ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កន្លង​មក បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព ទាំង​ស្មារតី ថវិកា និង​ធនធាន​ដទៃៗ​ទៀត សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​សកម្មភាព​កម្ចាត់មីន​នេះ ឱ្យ​ទទួលបាន​ជោគជ័យ​។ ក៏ប៉ុន្តែ កម្ពុជា​នៅ​បន្ត​ត្រូវការ​ធនធាន​ជាច្រើន​បន្ថែមទៀត ដើម្បីឱ្យ​កម្ពុជា​អាច​សម្រេចបាន​នូវ​ទស្សនវិស័យ​ដែល​បានកំណត់​ទុក​។

​ការបញ្ជាក់​នេះ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ​ការបង្កើត​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC-​ស៊ីម៉ាក់​) និង​ការបំពាក់​ឋានន្តរស័ក្តិ​កងយោធពល​ខេមរភូមិន្ទ ជូន​មន្ត្រី​ស៊ីម៉ាក់​ចូលនិវត្តន៍ ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២ ។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បន្តថា​ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​ទទួលយក និង​បន្ត​ទទួល​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍ និង​បណ្តា​ប្រទេស​ជា​មិត្ត ដែល​បាន​ផ្តល់ជំនួយ​គាំទ្រ​តាម​គ្រប់​រូបភាព ទាំង​តាមរយៈ​យន្តការ រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ផ្នែក​ឯកជន យន្តការ​ទ្វេភាគី និង​ពហុភាគី សំដៅ​កម្ចាត់​ឃាតក​លាក់​មុខ​ទាំងនេះ ឱ្យបាន​ឆាប់រហ័ស​បំផុត​។

​ក្នុង​ស្មារតី​នេះ សូម​លើកទឹកចិត្ត និង​សូម​ស្វាគមន៍​ចំពោះ​ការគាំទ្រ ការ​ផ្តល់ជំនួយ និង​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់​ដៃគូ​អភិវឌ្ឍន៍ បណ្តា​ប្រទេស​ជា​មិត្ត និង​វិស័យ​ឯកជន​ទាំងអស់ ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​នូវ​មហិច្ឆតា​ដ៏​ធំធេង សំដៅ​ផ្តល់​ស្នាមញញឹម​ជូន​បងប្អូន​ជនរួមជាតិ​របស់​យើង​។

​មេបញ្ជាការ​កងទ័ពជើងគោក ប​បាន​បញ្ជាក់ទៀតថា​គ្រាប់មីន​កប់​ក្នុង​ដី​ដ៏​ច្រើន​, ស្លាកស្នាម​នៃ​ពិការភាព​, ការបាត់បង់​អាយុជីវិត និង​ទុក្ខសោក​របស់​កុមារកំព្រា​រាប់ពាន់នាក់ ដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់​នាពេល​កន្លងមក គឺជា​តឹកតាង និង​មេរៀន​ដ៏​ឈឺចាប់ ដែល​យើងទាំងអស់គ្នា​ត្រូវ​ចងចាំ​ជានិច្ច និង​មិនត្រូវ​បំភ្លេច​ឡើយ​។​

​អតីតកាល​ដ៏​ខ្មៅ​ងងឹត​ទាំងនេះ បង្ហាញ​ប្រាប់​យើងទាំងអស់គ្នា​យ៉ាងច្បាស់​ថា គ្មាន​អ្វីដែល​ប្រសើរ​ជាង​សុខសន្តិភាព​, សុវត្ថិភាព និង​សេរីភាព ដែល​បាន​បង្កលក្ខណៈ​ឱ្យ​យើង​អាច​រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​សុភមង្គល​ពេញលេញ ជាមួយ​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ខណៈពេលដែល​កូនៗ​របស់​យើង​អាច​កាន់​ប៊ិក ខ្មៅ​ដៃ សៀវភៅ និង​កំពុង​សិក្សា​នៅក្នុង​ថ្នាក់រៀន ជំនួស​ដោយ​ការ​កាន់​កាំភ្លើង និង​សព្វាវុធ​ក្នុង​ជម្លោះ​ហិង្សា​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​។ ជាងនេះទៅទៀត ពួកគេ​ក៏​អាច​រត់​លេង​យ៉ាង​សប្បាយរីករាយ និង​មិនមាន​ការព្រួយបារម្ភ ឬ​ខ្វល់ខ្វាយ​អំពី​សង្គ្រាម និង​គ្រាប់មីន​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា បន្ទាប់ពី​សង្គ្រាមស៊ីវិល​ត្រូវ​បានបញ្ចប់​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី រាជរដ្ឋាភិបាល​បានកំណត់​ជ្រើស​រើសយក​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ជា​គោលដៅ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ ពីព្រោះ​បញ្ហា​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នេះ មិន​ត្រឹមតែ​ជាការ​គំរាមកំហែង​មកលើ​សេចក្តីសុខ សុវត្ថិភាព និង​សន្តិភាព​ពេញលេញ​របស់​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឧបសគ្គ​រាំងស្ទះ​ដ៏​ស្មុ​គ្រ​ស្មាញ​ចំពោះ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ជារួម​ផងដែរ​។ ដោយសារ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​នេះ អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។

​ជាក់ស្តែង អត្រា​អ្នក​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ក្នុង​ឆ្នាំ​២០០០-២០០៥ ដែលមាន​រហូតដល់​ជាង ៨០០ នាក់ ក្នុង​មួយឆ្នាំៗ បាន​ធ្លាក់​ចុះមក​ក្នុង​អត្រា​ប្រមាណ ៣២ នាក់​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០២២ គិត​ត្រឹម​ខែមេសា​នេះ ។

​ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ខួប​លើក​ទី ៣០ នៃ​ការបង្កើត​មជ្ឈមណ្ឌល​ស៊ីម៉ាក់ និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​កម្លាំងកាយ​ចិត្ត​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​-​បុគ្គលិក​ស៊ីម៉ាក់​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា និង​ឧត្តុង្គឧត្តម ជូន​ជាតិ​មាតុភូមិ​របស់​យើង ដោយ​មិន​គិត​អំពី​អាយុជីវិត​របស់ខ្លួន​។

​ពលិកម្ម និង​ភក្តីភាព​ចំពោះ​បុព្វហេតុ​ជាតិ​ទាំងនេះ គឺ​ពិតជា​គំរូ​វីរភាព​ដ៏​ប្រពៃ​បំផុត ដែល​ប្រជាជន​ខ្មែរ​ទាំងមូល គោរព​ដឹងគុណ​ជានិច្ច​។​

​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​, បណ្តា​ប្រទេស​ជា​មិត្ត ព្រមទាំង​អង្គការ​, ស្ថាប័ន​, ក្រុមហ៊ុន និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា ព្រម​ជាមួយនឹង​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ថ្លៃថ្លា​ទាំងនេះ នឹង​នាំទៅដល់​ការសម្រេចបាន​នូវ​ទស្សនវិស័យ​រួម “​កម្ពុជា​សូន្យ​មីន​ក្នុង​ឆ្នាំ​២០២៥” ដូច​ការរំពឹង​ទុកជា​ក់​ជាមិនខាន​៕​