​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និង​សម​ភាគី​កូរ៉េខាងត្បូង​របស់លោក​ស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្តេជ្ញា​គាំទ្រ​កិច្ច​ខិតខំ​រក្សា​កម្លាំង​ការពារ​ដ៏​រឹងមាំ​មួយ​​ទល់​នឹង​កូរ៉េខាងជើង ហើយ​នឹង​ប្តេជ្ញាសំរេច​អោយបាន​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែ​រ​។​

​សេចក្តីថ្លែងការណ៍​រួម​មួយ​ត្រូវបាន​ចេញ​ក្រោយផេឡូ​ស៊ី​ជួបពិភាក្សា​ជាមួយ​ប្រ​ធា​នសភាជាតិ​កូរ៉េខាងត្បូង​លោក គីម ជីន​ផ្យូ​(Kim Jin-pyo)​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​ក្នុង​សេចក្តីថ្លែងការណ៍ អ្នក​ទាំង​ពីរ​​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការ​គំរាម​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េខាងជើង​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​«​ភាគី​ទាំងពីរ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ស្ថានការណ៍​គំរាម​កាន់តែ​កើនឡើង​និង​បន្ទាន់​ពី​កូរ៉េខាងជើង​។​យើង​យល់ស្របគ្នាគាំទ្រ​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំងពីរ​ដើម្បី​សំរេច​បាន​ការរំសាយ​ចោល​នុយក្លេអ៊ែរ​ជាក់ស្តែង​និង​សំរេចអោយបានសន្តិភាព​តាមរយៈ​កិច្ចសហការ​អន្តរជាតិនិង​ការចរចា​ការទូត ផ្អែក​លើ​កម្លាំង​រារាំង​កាន់តែ​ធំ​និង​រឹង​មាំ​ប្រឆាំ​កូរ៉េខាងជើង​»​។​

​ផេ​ឡូ​ស៊ី ក៏​បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា​លោកស្រី​និង​លោក​គីម បាន​ពិភាក្សា​វិធី​ជំរុញ​កិច្ចសហប្រតិបត្តិការ​អំពី​សន្តិសុខ​តំបន់​និង​បញ្ហា​សេដ្ឋកិច្ច​និង​អាកាសធាតុ​។​

​ផេ​ឡូ​ស៊ី​បាន​ទៅដល់​កូរ៉េខាងត្បូង​កាលពី​យប់​ថ្ងៃ​ពុធ​ក្រោយ​ឈប់​សំចត​នៅ​កោះ​តៃវ៉ាន់ និង​បាន​ជួប​មន្ត្រី​ស្ថានទូត​អាម៉េរិក​នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ជួបពិភាក្សា​ជាមួយ​លោក​គីម​និង​សមា​​ជិកសភា​ដទៃទៀត​។​

​នៅពេល​បន្ទាប់មកទៀត​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី​ផេ​ឡូ​ស៊ី មាន​ផែនការ​ទៅធ្វើ​ទស្សនកិច្ច​តំបន់​សន្តិសុខ​រួមគ្នា​នៅក្បែរ​ព្រំដែន​របស់​កូរ៉េ​ទាំង​ពីរ​។​

​លោកស្រី​ជា​មន្ត្រី​អាម៉េរិក​ជាន់​ខ្ពស់​បំផុត​ដែល​បាន​មក​ទស្សនកិច្ច​កូរ៉េខាងត្បូង​ចាប់តាំងពី​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ​មក​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​ឆ្នាំ​២០១៩​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង យូ​ន ស៊ុក​យ៉ូល ជាប់​វិស្សមកាល​នៅ​សប្តាហ៍​នេះ ហើយ​នឹងមិន​ជួប​លោក​ស្រី​ផេ​ឡូ​ស៊ី​ទេ តែ​នឹង​និយាយ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​៕