ប្រែសម្រួលៈបំណង(ST)៖ អាជ្ញាធរកោះតៃវ៉ាន់កាលពីថ្ងៃពុធទី៣សីហាបានបញ្ចេញយន្តហោះប្រដេញទៅស្ទាក់និងព្រមានអោយយន្តហោះយោធាចិន២៧គ្រឿងចេញឆ្ងាយពីតំបន់ការពារដែនអាកាសរបស់ខ្លួន នេះបើតាមការអះអាងរបស់ក្រសួងយោធារបស់កោះតៃវ៉ាន់ ហើយថាយន្តហោះចិន២២គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រដែលខណ្ឌចែកកោះស្វ័យគ្រប់គ្រងនេះពីចិនដីគោកចំពេលភាពតានតឹងកើនឡើងខ្លាំង។
តៃវ៉ាន់អះអាងថា យន្តហោះយោធាចិន២២គ្រឿងហោះឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់
ចិនបានបញ្ចេញកំហឹងរបស់ខ្លួនចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកទៅកាន់កោះតៃវ៉ាន់ដោយបានកោះហៅឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំក្រុងប៉េកាំងមកស្តាប់ការតវ៉ាប្រឆាំងព្រមទាំងបញ្ឈប់ការនាំចូលកសិផលមួយចំនួនពីកោះតៃវ៉ាន់ថែមទៀត។
ក្នុងការប្រឈមមុខនៅច្រកសមុទ្រតៃវ៉ាន់ចុងក្រោយនេះ តៃវ៉ាន់បាននិយាយថាខ្លួនបានបញ្ជូនយន្តហោះមួយក្រុមនិងបញ្ជាអោយក្រុមប្រព័ន្ធកាំជ្រួចតាមដានសកម្មភាពយន្តហោះរបស់ចិនហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។
សូមបញ្ជាក់ថា តៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរតវ៉ានៅប៉ុន្មានឆ្នាំចុងក្រោយនេះអំពីបេសកកម្មម្តងហើយម្តងទៀតនៃកងទ័ពអាកាសចិននៅក្បែរៗខ្លួនដោយច្រើនតែហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស(ADIZ)នៅប៉ែកនិរតីនៃកោះ។
បេសកកម្មកាលពីថ្ងៃពុធរួមមានយន្តហោះប្រយុទ្ធ Su-30ចំនួន១៦គ្រឿង និងយន្តហោះដទៃទៀត១១គ្រឿង នេះបើតាមក្រសួងយោធាតៃវ៉ាន់។
មុននេះកាលពីថ្ងៃពុធ តៃវ៉ាន់បាននិយាយថា តំបន់សមយុទ្ធរបស់យោធាចិននៅសប្តាហ៍នេះខ្លះ ស្ថិតក្នុងសមុទ្រនិងដែនអាកាសតៃវ៉ាន់ប្រមាណ២០គីឡូម៉ែត្រ ជាចំណាត់ការមួយដែលមន្ត្រីតៃវ៉ាន់ម្នាក់បានពណ៌នាថា«ស្មើនឹងការហ៊ុមព័ទ្ធ បិទខ្ទប់តៃវ៉ាន់ទាំងពីសមុទ្រនិងអាកាស»៕
ចិនចាប់ផ្តើមសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ចាប់តាំងពីចុងសប្តាហ៍ និងបង្កើនវានៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ទី៤សីហា