ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយកាលពីថ្ងៃពុធទី៣សីហាថាលេខាធិការដ្ឋានអ.ស.បមិនបានយកលុយពីឧស្សាហកម្មប្រេងនិងឧស្ម័ននោះទេ។
លោកបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំអាចធានាបានថាលេខាធិការដ្ឋានអ.ស.បមិនបានយកលុយពីឧស្សាហកម្មប្រេងនិងឧស្ម័នទេ។ការតម្រង់ទិសរបស់យើងគឺដើម្បីឱ្យមូលនិធិសោធននិវត្តន៍ដកចេញទាំងស្រុងពីប្រព័ន្ធឥន្ធនៈហ្វូស៊ីលដែលបានចាប់ផ្តើមដោយការដកខ្លួនចេញពីធ្យូងថ្ម។ហើយខ្ញុំជឿថាមូលនិធិទាំងនោះបានឈានដល់ការដកខ្លួនចេញពេញលេញពីឧស្សាហកម្មឥន្ធនៈហ្វូស៊ីលជាទូទៅ”។
លោកបាននិយាយថា “ហើយចំពោះបណ្តាទីភ្នាក់ងារ (អ.ស.ប) ខ្ញុំសូមផ្តល់អនុសាសន៍យ៉ាងមុតមាំមិនឱ្យទទួលយកការរួមចំណែកណាមួយពីអ្នកទាំងឡាយដែលយើងចាត់ទុកថាបានដើរតួនាទីសំខាន់បំផុតក្នុងបម្រែបម្រួលអាកាសធាតុនោះឡើយ”។
លោកគូថេរ៉េសកាលពីថ្ងៃពុធក៏បានអំពាវនាវឱ្យមានការយកពន្ធលើប្រាក់ចំណេញនៃក្រុមហ៊ុនប្រេងនិងឧស្ម័នពីវិបត្តិថាមពលនាពេលបច្ចុប្បន្ន។
លោកបាននិយាយនៅក្នុងការចាប់ផ្តើមរបាយការណ៍ទីបីរបស់គាត់ស្តីពីក្រុមឆ្លើយតបវិបត្តិសកលទាក់ទងនឹងអាហារ ថាមពល និងហិរញ្ញវត្ថុជុំវិញជម្លោះអ៊ុយក្រែន យ៉ាងដូច្នេះថា”វាជារឿងអសីលធម៌ណាស់សម្រាប់ក្រុមហ៊ុនប្រេងនិងឧស្ម័នក្នុងការរកប្រាក់ចំណេញពីវិបត្តិថាមពលលើខ្នងរាស្ត្រនិងសហគមន៍ក្រីក្របំផុត និងជះផលប៉ះពាល់ធំសម្បើមចំពោះអាកាសធាតុ”។
លោកបាននិយាយថា “ខ្ញុំជំរុញឱ្យរដ្ឋាភិបាលទាំងអស់យកពន្ធលើប្រាក់ចំណេញហួសហេតុទាំងនេះ ហើយប្រើប្រាស់មូលនិធិនេះដើម្បីគាំទ្រដល់ប្រជាជនដែលងាយរងគ្រោះបំផុតក្នុងគ្រាលំបាកនេះ”ដោយកត់សម្គាល់ថា ប្រាក់ចំណេញរួមគ្នារបស់ក្រុមហ៊ុនថាមពលធំៗនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ គឺជិត ១០០ ពាន់លានដុល្លារអាម៉េរិក៕
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស