លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញមកដល់កម្ពុជាហើយ ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ នៅវេលាម៉ោងជាង ៧ យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនមកកម្ពុជា។

បើមិនមានអ្វីប្រែប្រួលទេ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

តាមរយៈសាររបស់លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ដែលបានបង្ហោះនៅលើហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសកម្ពុជា និងជប៉ុន។

លោកបានរម្លឹកថាៈ នាខែមីនា កន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ច នៅកម្ពុជា ហើយនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីទិសដៅ នៃកិច្ចសហប្រតិបត្តិការ នាពេលអនាគត។ ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ឲ្យចេញជាសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រជាជនកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសមភាគីរបស់លោកជាពិសេស អំពីការវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ។

លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថាៈ លោកក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។ សហគមន៍អន្តរជាតិ កំពុងប្រឈមបញ្ហាស្មុគ្រស្មាញ ដូចជា បញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង ជាដើម។

កិច្ចប្រជុំនានា ដែលធ្វើឡើង ក្នុងស្ថានភាពបែបនេះ មានសារសំខាន់ ជាវេទិកាមួយ ដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិ គួរតែប្រកាន់ខ្ជាប់។

ជាមួយគ្នានេះ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានជូនពរឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាព រវាងប្រទេសជប៉ុន និងកម្ពុជា កាន់តែរីកចម្រើន៕/V