ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថាៈ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង នៅថ្ងៃទី៣ ខែសីហា នេះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅចំ ណុចមេទឹកពាមឆ្កោក ដល់ខ្វែងឆ្លុះ ស្រុកជលគីរី ដោយប្រើប្រាស់កម្លាំងសរុប ១១នាក់ មានកាណូតបាឡាស្មាច់ ៣ គ្រឿង ។
លោកបានបញ្ជាក់ពីលទ្ធផលនៃការបង្ក្រាប ឱ្យដឹងថាៈ លទ្ធផលគឺបានរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង ចំនួន ១១ កន្លែង ប្រវែង ៨០០ ម៉ែត្រ, លបលូស្បៃមុង ចំនួន ១២មាត់, បង្គោលចំនួន ២០០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ចូលក្នុងទន្លេវិញ ។
ដោយឡែក សមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងសង្កាត់រដ្ឋបាលជលផលចុងកោះ បានសហការជាមួយអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងប្រជាពលរដ្ឋ ៦ គ្រួសារ មកស្នាក់នៅចំណុចទួលអំពិល សង្កាត់កំពង់ឆ្នាំង ប្រកបមុខរបរកាវលៀសខុស ច្បាប់ ។ ក្រោយពីពិនិត្យឃើញជាក់ស្តែង សមត្ថកិច្ច បានឯកភាពគ្នាធ្វើលិខិតព្រមាន និង បានឱ្យពួកគេរុះរើសម្ភារៈចាកចេញ វិលត្រឡប់ទៅផ្ទះសម្បែងវិញ។
ចំណែក សង្កាត់ជលផលបរិបូណ៍ បានសហការជាមួយអាជ្ញាធរឃុំឆ្នុកទ្រូ និងមន្ត្រីបរិស្ថាន ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាបប្រចាំខេត្តកំពង់ឆ្នាំង និងប៉ុស្តិ៍នគរបាល រដ្ឋបាលឆ្នុកទ្រូ បានចុះផ្សព្វផ្សាយច្បាប់ ស្ដីពីជលផល ប្រកាសលេខ ៤៥៨ ប្រ ក. កសក ស្ដីពីការកំណត់ប្រភេទឧបករណ៍នេសាទគ្រួសារ ដែលអនុញ្ញាតឱ្យធ្វើនេសាទ ក្នុងដែននេសាទទឹកសាប ដោយមានការចូលរួមពីប្រជាពលរដ្ឋ ចំនួន ៧៦ នាក់ ក្នុងនោះ មានស្រីចំនួន ២៥ នាក់៕/V