​ដោយៈ ទេព មង្គល /​ភ្នំពេញៈ រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​៤ ខែសីហា នេះ ដើម្បី​ជាការ​ឆ្លើយតប ចំពោះ​ការព្រួយបារម្ភ របស់​សាធារណជន ករណី​ការដោះដូរ តំបន់ភ្នំ​តា​ម៉ៅ ដោយបាន​អះអាងថា ” ការអភិវឌ្ឍ​តំបន់​នេះ មិនមែនជា​ការលក់ដូ​រ ដូច​ការលើកឡើង​នោះទេ តែ​ជាការ​ដោះដូរ​តំបន់​នេះ ជា​ថ្នូរ​នឹង​ការអភិវឌ្ឍ​បន្ថែម​ដល់ ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ” ។​

​រដ្ឋបាល​ព្រៃឈើ បានលើកឡើង​នោ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថាៈ នៅក្នុង​សប្ដាហ៍​នេះ រដ្ឋបាល​ព្រៃឈើ បានកត់ សម្គាល់​ឃើញថា មាន​សាធារណជន​ជាច្រើន បាន​មាន​ចម្ងល់​អំពី ស្ថានភាព​ព្រៃឈើ នៅ​ភ្នំ​តា​ម៉ៅ ។ រដ្ឋបាល​ព្រៃឈើ សូម​ធ្វើការ​ជម្រាប ជូន​សាធារណជន ឱ្យបាន​ជ្រាបថា តំបន់ភ្នំ​តា​ម៉ៅ​នេះ ជា​តំបន់​ស្ថានីយ៍​ស្តារ​ព្រៃឈើ​មួយ ដែលមាន​ដំណុះ​ឈើ​ដាំ ប្រភេទ​អាកាស្យា ប្រេងខ្យល់ និង​ឈើ​ធម្មជាតិ​។ តំបន់​នេះ ពោរពេញ​ទៅដោយ​ដីខ្សាច់ ដំណុះ​ឈើ​មិនមាន​ការលូតលាស់ ល្អ​ទេ​។ ដូច្នេះ រាជរដ្ឋាភិបាល សម្រេចយក​តំបន់​នេះ សម្រាប់ធ្វើ​ការអភិវឌ្ឍ ដោយសារ​ជា​តំបន់​មួយ ដែល​នៅក្បែរ​ទីក្រុង ក្បែរ​ព្រលានយន្តហោះ​ថ្មី និង​កៀក​តំបន់​ទេសចរណ៍​ទន្លេបាទី​។ ការអភិវឌ្ឍ​តំបន់​នេះ មិនមែនជា​ការលក់ដូ​រ ដូច​ការលើកឡើង​នោះទេ តែ​ជាការ​ដោះដូរ​តំបន់​នេះ ជា​ថ្នូរ​នឹង​ការអភិវឌ្ឍ​បន្ថែម​ដល់ ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដោយ​កែលម្អ​ឧទ្យាន​សួន សត្វ​ភ្នំ​តា​ម៉ៅ ឱ្យមាន​ភាពប្រសើរឡើង មាន​ប្រព័ន្ធ​ផ្លូវ អគារ សួនច្បារ អាង​ស្តុក​ទឹក ក៏ដូចជា​ការបង្កើត​សារមន្ទីរ​ជាតិ នៅ​រាជធានី​ភ្នំពេញ ការបង្កើត​សួនសត្វ សា​ហ្វា​រី នៅ​ខេត្តសៀមរាប ការបង្កើត​សួន​ភូតគាម នៅ​ខេត្តមណ្ឌលគិរី និង​ការសាងសង់​អគារ​ធ្វើការ របស់​មន្ត្រីរាជការ និង​សម្ភារៈ​នានា​។ ការដោះដូរ គឺ​អនុវត្ត​ដោយមាន​ភាព​តឹងរ៉ឹង មានការ​វាយតម្លៃ ពី​ក្រុមហ៊ុន​ឯកជន និង​មាន​គណៈកម្មការ​ឯកជ​នភា​វូ​នីយកម្ម ដែលមាន​អន្តរក្រសួង ពិនិត្យ និង​វាយតម្លៃ អំពី​ការដោះដូរ យ៉ាង​ត្រឹមត្រូវ​។​

​សូម​បញ្ចាក់​ផងដែរ​ថា តំបន់​នេះ ពុំមាន​សត្វព្រៃ​សំខាន់ៗ ជិត​ផុត​ពូជ និង​កម្រ ដូច​ការលើកឡើង​នោះទេ ហើយ​តំបន់​នេះ មាន​ជ្រូកព្រៃ ដែល​តែងតែ​មក​រំខាន ដល់​ដំណាំ​ប្រជាពលរដ្ឋ​។ សត្វព្រៃ ដែល​លើកឡើង កន្លងមក គឺជា​សត្វព្រៃ​បាន​ថែរក្សា នៅក្នុង​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែលមាន​សុវត្ថិភាព ១០០% ហើយ​ការអភិវឌ្ឍ​នេះ មិនមាន​ការប៉ះពាល់​ទាល់តែសោះ​។ សត្វព្រៃ​ដែល​តែងតែ​លើកឡើង ដោយ​អង្គការ សកម្មជន​បរិស្ថាន និង​សាធារណជន​នានា គឺជា​សត្វព្រៃ ដែល​កំពុង​រស់នៅ ក្នុង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​សត្វព្រៃ​មួយចំនួនទៀត ដូចជា ប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបាន​ដោះលែង ឲ្យ​រស់ក្នុង​បរិវេណ​របស់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែលមាន​របង​ព័ទ្ធជុំវិញ​លើ​ផ្ទៃដី​ជាង ៥០០ ហិកតា និង​មិនមាន​សត្វព្រៃ អាច​ចេញមក ខាងក្រៅ​នោះទេ និង​បាន​មើលថែរក្សា ផ្តល់​ចំ​ណី ដោយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​នានា​។ ​ការលើកឡើង កន្លងមក បានធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ថា ការអភិវឌ្ឍ​តំបន់​នេះ ប៉ះពាល់​ដល់​សត្វព្រៃ​។​

​ការអភិវឌ្ឍ​តែងតែ​ប្រើប្រាស់​ដី សម្រាប់​អភិវឌ្ឍន៍ មិនមែន​មានតែ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​នោះទេ ឲ្យ​តែ​តំបន់​អភិវឌ្ឍន៍ មាន​ផលប៉ះ​ពាល់​តិចតួច ហើយ​ត្រឡប់មកវិញ បានផ្ដល់​ការងារជូន​ប្រជាពលរដ្ឋច្រើន​នៅ​តំបន់​នោះ និង​ការផ្តល់​កំណើនសេដ្ឋកិច្ច​ជាតិ​៕/V​