​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​និយាយថា​ខ្លួន​បាន​«​ហាត់​ការបាញ់​កាំជ្រួច​ត្រង់​»​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ផ្នែក​នៃ​សមយុទ្ធ​យោធា​ដែល​កំពុង​បង្កើន​ភាព​តានតឹង​ដល់​កំរិត​ខ្ពស់​​បំផុត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​ដោយសារតែ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​ផ្គើន​នឹង​ការព្រមាន​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​

កាំជ្រួចចិនបាញ់ចេញពីឆ្នេរចូលច្រកសមុទ្រតៃវ៉ាន់

​មុននេះ ចិន​បាន​ប្រកាស​ថា​សមយុទ្ធ​យោធា​របស់​កងទ័ពជើងទឹក​និង​អាកាស រួម​ជាមួយ​នាយកដ្ឋាន​ផ្សេងៗ​កំពុង​ធ្វើ​ឡើង​នៅ​ប្រាំមួយ​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អះអាង​​ថា​ជា​ទឹកដី​ចិនដែល​នៅ​រង់ចាំ​ថ្ងៃ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក​វិញ​តែ​ប៉ុណ្ណោះ​។​

​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ដែល​មាន​នេះ ជំរុញ​ឡើង​ដោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី កាលពី​ថ្ងៃ​អង្គារ​និង​ពុធ​នៅ​កោះ​តៃវ៉ាន់​ដោយ​ចចេសមិន​ស្តាប់​ការ​​ប្រឆាំង​ជំទាស់​និង​ការព្រមាន​ពី​ចិន​។​

​ក្រៅពី​ចង់អោយ​កោះ​ប្រជាធិបតេយ្យ​នេះ​នៅ​ឯកោ​ខាង​ការទូត ចិន​ក៏​ចង់​សងសឹក​ដោយ​យោធា​លើ​ចំណាត់ការ​បន្តបន្ទាប់រ​បស់​ក្រុមគាំទ្រឯករាជ្យលើកោះ​នេះ​ដើម្បី​ពង្រឹង​ឯករាជ្យភាព​តាម​ការ​ជា​ក់​ស្តែង ក្រោម​ការគាំទ្រ​​ពី​សម្ពន្ធមិត្ត​រួមមាន​អាម៉េរិក​។​

​បញ្ជាការ​តំបន់​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការបាញ់​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​និង​ត្រង់ៗ ត្រូវបាន​អនុវត្ត​លើគោក​ដៅ​កំណត់​ទុក​នៅ​តំបន់​ខាងកើត​​នៃ​ចក្រ​សមុទ្រ​តៃវ៉ាន់ ដោយ​នឹង​ផ្តល់​លទ្ធផល​តាម​ការរំពឹង​ទុក​»​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា​ខ្លួន​បាន​តាមដាន​ការបាញ់​កាំជ្រួច​ដុង​ហ្វេ​ង​(Dongfeng)​ជា​បន្តបន្ទាប់​ចាប់តាំងពី​ម៉ោង​១​និង​៥៦​នាទី​រសៀល ថ្ងៃ​ព្រហស្បតិ៍​។​វា​បាន​និយាយ​​ថា យោធា​តៃវ៉ាន់​បាន​ប្រើ​ប្រព័ន្ធ​ព្រមាន​ជាមុន​ផ្សេងៗ​ដើម្បី​តាមដាន​ការបាញ់​កាំជ្រួច ដែល​សំដៅ​ដែនទឹក​នៅ​ភាគ​ឦសាន​និង​ពាយ័ព្យ​តៃវ៉ាន់​។​

​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល ក្រសួង​យោធា​តៃវ៉ាន់​ក៏បាន​ព្រមាន​ប្រុង​ជើងការ​និង​តាមដាន​សភាពការណ៍​ដោយ​ខិតខំ​បញ្ចៀស​ការប៉ះទង្គិច​ណាមួយ​។​សមយុទ្ធ​ជន​ស៊ីវិល​ក៏​ត្រូវបាន​ធ្វើ​ឡើង​និង​ប័ណ្ណ​សញ្ញា​សំគាល់ត្រូវបានដាក់​នៅ​​តាម​ជម្រក​ការពារ​ពី​ការវាយប្រហារ​ពី​អាកាស​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន បាន​រាយការណ៍​ថា សមយុទ្ធ​នេះ​ជា​ប្រតិបត្តិការ​សឹក​រួម​ផ្តោតលើ​«​ការហ៊ុមព័ទ្ធ​បិទ​ខ្ទប់ ការវាយប្រហារ​លើគោល​ដៅ​ក្នុង​សមុទ្រ ការវាយប្រហារ​លើគោល​ដៅលើដី និង​ការគ្រប់គ្រង​ដែន​អាកាស​»​។​

​អាម៉េរិក​ក្នុងពេល​ជាមួយ​គ្នា​មិន​បាន​ប្រកាសថា​នឹង​ចូល​អន្តរាគមន៍​ទេ តែ​នាវាចម្បាំង​អាម៉េរិក​បួនគ្រឿង រួម​មាន​នាវា​ដឹក​យន្តហោះ​មួយ​កំពុង​ចត​ត្រៀម​នៅ​ខាងកើត​កោះ​៕

​សមយុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​ដែល​ត្រូវ​ធ្វើ​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃអាទិត្យ រួម​មាន​ការបាញ់​កាំជ្រួច​ត្រង់​ចូល​គោលដៅ​ក្នុង​សមុទ្រ​នៅ​ខាងជើង​និង​ខាងត្បូង​កោះ​តៃវ៉ាន់​