ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ក្រោយពី​ក្រុម​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​ក្រុមទី​១ នៃ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទ​ទូល​បាន​នូវ​ទិន្នន័យ​គ្រប់គ្រាន់ ហើយ​ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​លើ​ការវិនិច្ឆ័យ​នៃ​ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ស្ថិត​ក្នុងភូមិ​ក្រាំង​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឺ​ក​ផុស ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី ៤ ខែសីហា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក សុខ សុ​ន្ធី​អភិបាលរង​ស្រុក​ទឹកផុស និង លោក ឈុន សុខ​កម្ភៈ អនុប្រធាន​មន្ទីរ និង​ជា​នាយករង​ចាត់ការ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក សុខ សម្បត្តិ ប្រធានការិយាល័យ ដ​.​ន​.​ស​.​ភ ស្រុក​ទឹកផុស និង​ជា​ប្រធាន​ក្រុមទី​១ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​, ស្ថាប័ន​ពាក់ព័ន្ធ​, លោក​អនុប្រធាន​ក្រុម និង​សមាជិក​ក្រុម លោក​មេឃុំ លោក​មេភូមិ ចាស់ព្រឹទ្ធាចារ្យ ព្រមទាំង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៧៥ នាក់ (​ស្រី ៨៥ )​។​

​តាម​របាយការណ៍​លោក សុខ សម្បត្តិ ប្រធាន​ក្រុម​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្រុមទី​១​បានអោយដឹងថាៈ​ការប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​សម្រាប់​ភូមិ​ក្រាំង​មុំ​មាន​១០១៨​គ្រួសារ ដោយ​កំណត់​ព្រំប្រទល់​មាន​ចំនួន ៣៧៦៧ ក្បាលដី និង​ប្រមូល​ទិន្នន័យ​ចំនួន ៣៧៦៧ ក្បាលដី​ក្នុងនោះ​មាន ដី​កសិកម្ម​ចំនួន ៣២៣៤ ក្បាលដី ដី​លំនៅដ្ឋាន​ចំនួន ៥២៧ ក្បាលដី ដី សាលា​បុណ្យ ចំនួន ២ ក្បាលដី និង​ដី​ទូល​អ្នកតា​ចំនួន ០២ ក្បាលដី ដី​សាលា​បុណ្យ ០២ ក្បាលដី​. ដី សាលារៀន ០១ ក្បាលដី ដី​បញ្ជាការដ្ឋាន ០១ ក្បាលដី​។​

​លោក សុខ សុ​ន្ធី និង លោក ឈុន សុខក​ម្ភះ​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូ​រី​យោ​ដី ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុងការ​បំពេញភារកិច្ច​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ដោយមាន​តម្លាភាព​និង​ប្រសិទ្ធភាព​ខ្ពស់​។

​លោក សុខ សុ​ន្ធី និង លោក ឈុន សុខក​ម្ភះ​បាន​មានប្រសាសន៍​បន្តថាៈ ការបិទ​ផ្សាយ​នាពេលនេះ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី ដោយ​ភ្ជាប់​មក​នូវ​ឯកសារ​ដូចជា​ចុងសន្លឹក​ចេញ​ដោយ​ក្រុមការងារ អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ជាដើម​យកមក​ធ្វើការ​ផ្ទៀងផ្ទាត់​អំពី​ទំហំ រូបរាង​ក្បាលដី រឺ​ឈ្មោះ​របស់​បងប្អូន ពីព្រោះ​ការបិទ​ផ្សាយ​មាន​រយះពេល​តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​រាប់ទាំង​ថ្ងៃ​ឈប់សម្រាក ហើយ​បងប្អូន​អាចមាន​សិទ្ធិ​ប្តឹងតវ៉ា​និង​កែតម្រូវ​ឡើងវិញ​ក្នុងពេល​បិទ​ផ្សាយ​នេះ​។​

​លោក សុខ សុ​ន្ធី និង លោក ឈុន សុខ​កម្ភៈ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព​រស់នៅ​ប្រកបដោយ​អនាម័យ​ជាប់​ជាប្រចាំ​ដោយ​ការលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ដើម្បី​ការពារ​ខ្លួន​កុំអោយ​ឆ្លង​រោគ ពិសេស​មេរោគ​កូ​វីដ​១៩​បំ​ឡែ​ង​ថ្មី​អូ​មី​ក្រុង ដោយ​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង អនុសាសន៍​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​៣​ការពារ និង​៣​កុំ ដើម្បី​ជៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​គ្រប់ៗ​គ្នា​៕​