ដោយ៖ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួប ជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក ជិន ង៉ុកធួត (Tran Ngoc Thuan) អតីតសមាជិកសភាជាតិវៀតណាម និងជាសមាជិកក្រុមប្រឹក្សាភិបាលសម្ព័ន្ធ ឧស្សាហកម្មកៅស៊ូវៀតណាម និងលោក ង្វៀន ហ្វ៊ីតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា។

ក្នុងឱកាសជួបពិភាក្សា និងសម្តែងការគួរសម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក ជិន ង៉ុកធួត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម។

ថ្លែងក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានគូសបញ្ជាក់ប្រាប់ លោក ជិន ង៉ុកធួត និងសហការី អំពីជោគជ័យនៃការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចចិត្ត ដ៏ត្រឹមត្រូវបំផុត និងមានវិធានការច្បាស់លាស់ ក្នុងការបង្ការ និងទប់ស្កាត់ នូវការរីករាយដាល នៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញ នូវគោលនយោបាយ ចាក់ស្រោចវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជា ឆ្លងផុតពីគ្រោះមហន្តរាយ មួយនេះ យ៉ាងជោគជ័យ ជាមួយនឹងការបើកដំណើរការប្រទេសជាតិ និងសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី៕/V