​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី ៣ សីហា​ថា​ពួកគេ​បាន​ស្ដារឡើងវិញ​នូវ​លំហូរ​ឈាម​និង​មុខងារ​កោសិកា​ពាសពេញ​រាងកាយ​ជ្រូក​ដែល​​បាន​ងាប់​អស់​រយៈពេល​មួយ​ម៉ោង នៅក្នុង​របកគំហើញ​មួយ ដែល​អ្នកជំនាញ​និយាយថា​យើង​អាច​ធ្វើ​បច្ចុប្បន្នភាព​និយមន័យ​នៃ​ការស្លាប់​សាជាថ្មី​។​

​របកគំហើញ​នេះ​បាន​បង្កើន​ក្តីសង្ឃឹម​សម្រាប់​ការប្រើប្រាស់​ផ្នែក​វេជ្ជសាស្ត្រ​នា​ពេលអនាគត​ចំពោះ​មនុស្ស ដែល​ទីបំផុត​វា​អាច​នឹង​ជួយ​ឱ្យ​សរីរាង្គ​រស់​បាន​យូរ​ដែល​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់ពាន់​នាក់​​នៅ​ទូទាំង​ពិភពលោក​ដែល​ត្រូវការ​ការប្តូរ​សរីរាង្គ​។​

​ទោះយ៉ាងណា វា​ក៏​អាច​ជំរុញ​ឱ្យមាន​ការជជែក​វែកញែក​អំពី​ក្រមសីលធម៌​នៃ​ការវះកាត់​ប្តូរ​សរីរាង្គ​បែបនេះ​ផងដែរ​ជាពិសេស​បន្ទាប់​ពី​ជ្រូក​ងាប់​មួយចំនួន​បានធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ភ្ញាក់ផ្អើល​ដោយសារ​ក្បាល​​របស់​វា​ស្រាប់តែ​កម្រើក​អំឡុង​ពេល​ពិសោធន៍​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក បាន​ធ្វើ​ឱ្យ​សហគមន៍​វិទ្យាសាស្ត្រ​មាន​ការភ្ញាក់ផ្អើល​ក្នុង​ឆ្នាំ​២០១៩​ដោយ​អាច​ស្តារ​មុខងារ​កោសិកា​នៅក្នុង​ខួរក្បាល​របស់​ជ្រូក​បាន​នៅ​ប៉ុន្មាន​​ម៉ោង​បន្ទាប់ពី​ពួក​វា​ត្រូវ​បាន​កាត់​ក្បាល​។​

​សម្រាប់​ការស្រាវជ្រាវ​ចុងក្រោយបង្អស់​នេះ ដែល​ចេញផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ Nature ក្រុម​ការងារ​បាន​ព្យាយាម​ពង្រីក​បច្ចេកទេស​នេះ​ទៅដល់​សាកសព​ជ្រូក​ទាំងមូល​។​

​ពួកគេ​បាន​ធ្វើឱ្យ​មាន​ការ​គាំងបេះដូង​ចំពោះ​សត្វ​ជ្រូក​ដែល​ចាក់​ថ្នាំស្ពឹក ដែល​បាន​បញ្ឈប់​ឈាម​មិន​ឱ្យ​ហូរ​សព្វ​ដងខ្លួន​។​

​នេះ​បាន​បង្អត់​អុកស៊ីសែន​ពី​កោសិកា​រាងកាយ ហើយ​បើ​គ្មាន​អុកស៊ីសែន កោសិកា​នៅក្នុង​ខ្លួន​សត្វ​នឹង​ស្លាប់​។​

​បន្ទាប់មក​គេ​បាន​ទុក​ឱ្យ​ជ្រូក​ងាប់​រយៈពេល​មួយ​ម៉ោង​។​

​បន្ទាប់​មក​អ្នកវិទ្យាសាស្ត្រ​បាន​បូម​បញ្ចូល​សព​ជ្រូក​នូវ​សារធាតុ​រាវ​ដែលមាន​ឈាមជ្រូក​ក៏ដូចជា​ទម្រង់​សំយោគ​នៃ​អេ​ម៉ូក្លូ​ប៊ីន (Haemoglobin)​ដែល​ជា​ប្រូតេអ៊ីន​ផ្ទុក​អុកស៊ីសែន​ក្នុង​កោសិកា​ឈាម​​ក្រហម និង ថ្នាំ ដែល​ការពារ​កោសិកា​និង​ទប់ស្កាត់​ការ​កកឈាម​។​

​ឈាម​បាន​ចាប់ផ្តើម​ចរាចរ​ម្តងទៀត ហើយ​កោសិកា​ជាច្រើន​បាន​ចាប់ផ្តើម​ដំណើរការ រួម​ទាំង​នៅក្នុង​សរីរាង្គ​សំខាន់ៗ​ដូចជា បេះដូង ថ្លើម និង​តម្រងនោម​សម្រាប់​រយៈពេល​ប្រាំមួយ​ម៉ោង​បន្ទាប់​​ពី​ការពិសោធន៍​៕

កោសិកា​ជ្រូក​ត្រូវ​បាន​ធ្វើឱ្យ​រស់​ឡើង​វិញ​ក្នុង​ការពិសោធន៍