ្លើយតប​ប​ន្ទា​ន់​ណាមួយ គ្រប់​ឧបទ្ទវហេតុ នៃ​គ្រោះមហន្តរាយ​ទាំងឡាយ ដែល​កើតមានឡើង ដោយ​យថាហេតុ ជាមុន និង​ដោះស្រាយ រាល់​បញ្ហា​ប្រឈម​ទាំងឡាយ ដែល​កើតមានឡើង​ក្នុង​តំបន់ និង​ប្រទេស​នីមួយៗ បាន​ទាន់ពេលវេលា ។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង ដែលជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល ការត្រៀម រៀបចំ ឆ្លេ​ី​យ​យ​តប​សង្គ្រោះបន្ទាន់ និង​ស្ដារឡើងវិញ​របស់ ក្រសួងការពារជាតិ​ក​ម្ពុ​ជា នៅក្នុង​កិច្ចប្រជុំ​របស់ ក្រុមការងារ​សម្របសម្រួល ការត្រៀម​រៀបចំ​ឆ្លើយតប​សង្គ្រោះបន្ទាន់ និង​ស្ដារឡើងវិញ របស់​ក្រសួងការពារជាតិ​កម្ពុ​ជា កាលពី​ព្រឹក​ថ្ងៃទី ៣ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ នៃ​ទីស្ដីការក្រសួង​ការពារជាតិ ក្នុង​រាជធានី​ភ្នំពេញ ។

​ក្នុង​កិច្ចប្រជុំ​នោះដែរ គេ​ក៏​សង្កេតឃើញ​មាន​វត្តមាន នៃ​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម អស់លោក ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ជំនាញ មកពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ មេបញ្ជាការរង កងទ័ព​ទាំង បី​ប្រភេទ និង​នាយទាហាន មកពី​ស្ថាប័ន​ជំនាញ ដែលជា​សមាជិក ក្រុមការងារ​សម្រប សម្រួល ការត្រៀម​រៀបចំ​ឆ្លើយតប​សង្គ្រោះ​ន្ទា​ន់ និង​ស្ដារឡើងវិញ​គ្រោះមហន្តរាយ ក្នុង​ក្រសួងការពារជាតិ​កម្ពុ​ជា ជាច្រើនរូប ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ាង ធា​រ៉ូ​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានបញ្ជាក់​ថាៈ តប​តាម​ការអញ្ជើញ​របស់ ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដល់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចាត់​បញ្ជូន​កម្លាំង​ជំនាញ នៃ​ក្រុមការងារ​សម្របសម្រួល ការត្រៀម​រៀបចំ ឆ្លើយតប​សង្គ្រោះបន្ទាន់ និង​ស្ដារឡើងវិញ ក្រសួងការពារជាតិ​ក​ម្ពុ​ជា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព ធ្វើ​សមយុទ្ធ​សង្គ្រោះ​គ្រោះមហន្តរាយ ក្នុង​តំបន់​នៃ​ប្រទេស​ទាំងបី ឡាវ វៀតណាម និង​កម្ពុជា ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២ នៅលើ​ទឹកដី​នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​ភាគី​កងទ័ព​ឡាវ ជា​អ្នករៀបចំ និង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​សមយុទ្ធ​នេះ ។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះដែរ កងទ័ព​កម្ពុជា បានគ្រោង​រៀបចំ​សម្ភារៈ ឧបករណ៍​សង្គ្រោះបន្ទាន់ នឹង​ចាត់​បញ្ជូន​កម្លាំង​កងទ័ព​ជំនាញ​របស់ខ្លួន ដែល​ធ្លាប់មាន​បទពិសោធន៍ ក្នុង​ការធ្វើសកម្មភាព សង្គ្រោះ​គ្រោះមហន្តរាយ គ្រប់​ឧបទ្ទវហេតុ ដូចជា កម្លាំង​ជំនាញ ដែលមាន​បទពិសោធន៍ ក្នុងការ​ជួយសង្គ្រោះ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ កងកម្លាំង​ដែលមាន​បទពិសោធន៍ ក្នុង​សកម្មភាព​ជួយសង្គ្រោះ ការ​រលំ​បាក់​អាគារ​ខ្ពស់ៗ កងកម្លាំង​ជំនាញ ដែលមាន​បទពិសោធន៍ ក្នុងការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ជាដើម ចំនួន ៤០ រូប រួម​និង​សម្ភារៈ ឧបករណ៍​សង្គ្រោះបន្ទាន់ មួយចំនួនធំ តប​តាម​ការអញ្ជើញ​របស់ ភាគពី​កងទ័ព​ប្រជាជន​ឡាវ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សមយុទ្ធ​នេះ ៕/V​