​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប៉ូលិស​និង​របាយការណ៍​នានា​បាន​និយាយថា បុរស​ម្នាក់​នៅ​រដ្ឋ​ញូវយ៉ក​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត បន្ទាប់ពី​បាញ់​បុគ្គលិក​ក្រុមហ៊ុន McDonald’s ដោយសារ​លើក​ដំឡូងបារាំង​បំពង​ត្រជាក់​ដល់​ម្តាយ​ខ្លួន​។​

​ឧបទ្ទវហេតុ​បាញ់បោះ​ជាច្រើន​លើក​បាន​កើត​ឡើង​ជា​រៀង​រាល់ថ្ងៃ​នៅ​ក្នុង​តំបន់ Big Apple នេះ​។​

​នៅក្នុង​ករណី​ចុងក្រោយ​នេះ បុរស​ឈ្មោះ ម៉ៃ​ឃើ​ល ម័​រហ្គែ​ន (Michael Morgan) អាយុ ២០ ឆ្នាំ​បាន​បាញ់​បុគ្គលិក McDonald’s អាយុ ២៣ ឆ្នាំ​នៅ​ទីក្រុង​ប្រ៊ូ​គ្លី​ន (Brooklyn)​កាលពី​ល្ងាច​​ថ្ងៃ​ចន្ទ ទី​១ សីហា នេះ​បើ​យោង​តាម​ប៉ូលិស​និង​កាសែត New York Post ។​

​ជនរងគ្រោះ​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​កាសែត​ដដែល​បាន​បន្តថា ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ដោយ​ការឈ្លោះប្រកែក​គ្នា​រវាង​ស្ត្រី​អាយុ ៤០ ឆ្នាំ និង​ជនរងគ្រោះ ដែល​ស្ត្រី​នោះ​ចោទប្រកាន់ថា​លើក​ដំឡូងបារាំង​បំពង​ត្រជាក់​ដល់​គាត់​។​

​ស្ត្រី​នោះ​បាន​ហៅ​ជា​វីដេអូ​ទៅកាន់​កូនប្រុស​របស់​គាត់​ឈ្មោះ ម័​រហ្គែ​ន ដែល​សម្រុកចូល​ក្នុង​ហាង​អាហារ​រហ័ស​នេះ ហើយ​ឈ្លោះប្រកែក​ជាមួយ​បុគ្គលិក​នោះ មុន​ពេល​ពួកគេ​ទាំង​ពីរ​នាក់​ចេញ​ទៅ​ខាងក្រៅ​។​

​បន្ទាប់​មកម័រ​ហ្គែ​ន​បាន​បាញ់បុគ្គលិក​នោះ នេះ​បើ​យោងតាម​ប្រភព​ប៉ូលិស​ដែល​ដកស្រង់​ដោយ​កាសែត New York Post​។​

​កាសែត​ដដែល​បាន​បន្តថា ជនជាប់ចោទ​ត្រូវបាន​ចាប់ខ្លួន​ជា​ច្រើន​ដង​ពី​បទឧក្រិដ្ឋ​ផ្សេងៗ​។​

​អ្នកនាំពាក្យ​នាយកដ្ឋាន​ប៉ូលិស​រដ្ឋ​ញូវយ៉ក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា ម៉ូ​ហ្គាន​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​កាន់កាប់​អាវុធជាតិផ្ទុះ​មាន​ស្ថាន​ទម្ងន់​ទោស​ព្រហ្មទណ្ឌ​ផងដែរ​៕

​ម៉ៃ​ឃើ​ល ម័​រហ្គែ​ន បាញ់​បុគ្គលិក McDonald’s អាយុ ២៣ ឆ្នាំ​នៅ​ទីក្រុង​ប្រ៊ូ​គ្លី​ន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១ សីហា​