ដោយ: ភ្នំសន្ទុក / កំពង់ធំ: លោកអភិបាលក្រុងស្ទឹងសែន ម៉ាក់ ប៊ុនហ៊ុង ប្រាប់ឲ្យដឹងនាថ្ងៃទី០៤ ខែសីហានេះថា ស្រូវរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះចំនួនជិត ៣០០ហិកតា កំពុងរងការខូចខាតជាបណ្តើរ ខណៈដែលស្រូវមួយចំនួនធំកំពុងមានសភាព ទុំកៀកជិតប្រមូលផល។
ស្រូវប្រជាពលរដ្ឋជិត៣០០ហិកតា រងការខូចខាត់ដោយសារទឹកជំនន់ នៅសង្កាត់អូរគន្ធរ និងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខូចដោយសារជំនន់ទឹកស្ទឹងសែន។
លោកបន្តថា សង្កាត់អូរគន្ធរ អាចរងការខូចខាតចំនួន ២៥០ហិកតា ហើយការខូចទាំងអស់នេះបណ្តាលមកពីជំនន់ទឹកភ្លៀង និងទឹកស្ទឹងសែន កំពុងតែហក់ឡើងជារៀងរាល់ថ្ងៃ មុនណាពេលនេះមេឃភ្លៀងសឹងរាល់ថ្ងៃផង ដូច្នេះបង្កលិចលងស្រែប្រជាកសិករតែម្តង។ ហើយម្យ៉ាងទៀត ការបង្ករបង្កើនផលរបស់ប្រជាកសិករនៅឆ្នាំនេះយឺតជាងឆ្នាំមុនៗ។
លោកបន្ថែមថា ក្នុងចំណោមស្រូវជិត ៣០០ហិកតានេះ ការខូចខាតបច្ចុប្បន្នប្រហែល ៣០ភាគរយ ខ្លះទៀតដល់៧០ភាគរយ ហើយផ្សេងទៀតអាចរងការខូចខាតជាបន្តបន្ទាប់ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ចុះ។
ក្រោយពីការចុះពិនិត្យរួច ដំណោះស្រាយបន្ទាន់ជំរុញឲ្យកសិករដែលមានស្រូវទុំអាចច្រូតកាត់ សូមប្រញាប់ប្រមូលផល ហើយបច្ចុប្បន្ននេះ អាជ្ញាធរ បាន និងកំពុងបិទផ្លូវទឹកមួយចំនួនដែលជាផ្លូរលំហូរទឹកស្ទឹងសែនទៅកាន់វាលស្រែរបស់ប្រជាកសិករផងដែរ ។
សូមបញ្ជាក់ថា ចំពោះស្រូវដែលនៅ ខ្ចីអាចប្រមូលផលនៅចុងខែសីហា ផ្អែកលើស្ថានភាពជាក់ស្តែងបន្តទៀត ក្នុងករណីភ្លៀង មិនមានធ្លាក់ ខ្លះជំនន់ទឹកស្ទឹងសែនថយចុះ អាចទទួលបានផលខ្លះឡើងវិញក៏ថា។
ដោយឡែកលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឲ្យដឹងថា ចំពោះទឹកស្ទឹងសែននាពេលនេះមានកម្ពស់ត្រឹមតែ១២,៩០ម៉ែត្រប៉ុណ្ណោះ មិនទាន់អាចប្រកាសអាសន្នបានទេ ទាល់តែមានកម្ពស់រហូតដល់១៣,៥០ម៉ែត្រ ទើបប្រកាសអាសន្ន តែពេលនេះសភាពទឹកអាចនឹងមានការស្រក់ទៀត ទន្ទឹមមេឃមិនមានភ្លៀង ។ ក៏ប៉ុន្តែលោកក៏បានអំពាវនាដល់ប្រជាប្រជាពលរដ្ឋមានលំនៅដ្ឋានក្បែរស្ទឹងសែន សូមមានការប្រុងប្រយ័ត្ន ទោះបីជាកម្ពស់ទឹកមិនទាន់ប្រកាសអាសន្នយ៉ាងក្តី៕