ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ កាលពីថ្ងៃពុធទី៣សីហា ចិនបានដាក់ទណ្ឌកម្មលើកោះតៃវ៉ាន់ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះនេះ ខណៈកងទ័ពរំដោះប្រជាជនបានបន្តធ្វើសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់។
ចំពេលមានភាពតានតឹងកើនឡើងជុំវិញដំណើរទស្សនៈកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តផ្តាច់ខ្លួនដែលត្រូវបង្រួបបង្រួមជាមួយចិនដីគោកវិញទោះជាត្រូវប្រើកម្លាំង ប្រសិនបើចាំបាច់ លោកស្រីផេឡូស៊ីបាននិយាយថា សហរដ្ឋអាម៉េរិកនឹងមិនបោះបង់ចោលកោះនេះនោះឡើយ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី សាយ អ៊ីងវិន (Tsai Ing-wen) បានបញ្ជាក់ថា កោះនេះនឹងមិនរាថយនោះឡើយ នៅពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើង។
ទីក្រុងប៉េកាំងបានសម្តែងការមិនសប្បាយចិត្តរបស់ខ្លួនចំពោះដំណើរទស្សនកិច្ចនេះ ដែលខ្លួនចាត់ទុកថាជាការបង្ករឿងដ៏ធ្ងន់ធ្ងរដោយសម្ញែងកម្លាំងយោធារបស់ខ្លួននិងថែមទាំងរឹតបន្តឹងដង្កៀបសេដ្ឋកិច្ចលើកោះតៃវ៉ាន់ផងដែរ។
ប៉េកាំងបានប្រកាសថា ខ្លួននឹងបញ្ឈប់ការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ដោយចូលជាធរមានភ្លាមៗ។ តៃវ៉ាន់ទទួលបានការផ្គត់ផ្គង់ខ្សាច់ធម្មជាតិ ៩០ ភាគរយពីចិនដែលភាគច្រើនប្រើប្រាស់ក្នុងការសាងសង់ ព្រោះវាមានតម្លៃថោកជាងការនាំចូលពីកន្លែងផ្សេងទៀតដូចជាវៀតណាម។
ចិនក៏បានហាមឃាត់ការនាំចូលផ្លែក្រូចនិងត្រីពីរប្រភេទពីតៃវ៉ាន់ផងដែរ។ រឿងនេះកើតឡើងបន្ទាប់ពីចិនផ្អាកការនាំចូលពីក្រុមហ៊ុនផលិតអាហារតៃវ៉ាន់ជាង ១០០ កាលពីថ្ងៃចន្ទ។
ទោះជាមិនមានទំនាក់ទំនងការទូត តែតៃវ៉ាន់មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយចិនដីគោក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កោះនេះ៕
លោកស្រីផេឡូស៊ីបក់ដៃទន្ទឹមនឹងលោកស្រីសៃអ៊ីងវិននៅការិយាល័យប្រធានាធិបតីក្នុងក្រុងតៃប៉ិកាលពីថ្ងៃពុធទី៣សីហា ឆ្នាំ២០២២