ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហា ម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡានិស្សិតអាស៊ាន លើកទី២០ (20th ASEAN University GAMES) កម្ពុជាឈ្នះបានមេដាយប្រាក់ ចំនួន ២ គ្រឿង បន្ថែមទៀត។ ប្រភេទកីឡាចំនួន២ ដែលដណ្ដើមបានមេដាយប្រាក់ ម្សិលមិញនេះ គឺប្រភេទកីឡាតេក្វាន់ដូ WT (World Taekwondo) និងកីឡាប៉េតង់ ។
លោក មាស សារ៉េត មន្ត្រីទទួលបន្ទុកព័ត៌មាន បានប្រាប់ឲ្យដឹង ពីប្រទេសថៃមកថាៈ ម្សិលមិញនេះ ប្រភេទកីឡាប៉េតង់កម្ពុជា លើវិញ្ញាសា ២នាក់ទល់២នាក់នារី បានត្រឹមមេដាយប្រាក់ ដោយប្រកួតចាញ់កីឡាការិនីថៃ ពិន្ទុ ៤ ទល់ ១៣ នៅវគ្គផ្តាច់ព្រ័ត្រ គឺកីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិ ឃួន យ៉ារី កម្ពុជា។
ចំពោះប្រភេទកីឡាតេក្វាន់ដូកម្ពុជាវិញ សម្រាប់វិញ្ញាសាប្រយុទ្ធនារី ប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម កីឡាការិនី អ៊ុន ពេជ្រចរណៃ ទទួលបានមេដាយប្រាក់ និងវិញ្ញាសាប្រយុទ្ធបុរស ប្រភេទទម្ងន់ក្រោម ៧៤ គីឡូក្រាម កីឡាករ មៀន សួស័យយិ ទទួលបានមេដាយសំរិទ្ធ ។
ព្រឹត្តិការណ៍ប្រកួតនេះ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានបញ្ជូន ៥ ប្រភេទកីឡា រួមមាន កីឡាប៉េតង់ គ្រូបង្វឹក ២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT ។
ការប្រកួតខាងលើនេះ ក្រោមការដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា៕/V