ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​សីហា​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មិនដែល​ធ្លាប់​មាន​របស់​ខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ក្នុង​ការបង្ហាញ​កម្លាំង​ដាក់ពិន័យ​ចំពោះ​​ការដែល​អាជ្ញាធ​រកោះ​នេះ​អនុញ្ញាត​អោយ​ប្រធានសភា​អាម៉េរិក​មក​ធ្វើ​ទស្សនកិច្ច​ផ្គើន​នឹង​ការព្រមាន​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​

​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ចាកចេញ​ពី​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ទឹកដី​ផ្តាច់ខ្លួន​របស់​ចិន​នេះអស់មួយថ្ងៃ ក្រោយ​ជម្នះ​នឹង​ការព្រមាន​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​​ទីក្រុង​ប៉េកាំង​អំពី​ផលវិបាក​គ្រប់បែបយ៉ាង រួម​ទាំង​ចំណាត់ការ​យោធា​ផង​។​

​លោកស្រី ផេ​ឡូ​ស៊ី ដែល​ស្ថិតក្នុង​ឋានៈ​ខ្ពស់​បំផុត​ទី​ពីរ​បន្ទាប់​ពី​ប្រធានាធិបតី ជា​មន្ត្រី​អាម៉េរិក​ជាន់​ខ្ពស់​បំផុត​ដែល​បាន​ទៅ​ទស្សនកិច្ច​កោះគ្រប់គ្រង​ដោយ​ខ្លួន​មួយ​នេះ​ក្នុង​រយៈពេល​២៥​ឆ្នាំកន្លងមក​។​លោកស្រី​​បានប្រកាសថា​វត្តមាន​របស់​លោកស្រី​បញ្ជាក់​យ៉ាងច្បាស់​ថា អាម៉េរិក​នឹងមិន​បោះបង់​ចោល​សម្ពន្ធមិត្ត​ប្រជាធិបតេយ្យ​ណាមួយ​ឡើយ ដូចជា​តៃវ៉ាន់​។​

​តែ​ដំណើរ​របស់​លោកស្រី​បង្ក​ប្រតិកម្ម​ទាំង​កំហឹង​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដែល​ប្តេជ្ញា​ដាក់ពិន័យ​អ្នកណា​ដែល​រំលោភ​អធិបតេយ្យ​ចិន​និង​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​ប្រាំមួយ​ទីតាំងនៅ​ជុំវិញ​កោះ​តៃវ៉ាន់​។​

​សមយុទ្ធ​នេះ​ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ដែល​នឹង​រួម​មាន​សកម្មភាព​ហ្វឹកហាត់​និង​ការបាញ់​គ្រាប់​ពិត​។​វា​នឹង​ត្រូវ​ធ្វើឡើង​នៅ​តំបន់​ជា​ច្រើន​ជុំវិញ​តៃវ៉ាន់ ដោយ​តំបន់​ខ្លះ​មន្ត្រី​តៃវ៉ាន់​អះអាងថា​ចូលក្នុង​​ដែន​ទឹក​និង​អាកាស​របស់​ខ្លួន​ដល់​ទៅ​២០​គីឡូម៉ែត្រ មុន​នឹង​បញ្ចប់​វា​នៅ​ពាក់កណ្តាល​ថ្ងៃអាទិត្យ​។​

​កាសែត​ជាតិនិយម​រដ្ឋ​ចិន​Global Times បាន​រាយការណ៍​ថា សមយុទ្ធ​នេះ​មិន​អាច​ស្មាន​ទុក​បាន​និង​កាំជ្រួច​អាច​ហោះ​ពីលើ​កោះ​តៃវ៉ាន់​ជាលើក​ដំបូង​។​វា​បាន​និយាយថា​«​នេះ​ជា​លើកដំបូង​ដែល​កង​​ទ័ព​រំដោះប្រជាជន​នឹង​បាញ់កាំភ្លើង​ធំ​ចម្ងាយ​ឆ្ងាយ​រំលង​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​

​តាមពិត​ការហ្វឹកហាត់​បានចាប់ផ្តើម​តាំងពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដើម្បី​បង្កើត​ឆាក​សំរាប់​សមយុទ្ធ​ធំ ដោយ​ទីភ្នាក់ងារ​សារព័ត៌មា​ន​ស៊ីនហួ​របាន​រាយការណ៍​ថា​លំ​ហាត់​យោធា​ទាំងនេះ​ធ្វើ​ដូចជា​«​ការហ៊ុមព័ទ្ធ​​បិទ​ខ្ទប់​»​តៃវ៉ាន់​រួមគ្នា​មួយ​។​

​ក្នុងពេល​ជាមួយគ្នា​ក្រុម​ប្រទេស​G-7 បាន​ថ្កោលទោស​សមយុទ្ធ​យោធា​ចិន​ដោយ​ថា​វា​គ្មាន​ច្បាប់​ណា​តំរូវអោយ​បញ្ចេញ​សាច់ដុំ​យោធា​ដូច្នេះ​ដោយសារតែ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​អាម៉េរិក​ តែ​រដ្ឋាភិបាល​ទីក្រុង​​ប៉េកាំង​ការពារ​ចំណាត់ការ​យោធា​របស់​ខ្លួន ដោយ​ថា​វា​«​ចាំបាច់​និង​ត្រឹមត្រូវ​» ហើយ​បន្ទោស​ភាព​តានតឹង​លើ​អាម៉េរិក​និង​សម្ពន្ធ​មិត្ត​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួរ ជុន​យី​ង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​« ក្នុង​ការតស៊ូ​បច្ចុប្បន្ន​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ី​ទៅកាន់​តៃវ៉ាន់ អាម៉េរិក​ជា​អ្នក​បង្ករឿង ចិន​ជា​ជន​​រងគ្រោះ​។​ការ​បង្ករឿង​រួមដៃគ្នា​រវាង​អាម៉េរិក​និង​តៃវ៉ាន់​កើត​មាន​មុន រីឯ​ចិន​គ្រាន់​តែ​ការពារ​ខ្លួន​តាម​ក្រោយ​»​។​

​ប្រភព​យោធា​ចិន​មួយ​ក៏​បាន​និយាយថា សមយុទ្ធ​នេះ​នឹង​បង្កើត​ដំណាក់កាល​សំរាប់​«​ការត្រៀម​ប្រយុទ្ធ​ជាក់​សម្តែង​»​។​ប្រភព​ដដែល​បាន​និយាយថា​«​បើ​កង​ម្លាំង​តៃវ៉ាន់​តតាំង​ជាមួយ​កងទ័ព​ចិន​ដែល​ធ្វើ​​សមយុទ្ធ និង​បាញ់តែមួយគ្រាប់ កងទ័ព​រំដោះប្រជាជន​នឹង​ត​តប​វិញ​អោយ​ចាស់ដៃ ផលវិបាក​ទាំងអស់​ចេញពី​ភាគី​តៃវ៉ាន់​»៕

​សព្វាវុធ​ចូលរួម​ក្នុង​ស​មយុទ្ធ​រួមមាន យន្តហោះ យន្តហោះ​ទម្លាក់​គ្រាប់បែក​H-6K យន្តហោះ​ប្រយុទ្ធ​J-11 ,J-16,Su-30 យន្តហោះ​ព្រមាន​ជាមុន KJ-500 ​យន្តហោះ​សង្គ្រាម​អេឡិចត្រូនិច​Y-9 យន្តហោះ​ប្រមូល​ព័ត៌មាន​ចារកម្ម​Y-8​នាវា​ពិឃាត​ប្រភេទ​052D នាវាចម្បាំង​ធុន​056A​និង​កាំជ្រួច​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ Dongfeng-11