​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ពុធ​ទី​៣​សីហា មេដឹកនាំ​និកាយ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល លោក ម៉ុក​តា​ដា សាដ (Moqtada Sadr)​ដែល​ប្លុក​របស់​គាត់​បានទទួល​អាសនៈ​ច្រើន​​ជាងគេ​នៅក្នុង​ការបោះឆ្នោត​របស់​អ៊ីរ៉ាក់​កាលពី​ឆ្នាំមុន បានទាមទារ​ឱ្យ​រំលាយ​សភា​និង​រៀបចំ​ការបោះឆ្នោត​ជាតិ​សា​ថ្មី​។​

​ជិត​១០​ខែ គិត​ចាប់ពី​ការបោះឆ្នោត​ចុងក្រោយ ប្រទេស​នេះ​នៅតែ​គ្មាន​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​ថ្មី ឬ​ប្រធានាធិបតី​ថ្មី​ដោយសារតែ​ការឈ្លោះគ្នា​ម្តង​ហើយ​ម្តងទៀត​រវាង​គណបក្ស​នានា​ជុំវិញ​ការ​​បង្កើត​ក្រុមចម្រុះ​។​

មេដឹកនាំ​និកាយ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល លោក ម៉ុក​តា​ដា សាដ ទាមទារ​ឱ្យ​រំលាយ​សភា​និង​រៀបចំ​ការបោះឆ្នោត​ជាតិ​សា​ថ្មី

​នៅក្នុង​ភាពចលាចល​នយោបាយ​ចុងក្រោយ​បំផុត​នៅក្នុង​ប្រទេស​ដែល​សម្បូរ​ប្រេង​ប៉ុន្តែ​ញាំញី​ដោយ​សង្គ្រាម​នេះ លោក​សាដ​បាន​អំពាវនាវ​ឱ្យមាន “​ដំណើរការ​ផ្លាស់ប្តូរ​ថ្មី​និង​ដោយ​សន្តិភាព​បន្ទាប់មក​​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​មុន​កាលកំណត់ បន្ទាប់​ពី​ការរំលាយ​សភា​”​។​

​សុន្ទរកថា​តាម​ទូរទស្សន៍​របស់លោក​សាដ​បាន​កើតឡើង ខណៈ​មាន​ការអំពាវនាវ​ខ្លាំង​ឡើង​ឱ្យ​មាន​ការសន្ទនា​បន្ទាប់ពី​អ្នកគាំទ្រ​របស់​គាត់​បាន​កាន់កាប់​សភា​អស់​រយៈពេល​ប្រាំ​ថ្ងៃ​ជាប់ៗ​គ្នា​ក្នុង​ការតវ៉ា​​ចំពោះ​ការតែងតាំង​នាយករដ្ឋមន្ត្រី​ដោយ​ក្រុម​និកាយ​ស៊ី​អ៊ី​ត​ជា​គូប្រជែង គឺ គណបក្ស​ក្របខ័ណ្ឌ​សម្របសម្រួល ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​

​ទោះយ៉ាងណា យោងតាម​រដ្ឋធម្មនុញ្ញ សភា​អាច​រំលាយ​បាន​ទាល់តែ​តាមរយៈ​សំឡេង​ភាគ​ច្រើន​ប៉ុណ្ណោះ​។ ការ​បោះឆ្នោត​បែប​នោះ​អាច​ធ្វើឡើង​តាម​សំណើ​របស់​សមាជិកសភា​មួយ​ភាគ​បី ឬ ដោយ​នាយក​រដ្ឋមន្ត្រី​ជាមួយនឹង​ការយល់ព្រម​ពី​ប្រធានាធិបតី​។​

​លោក​សាដ​បាន​និយាយថា “​ខ្ញុំ​ប្រាកដ​ណាស់​ថា​ប្រជាជន​ភាគច្រើន​មានការ​ខឹងសម្បា​ចំពោះ​ក្រុម​អ្នក​កាន់អំណាច រួមទាំង​អ្នក​នយោបាយ​មួយចំនួន​ដែល​ស្ថិត​ក្នុង​ចលនា​របស់​ខ្ញុំ​”​។​

​លោក​បាន​បន្ថែមថា “​ចាប់ពី​ពេលនេះ​តទៅ​នឹង​លែង​មាន​អ្នកនយោបាយ​ចាស់ទុំ​ទៀតហើយ មិន​ថា​ពួកគេ​មក​ពី​សម្ពន្ធ​បក្ស​ណា​នោះឡើយ​”​។​

​ប្លុក​របស់​លោក​សាដ​បាន​កើតចេញ​ពី​ការបោះឆ្នោត​ក្នុង​ខែតុលា ជា​ក្រុម​ធំជាងគេ ប៉ុន្តែ​វា​នៅ​តែ​ខ្វះ​សំឡេង​ភាគច្រើន​។​នៅក្នុង​ខែ​មិថុនា សមាជិក​សភា​ចំនួន ៧៣ រូប​របស់​គាត់​បាន​លាលែង​ពី​តំណែង​ ក្នុង​គោលបំណង​បំបែក​ការជាប់គាំង​នយោបាយ​។​

​លោក​សាដ ដែល​ធ្លាប់​ដឹកនាំ​កងជីវពល​ប្រឆាំង​អាម៉េរិក​និង​មាន​អ្នកដើរ​តាម​រាប់លាន​នាក់ បានកត់សម្គាល់​ផងដែរ​ថា គាត់​មិនមាន​ចំណាប់អារម្មណ៍​ក្នុង​ការចរចា​ជាមួយ​គូ​ប្រជែង​របស់​គាត់​នោះទេ​៕

​ពួកអ្នកគាំទ្រលោកម៉ុក​តា​ដា សាដ ចូលកាន់កាប់សភាអ៊ីរ៉ាក់ចាប់តាំងពីសប្តាហ៍មុន