ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ យោងមន្ត្រីកម្ពុជា បានឱ្យដឹងនៅថ្ងៃនេះថាៈ អាជ្ញាធរមានសមត្ថកិច្ចថៃ បានយល់ព្រម ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណ ព្រំដែន កម្ពុជា-ថៃ (Cambodia-Thailand Border Pass) មានសុពលភាព ប្រើប្រាស់ រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ ដោយចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះតទៅ ។ ពោលគឺ ខាងភាគី អន្តោប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រា ពី ៣ ថ្ងៃឡើង ឱ្យបាន ៧ថ្ងៃ ដូចកាលមុន វិបត្តិសាកលកូវីដ ១៩ វិញ ។

មន្ត្រីកម្ពុជា បានបញ្ជាក់ថា លទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចសម្របសម្រួលរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត ក្រុង ជាមួយនឹងអាជ្ញាធរ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។ លទ្ធផលនេះ ក៏ជាការឆ្លើយតបវិជ្ជមាន ទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករ ដែលតែងតែធ្វើដំណើរ ចេញ-ចូល ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងពលករខ្មែរ ដែលចូលទៅធ្វើការ ក្នុងខេត្តស្រះកែវ និងខេត្តប្រាជីនបូរី ព្រះរាជាណាចក្រថៃឡង់ដ៍ ដែលនៅជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ជាដើម ។

សូមរំលឹកថា តាមសំណើរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដែលបានស្នើសុំទៅ តាមរយៈទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ស្តីពីករណី រយៈពេលសុពលភាព នៃការស្នាក់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ប័ណ្ណ ព្រំដែន កម្ពុជា-ថៃ មានរយៈពេលតែ ២យប់ ៣ថ្ងៃ នោះ ឥឡូវនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនសាធារណជនថា ក្រោយពីមានវិបត្តិកូវីដ ១៩ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានបិទទាំងស្រុង ហើយទើបឱ្យដំណើរការវិញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តាមកិច្ចព្រមព្រៀងប័ណ្ណ ព្រំដែនកម្ពុជា-ថៃ ដែលអនុញ្ញាតឱ្យស្នាក់នៅបាន រយៈពេល ៧ថ្ងៃ ៕V