ភ្នំពេញ:គណបក្សប្រជាជនកម្ពុជានៅល្ងាចថ្ងៃទី៣ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍សម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ។

សេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា បានអះអាងថា១.គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសប្រកាន់ខ្ជាប់ជានិច្ចនូវគោល នយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

២.គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាព តានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។

៣.គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះ ស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក
សូមបញ្ជាក់ថា ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់៕សរន