​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ជំរុញ​ដល់ មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក និង​មណ្ឌល​សុខភាព ទូទាំង​ខេត្ត ពង្រឹង​ផែនការ លើ​កិច្ច​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឱ្យបាន​ច្បាស់លាស់​។​

​ការ​ថ្លែង​ជំរុញ​បែបនេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ និង​រៀបចំ​ផែនការ ជំរុញ​ការងារ​ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​របស់លោក​ប្រធាន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​អន្តរ​វិស័យ មន្ទីរ​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ត្រី​សុខាភិបាល និង​ក្រុមគ្រូពេទ្យ មកពី​មណ្ឌល​សុខភាព ក្នុង​ខេត្ត ។​

​លោក​អភិបាលរង​ខេត្ត​រូបនេះ បាន​ថ្លែងបន្តថាៈ ដើម្បីឱ្យ​ដំណើរ​លើ​កិច្ច​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ម៉ត់ចត់ ក្នុងការ​ចាត់ចែង​ធ្វើ​ផែនការ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​ផ្អែកលើ​ចំនួន ដែល​បានធ្វើ​បច្ចុប្បន្ន​ភាពជាក់ស្តែង ដើម្បី​ចាត់ចែង​ចុះ​ចាក់​ផ្ទាល់ ដល់ទី​តាំង​កំណត់ ទីតាំង​ជាក់លាក់ ដោយ​ពង្រាយ​ក្រុមគ្រូពេទ្យ ដល់​ភូមិ ឃុំ រួមទាំង​ការផ្តល់សេវា​ចាក់​វ៉ាក់សាំង ទាំង​ថ្ងៃ​សៅរ៍ និង​អាទិត្យ រួម​នឹង​ថ្ងៃបុណ្យ​នានា គោលដៅ​សំខាន់ មាន​រោងចក្រ​សហគ្រាស គ្រឹះស្ថាន​បណ្តុះបណ្តាល និង​ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ផ្សារ កម្មករសំណង់ អ្នកបម្រើ​ការ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ កន្លែង​កម្សាន្ត​សប្បាយ កន្លែង​ស្នាក់នៅ និង​កន្លែងធ្វើការ​ប្រមូល​ផ្ដុំ ។​ល​។

​លោក​អភិបាលរង​ខេត្ត​រូបនេះ បាន​ជំរុញ​បន្ថែម ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ត្រូវ​បន្ត​ផ្សព្វផ្សាយ អប់រំ​ណែរ​នាំ​ប្រជាជន នៅតាម​មូលដ្ឋាន ឱ្យបាន​យល់ដឹង ពី​សារៈសំខាន់ នៃ​ការ​មក​ទ​ទូល​យក ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដូ​ស​ទី​៣ ដូ​ស​ទី​៤ និង​ដូ​ស​ទី​៥ ដើម្បី​ជំរុញ​ការងារ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ឱ្យមាន​កំណើន​បន្ត​ភាព​សុ​ា ំ​របស់​បុគ្គល និង​ភាព​សុ​ាំ​របស់​សហគមន៍ ឱ្យបាន​រឹងមាំ សំដៅ​ធានាបាន​និរន្តរភាព នៃ​ការបើក​ដំណើរការ សេដ្ឋកិច្ច និង​សង្គមជាតិ ក្នុងការ​រស់នៅ​ធម្មតា តាមបែប​ប្រក្រតីភាព​ថ្មី ៕/V​