ដោយ​: គង់​ហេង / កំពង់ចាម​: រាជរដ្ឋាភិបាល​បានសម្រេច​ចាត់តាំង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ការសម្រេច​ចាត់តាំង​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីសម្រេច​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្តកំពង់ចាម មាន​ខ្លឹមសារ​ប្រវែង ពីរ ទំព័រ​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០២២ និង​បាន​អាន​ប្រកាស​ជា​ផ្លូវ​កាស​នៅ​ព្រឹក​ថ្ងៃទី ៤ សីហា​នេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​អាណត្តិ​ទី​៥ ដែលមាន​ការចូលរួម​សមាជិក​ប្រមាណ ៥០០ នាក់​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទឹងត្រង់​។​

​សេចក្តីសម្រេច​ដែល​អាន​ដោយ​លោក ទុំ លឹម​យ៉ុ​ន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ថា សម្រេច​ចាត់តាំង​ឧ​ត្ត​ម​ស​នី​យ៍​ឯក ហ៊ុន ម៉ានិត ជា​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកម្ម ក្រសួងការពារជាតិ និង​ជា​នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​៕​