ដោយៈ សម្បត្តិ / ភ្នំពេញ៖ រថយន្តដឹកខ្សាច់មួយគ្រឿង បានបើកក្នុងល្បឿនលឿន បុកម៉ូតូពីក្រោយ ពេញទំហឹង និងកិន ក្មេងប្រុសជាសិស្សសាលា ពីរនាក់ ឱ្យស្លាប់នៅនឹងកន្លែង នៅពេលក្មេងទាំងពីរនាក់ កំពុងជិះឌុបគ្នា ទៅសាលារៀន។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង ១២ និង១០ នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថាៈ ភាគីម៉ូតូម៉ាក HONDA TODAY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-3846 បើកបរដោយឈ្មោះ សុភ័ក្រ វីរៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរ មានឈ្មោះ ធីម គីមឡុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទំនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ។ ដោយឡែក ភាគីរថយន្តបង្ក ម៉ាក NISSAN DESELL ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0234 បើកបរដោយ ឈ្មោះ ប៊ុត ដា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបរ មានទីលំនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រែកកំពិស)។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះ ជាសិស្សសាលា នៃវិទ្យាល័យព្រែកកំពិស បានជិះម៉ូតូមួយគ្រឿង ឌុបគ្នា តាមបណ្ដោយ ផ្លូវជាតិលេខ២ ទិសដៅពីខាងកើតទៅខាងលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តបង្កខាងលើ បើកបរក្នុងល្បឿនលឿន ស្របទិសគ្នា មកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួល ដោយកិនជនរងគ្រោះទាំងពីរនាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ រីឯម៉ូតូនៅជាប់ក្រោមកង់រថយន្ត អូសប្រហែល ៥០ម៉ែត្រ ទើបតៃកុងឈប់រថយន្ត បំរុងរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ចុះវាស់វែងយករថយន្តបង្ក និងម៉ូតូ ព្រមទាំងតៃកុង ទៅរក្សាទុក និងសាកសួរ ដើម្បីអនុវត្តន៍តាមនីតិវិធី។ ចំណែកសពជន រងគ្រោះ ទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបណ្យតាមប្រពៃណី ៕/V