ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រុមប្រឹក្សា​ខណ្ឌចំការមន នា​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២ បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក ព្រុំ សំខាន់ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌចំការមន និង​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ដោយមាន​ការចូលរួម​ពី​លោក​-​លោកស្រី​សមាជិក​-​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​, លោក​អភិបាលរងខណ្ឌ​, លោកនាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ​, លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​, លោក​អធិការរង​នគរបាល​ខណ្ឌ​, លោក​ប្រធាន​យោធា​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ​, លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​ការិយាល័យ​-​អង្គភាព​ចំណុះ​រដ្ឋបាល​ខណ្ឌ​ទាំង​១២, លោក​ប្រធាន​ផ្សារ​ទាំង​០២, លោក​-​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​-​ប៉ុស្ដិ៍នគរបាល​សង្កាត់​-​ស្មៀន​-​ប្រធានភូមិ​-​ប្រជាពលរដ្ឋ​សង្កាត់​ទាំង​០៥ និង​មន្ត្រី​ពាក់ព័ន្ធ​។​

​ក្នុងឱកាស​បើក​វេទិកា​នេះ ប្រជាពលរដ្ឋ​បានលើកឡើង​ពី​បញ្ហា​ប្រឈម និង​ក្តីកង្វល់​របស់គាត់ ក្នុងនោះ មាន​ទាំង​សំណួរ​ផ្ទាល់មាត់ ចំនួន ១៣​នាក់ និង​សំណួរ តាមរយ​:​លិខិត​ដាក់​ក្នុង​ប្រអប់​សំបុត្រ​ចំនួន ២១​នាក់ ។​

​សំណួរ សំណើរ និង​សំណូមពរ ដែល​ប្រជាជន​បានលើកឡើង ក្នុង​ពេលនេះ គឺ​ពួកគាត់​ផ្តោត​សំខាន់​លើ ការងារ​សន្តិសុខ សុវត្ថិភាព ផ្ទាល់ខ្លួន បញ្ហា​អភិវឌ្ឍន៍​មូលដ្ឋាន បញ្ហា​ស្ថាបនា​-​ជួសជុល​ផ្លូវ ដាក់​ប្រ​ព័​ន្ឋ​លូ​មេ​, ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​, បញ្ហា​គ្រឿងញៀន​, ចោរកម្ម​, ជាពិសេស​បញ្ហា​ផ្សេងៗ​

​ពាក់​ព័​ន្ឋ​នឹង​ការលើកឡើង​របស់​ប្រជាជន​ខាងលើនេះ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន លោក​ទទួលយក​សំណើរ​មក​ពិភាក្សា​ដោះស្រាយ​ជូន​ប្រជាជន​អោយខាងតែបាន បើ​បញ្ហា​ណា​ថ្នាក់​ខណ្ឌ​ដោះស្រាយ​មិនបាន លោក​នឹង​បញ្ជូនទៅ​ថ្នាក់​រាជធានី និង​ដាក់ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ដោះស្រាយ​បន្ត ហើយ​លោក​អភិបាលខណ្ឌ ក៏បាន​ជំរុញ​ដល់​ចៅសង្កាត់ និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ពេលធ្វើ​អ្វីៗ​ដើម្បី​បម្រើប្រជាជន បម្រើ​ដោយស្មោះ​ត្រង់ ចៀសវាង​ពួកគាត់ ធ្វើការ​រិះគន់​មកលើ​អាជ្ញាធរ ថា​អសកម្ម និង​មិន​ដោះស្រាយ​ជូន​ពួកគាត់ ។ ជាមួយគ្នានេះ លោក​អភិបាលខណ្ឌ ក៏បាន​ប្តេជ្ញាចិត្ត​លុបបំបាត់ នូវ​រាល់​ភាព​អសកម្ម​របស់​មន្ត្រី​មូលដ្ឋាន ជាពិសេស​ករណី​សេវាសាធារណ​: តាមរយ​:​ច្រកចេញចូល​តែមួយ ដោយ​លោក​អភិបាលខណ្ឌ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​សេវាសាធារណ​:​ដោយ​ខ្លួនឯង កុំ​ពឹង​លើ​អ្នក​រត់ការ ។

​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន ក៏បាន​អះអាង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ថា លោក​ខិតខំ អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ដោះ​បញ្ហា​ទាំងឡាយ នៅតាម​សង្កាត់​ទាំងអស់ ។​

​ចំណែក​លោក ព្រុំ សំខាន់ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌចំការមន បាន​លើកឡើងថា ក្រុមប្រឹក្សា​មាន​តួនាទី ចាត់ចែង​កិច្ចការ​ចាំបាច់​នានា ដើម្បី​សម្រេច​នូវ​គោលបំណង ក្នុងការ​បង្កើន​ការជំរុញ និង​ការធ្វើ​ឲ្យ​មាន​ចីរភាព​ដល់​ការអភិវឌ្ឍន៍ តាមបែប​ប្រជាធិបតេយ្យ ព្រមទាំង​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច ដែល​បានធ្វើ​ប្រតិភូកម្ម​តាមច្បាប់​។ ក្នុង​ឆ្នាំ​ទី​៣ នៃ​អណ​ត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌចំការមន ក្រុមប្រឹក្សា​ខណ្ឌ បាន​អនុវត្ត​មុខងារ​ជា​កាតព្វកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​គោលការណ៍​ណែនាំ​នានា​របស់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ក្រសួងមហាផ្ទៃ​។ ការធ្វើ​វេទិកា​នេះ គឺជា​ការផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​តំណាង​របស់ខ្លួន​បាន​ជួបគ្នា ដើម្បី​ប្រជាពលរដ្ឋ​បាល​បង្ហាញ​អំពី​ចំណាប់អារម្មណ៍ ក៏ដូចជា​បញ្ហា​ប្រឈម​នានា ដែល​កើត​មាននៅ​មូលដ្ឋាន ភូមិ សង្កាត់​របស់ខ្លួន​។ កម្មវិធី​ថ្ងៃនេះ ក៏​ជា​ពេលវេលា​មួយ​ដែល​អាចធ្វើ​ឲ្យ​ពួកគាត់​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក រវាង​រដ្ឋបាល​ខណ្ឌ​ជាមួយ​រដ្ឋបាល​សង្កាត់ ប្រជាពលរដ្ឋ តំណាង​ដៃគូ​អភិវឌឍ​នានា និង​ក្រុមប្រឹក្សា​ប្រភេទ​ផ្សេងគ្នា ដើម្បី​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ និង​ផ្តល់​ប្រឹក្សា អំពី​អាទិភាព​នៃ​ការអភិវឌ្ឍន៍​ខណ្ឌ​ប្រកបដោយ​ចីរភាព និង​ប្រ​សិទ្ឋិ​ភាព​។​

​លោក ព្រុំ សំខាន់ បាន​បន្តទៀតថា ការរៀបចំ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នាពេលនេះ គឺជា​ការបង្ហាញ​អំពី​គណនេយ្យភាព របស់​ក្រុមប្រឹក្សា​ខណ្ឌ និង​ប្រជាពលរដ្ឋ​ជាងនេះទៅទៀត ក៏​ជា​ឱកាស​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់ ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធ​ទាំងអស់​បានដឹង នូវ​សមិទ្ធិផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ វេទិការ​នេះ ក៏បាន​បង្ហាញ​ផងដែរ នូវ​តួនាទី និង​ទំនាក់ទំនង​ការងារ​របស់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខណ្ឌ ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ការឆ្លើយតប​រវាង​ការិយាល័យ​ជំនាញ អង្គភាព​ជុំវិញ​ខណ្ឌ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ បងប្អូន​អាចមាន​ឱកាស​ក្នុងការ​សាកសួរ ពី​សមិទ្ធិផល បញ្ហា​ប្រឈម និង​ផែនការ​សកម្មភាព សំរាប់​អនុវត្ត​ឆ្នាំ​ខាងមុខ របស់​រដ្ឋបាល​ខណ្ឌ ជាពិសេស​គឺ​ផលប៉ះពាល់​ទៅលើ​ការងារ​ប្រក​បរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ។ វេទិការ​នេះ​ក៏មាន​ពេលវេលា​សំរាប់​ផ្តល់ឱកាស​ដល់​ក្រុមប្រឹក្សា​សង្កាត់ ប្រជាពលរដ្ឋ និង​អ្នកចូលរួម​ទាំងអស់ លើក​ជា​សំណួរ យកមក​ពិភាក្សា​ក្រោម​ប្រធានបទ ៖ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សារ​ធាណៈ ការផ្តល់​សេវាសាធារណៈ នុង​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន និង​បរិស្ថាន ផងដែរ​៕​