ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ “​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​ដ៏​ពិសិដ្ឋ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។ វា​គឺជា​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​ចិន​ទាំងអស់​រួម​ទាំង​ជនរួមជាតិ​ចិន​របស់​យើង​​នៅ​កោះ​តៃវ៉ាន់​ផងដែរ ដើម្បី​សម្រេចបាន​នូវ​ការបង្រួបបង្រួម​ដ៏​អស្ចារ្យ​នៃ​មាតុភូមិ​”​។ ទាំងនេះ​គឺជា​ពាក្យ​ដែល​សរសេរ​នៅក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​របស់​ចិន​។​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​​អាម៉េរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅ​កាន់​តំបន់​តៃវ៉ាន់​របស់​ចិន​គឺជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​គោលការណ៍​ដ៏​ពិសិដ្ឋ​បំផុត​របស់​ចិន​។​នេះ​ជា​ឃ្លា​មួយ​ក្នុង​បទ​អត្ថាធិប្បាយ​ក្នុង​សារព័ត៌មាន​ចិន​CGTN​។​

​សារព័ត៌មាន​ខាង​លើ​បាន​បន្តទៀតថា នៅ​ថ្ងៃទី ២ ខែសីហា​ផេ​ឡូ​ស៊ី​បាន​ចុះចត​នៅ​តៃវ៉ាន់​។​ក្រសួងការបរទេស​ចិន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា​វា​នឹង​ជះ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​​មូលដ្ឋានគ្រឹះ​នយោបាយ​នៃ​ទំនាក់ទំនង​ចិន​-​អាម៉េរិក និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ទោះយ៉ាងណា សម្រាប់ផេ​ឡូ​ស៊ី ការខូចខាត​បែបនេះ​ហាក់​ព្រងើយកន្តើយ​។ ​ផ្ទុយ​ទៅ​វិញ​លោកស្រី​បាន​ផ្តោត​លើ​ការបង្ហាញ “​សាមគ្គីភាព​” ជាមួយ​តៃវ៉ាន់ ហើយ​អះអាងថា សហរដ្ឋ​អាម៉េរិក “​បន្ត​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ឯកតោភាគី​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​”​។ ប្រពៃ​​ណាស់​ពេល​នេះ​សហរដ្ឋ​អាម៉េរិក​គឺជា​អ្នក​ដែល​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​ឯកតោភាគី​យ៉ាង​គឃ្លើន​ចំពោះ​តុល្យភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ចាប់តាំងពី​ខែ​មេសា​មក លោកស្រី​ផេ​ឡូ​ស៊ី​បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ​នេះ​។​បន្ទាប់​ពី​ការពន្យារពេល​ដោយសារ​តែ​ការ​ឆ្លងកូវី​ដ​១៩​ទីបំផុត​លោក​ស្រី​បាន​ធ្វើដំណើរ​ផ្គើន​នឹង​ការព្រមាន​ពី​ចិន​និង​​អ្នកប្រាជ្ញ​លោកខាងលិច និង ជំទាស់​នឹង​គណបក្សរ​បស់​លោកស្រី​ផ្ទាល់​។​

​សូម​យល់​ឱ្យ​ច្បាស់​អំពី​រឿងនេះ​។ ឈុត​ឆាក​ទាំងនេះ​គឺ​គ្មានអ្វី​ក្រៅ​តែ​ពី​ការ​ញុះញង់​ដ៏​ធ្វេសប្រហែស​ទាំង​ខាង​នយោបាយ​និង​យោធា​នោះ​ឡើយ​និង​ជា​ការដាក់​ការ​ប្រឈម​មកលើ​អធិបតេយ្យភាព​ជាតិ​និង​​បូរណភាព​ទឹកដី​របស់​ចិន​។

​ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​សារ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​អំពី​ការព្រួយបារម្ភ​ដ៏​ធ្ងន់ធ្ងរ​របស់​ខ្លួន​ចំពោះ​ការទទូច​ខ្វះ​ការប្រុងប្រយ័ត្ន​របស់​លោក​ស្រី​ផេ​ឡូ​ស៊ី​លើ​ការបំពេញ​ទស្សនកិច្ច​នៅ​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ដែល​ច្បាស់​ណាស់​គឺ​ហួស​ពី​ដែន​កំណត់​សម្រាប់​លោក​ស្រី​ហើយ​។​

​មាន​មតិ​សាធារណៈ​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​ចិន​ប្រឆាំង​នឹង​សារ​ជា​និមិត្តរូប ដែល​លោកស្រី​ផេ​ឡូ​ស៊ី​ក្នុងនាម​ជា​ប្រធានសភា​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ទី​បី​របស់​សហរដ្ឋ​អាម៉េរិក​បន្ទាប់​ពី​ប្រធានា​​ធិបតី​និង​អនុ​ប្រធានាធិបតី ចង់​ផ្ញើ​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​កោះ​តៃវ៉ាន់​។ ​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​ត្រូវ​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ចិន​តែមួយ និង​បទ​ប្បញ្ញត្តិ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ចិន​-​សហរដ្ឋ​អាម៉េរិក​ចំនួន​បី​ដែលជា​​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​ផលប្រយោជន៍​ជាតិ​របស់​ប្រទេស​ចិន​។ លើសពីនេះ សេចក្តីថ្លែងការណ៍​ទីក្រុង​គែរ​ឆ្នាំ ១៩៤៣ និង សេចក្តីប្រកាស​ទីក្រុង​ផត​ស៍ដាម (Potsdam Proclamation) ឆ្នាំ​១៩៤៥ បាន​បញ្ជាក់​ពី​អធិបតេយ្យភាព​របស់​ចិន​លើ​តៃវ៉ាន់​។ នៅ​ឆ្នាំ ១៩៧១ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្តីសម្រេច​ចិត្ត​លេខ ២៧៥៨​ដោយ​ទទួល​​ស្គាល់​ថា “​តំណាង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទៅកាន់​អង្គការសហប្រជាជាតិ​គឺជា​តំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​ទៅកាន់​អង្គការសហប្រជាជាតិ​”​។ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី គឺ​ផ្គើន​នឹង​អង្គហេតុ​ច្បាប់​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ទាំងអស់នេះ​។​

​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​គូសបញ្ជាក់ថា ជំហរ​របស់​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​ចំពោះ​សំណួរ​អំពី​តៃវ៉ាន់​​គឺ​ស្របគ្នា​។ លោក​បាន​ប្រាប់​លោកបៃ​ដិនថា “​ការការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដី​របស់​ចិន​គឺ​ជា​ឆន្ទៈ​ដ៏​រឹងមាំ​របស់​ប្រជាជន​ចិន​ជាង ១,៤ ពាន់​លាន​នាក់​។ មតិ​សាធារណៈ​មិន​អាច​ប្រកែក​បាន​ឡើយ​។ អ្នក​ដែល​លេង​ជាមួយ​ភ្លើង​នឹង​ត្រូវ​វិនាស​ដោយសារ​ភ្លើង​”​។​

​តៃវ៉ាន់​គឺជា​ផ្នែក​មិន​អាច​កាត់ផ្តាច់​បាន​របស់​ចិន ហើយ​សំណួរ​អំពី​តៃវ៉ាន់​នៅតែ​ជា​បន្ទាត់​ក្រហម​សម្រាប់​ប្រជាជន​និង​រដ្ឋាភិបាល​ចិន​។ សូម្បី​តែ​សហរដ្ឋ​អាម៉េរិក​ក៏ដូចជា​ប្រទេស​ចំនួន​១៨០​ផ្សេង​ទៀត​ក៏​បាន​ប្រកាន់ខ្ជាប់​ជា​ផ្លូវការ​នូវ​គោលការណ៍​ចិន​តែ​មួយ​ដែរ​។ តើ​ផ្នែក​ណាមួយ​នៃ​រឿង​នេះ​ដែល​មិន​ច្បាស់លាស់​ចំពោះផេ​ឡូ​ស៊ី​ដល់​ថ្នាក់គាត់​មិន​អាច​យល់​បាន​ថា​ទង្វើ​ដ៏​ល្ងីល្ងើ​របស់​គាត់​គឺ​បំពាន​លើ​ការ​​ប្តេជ្ញាចិត្ត​ផ្ទាល់​របស់​ក្រុង​វ៉ាស៊ីនតោន​និង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន​-​អាម៉េរិក​?

​ទោះបីជា​មាន​ការព្រមាន​ទុកជា​មុន​ក៏ដោយ ក៏​ផេ​ឡូ​ស៊ី​នៅតែ​បន្ត​ផែនការ​របស់​ខ្លួន ហើយ​ជិះ​យន្តហោះ​ទៅ​តៃវ៉ាន់​។ ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ការ​សងសឹក​នឹង​ការប្រមាថ​មើលងាយ​ចំពោះ​អធិបតេយ្យ​​ភាព​ជាតិ​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​នោះឡើយ​។ កងទ័ព​រំដោះប្រជាជន​ចិន (PLA)​បានប្រកាសថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​និង​សកម្មភាព​ហ្វឹកហ្វឺន​សំខាន់ៗ​រួម​ទាំង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ចាប់​​ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៧ ខែ​សីហា​។ ទីបញ្ជាការ​ភូមិភាគ​ខាងកើត​របស់ PLA បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​យោធា​ជា​បន្តបន្ទាប់​នៅ​ជិត​កោះ​តៃវ៉ាន់​ចាប់ពី​យប់​ថ្ងៃ​អង្គារ​ទី​២​សីហា​។​

​តើ​រដ្ឋាភិបាល​អាម៉េរិក​មានកូន​ចិត្ត​ដើម្បី​បញ្ឈប់​កិច្ចប្រឹងប្រែង​ឥត​គិត​បែប​នេះ​កុំឱ្យ​កើត​ឡើង​ដែរឬទេ​?

​ទំនាក់ទំនង​ចិន​-​អាម៉េរិក​ត្រូវ​បាន​ធ្វើឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ដំណើរ​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ី​។ ចិន​ត្រូវ​បង្ខំចិត្ត​ចាត់​វិធានការ​ប្រឆាំង​បក​លើ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​ផ្នែក​នយោបាយ​បន្ថែមទៀត​ពី​អ្នកនយោបាយ​អាម៉េរិក​និង​ក្រុម​ផ្តាច់ខ្លួន​តៃវ៉ាន់​។ ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​មិនអាច​ស្វែងរក​វិធីសាស្ត្រ​សម​ហេតុផល​ចំពោះ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ចិន​ទេនោះ អាម៉េរិក​នឹង​ត្រូវតែ​ប្រឈម​មុខ​នឹង​ជម្លោះ​ដ៏​គ្រោះថ្នាក់​ដែល​បង្កើតឡើង​ដោយ​ខ្លួន​ពួកគេ​ម្តងទៀត​ជាមិនខាន​៕

​មតិ​ទូទៅ​យល់ឃើញថា​ដំណើរ​ទស្សនកិច្ច​របស​ប្រធានសភា​អាម៉េរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី គ្មាន​សំរេច​ចេញ​កិច្ចព្រមព្រៀង​ជា​ផលប្រយោជន៍​អី​មួយ​ទេ ក្រៅ​តែ​ពី​បង្ក​ភាព​តានតឹង​និង​ចង់​ធ្វើខ្លួន​ជា​វីរ​នារី​