​ដោយៈ សុផល / ភ្នំពេញ​៖ “ ធ្វើ​ដូចម្តេច ដើម្បី​ក្លាយជា​អ្នកបកប្រែ​ដ៏​ល្អ​?“ ។ “​ក្រៅពី​មាន​ភាព​ម៉ឹងម៉ាត់ ច្បាស់លាស់​ទៀងទាត់ សុច្ចរិត និង​ចេះ​បត់បែន​តាម​កាលៈទេសៈ អ្នកបកប្រែ ត្រូវ​ចេះ​ស្រឡាញ់​ភាសាជាតិ​ខ្លួនឯង​ផង ទើប​ប្រសើរ​”​។ នេះ​ជាការ​លើកឡើង និង​ការផ្តល់​ដំបូន្មាន របស់លោក អ៊ឹម លឹម នៅក្នុង​កម្មវិធី​ចែករំលែក​បទពិសោធន៍ លើ​ការងារ​ជា​អ្នកបកប្រែ ដែល​បាន​រៀបចំឡើង នា​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ នៅឯ​មជ្ឈមណ្ឌល​ការងារ ហ្វ្រ​ង់​កូ​ហ្វូ​ន ភ្នំពេញ ស្ថិតនៅក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។​

​នេះ​ជា​លើក​ទី​១ ហើយ ដែល​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា (AUF Cambodge) បាន​អញ្ជើញ​អ្នកជំនាញ​បកប្រែ មក​ចែករំលែក​បទពិសោធន៍ លើ​វិស័យនេះ ជាមួយ​យុវជន និស្សិត សាស្ត្រាចារ្យ និង​អ្នកជំនាញ​វ័យក្មេង ប្រមាណ​ជាង ៦០ នាក់ ដែល​ចូលរួម​ក្នុង​កម្មវិធី​ដោយផ្ទាល់ និង​តាម​អន​ឡាញ ហើយក៏​ជា​លើក​ទី​៣ ដែរ ចាប់តាំងពី​មជ្ឈមណ្ឌល​ការងារ​ហ្វ្រ​ង់​កូ​ហ្វូ​ន​នេះ ត្រូវបាន​បង្កើតឡើង នា​ខែកញ្ញា​ឆ្នាំ​២០២១​។​

​លោក អ៊ឹម លឹម​ដែលជា​សាស្ត្រាចារ្យ​ភាសា​បារាំង និង​ជំនាញ​បកប្រែ នៃ​ដេ​ប៉ា​តឺ​ម៉​ង់ ភាសា​បារាំង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជិត ៣០ ឆ្នាំ បានឱ្យដឹងថាៈ ធ្វើជា​អ្នកបកប្រែ កុំ​អួតអាង​ពេក ត្រូវ​ចេះ​ដាក់ខ្លួន​ឱនលំទោន ព្រោះ​យើង​ចេះ​ភាសា​គេ​អត់​អស់​ទេ​។ យើង​អាច​អស្ចារ្យ នៅ​វិស័យ​ណាមួយ មិន​ពូកែ​គ្រប់​វិស័យ​ទេ ត្រូវ​ចេះ​សួរ​គេ​ផ្នែក​ជំនាញ ដែល​ត្រូវ​បកប្រែ ដើម្បី​ស្វែងយល់​ពី​គេ​ជាមុន ទើប​បកប្រែ​មិនសូវ​ខុស​។ ម្យ៉ាងទៀត ត្រូវ​រៀន​រហូត រៀន​ស្វែងយល់​គ្រប់​វិស័យ និង​មិនត្រូវ​ទុកចិត្ត​វចនានុក្រម ឬ​ម៉ាស៊ីន​បកប្រែ (Google Translate) ពេក​ដែរ ប៉ុន្តែ​ត្រូវ​ស្រាវជ្រាវ បណ្តុះ​ចំណេះដឹង​របស់ខ្លួន ជានិច្ច​។​

​លោក​បាន​អះអាងថាៈ « ដោយសារ​ខ្ញុំ បកប្រែ​ច្រើន​ឆ្នាំ ខ្ញុំ​ចេះ​ភាសា​ខ្មែរ​ច្រើន ពីព្រោះ​ខ្ញុំ ស្រាវជ្រាវ​ច្រើន​មុខ និង​បកប្រែ​ច្រើន​វិស័យ​» ។​

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកចូលរួម ក្នុង​កម្មវិធី​ចែករំលែក លោក ចាន់ សេរី​វ​ឌ្ឍ អតីត​និស្សិត នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង ដែល​សួរថា តើ​ការប្រើ​ម៉ាស៊ីន​បកប្រែ អាច​ជំនួស​អ្នកបកប្រែ បានដែរ​ឬទេ នៅ​ថ្ងៃ​ណាមួយ​? លោក លឹម បាន​មានប្រសាសន៍ថាៈ ម៉ាស៊ីន​មិនអាច​ជំនួស មនុស្ស​បានទេ ពីព្រោះ​ម៉ាស៊ីន អត់​មាន​មនោសញ្ចេតនា​ទេ វា​គ្រាន់តែ​មានការ​គណនា​លឿន ជាង​មនុស្ស​ប៉ុណ្ណោះ​។ អាច​ថា ៣០-៤០ ឆ្នាំ ទៅមុខ អាច​ប្រសើរ​ជាង​បច្ចុប្បន្ន​។ ទោះបីយ៉ាងណា វា​មិនអាច​ដណ្តើម​ការងារ​រ​បស់​មនុស្ស​បានទេ​។ ប៉ុន្តែ​យើង​ត្រូវ​ចេះ​យក​វា មក​ប្រើ​ឱ្យមាន​ប្រយោជន៍​របស់​យើង​។ លោក​បាន​ឆ្លើយតប​សំណួរ​ដោយ​ធ្វើ​ត្រាប់​ជា សម្លេង​បកប្រែ​ដូច​រ៉ូ​បូ ខុសប្លែក​ពី​ភាសា​របស់​មនុស្ស​។​

​នាឱកាស​បើក​កម្មវិធី​ចែករំលែក​ផ្នែក​បកប្រែ​នេះ លោក សុខ លឹម​ស្រ៊ន តំណាង​ដេ​ប៉ា​តឺ​ម៉​ង់ ភាសា​បារាំង​បានឱ្យដឹងថាៈ ការបណ្តុះបណ្តាល​លើ​ជំនាញ​បកប្រែ បាន​បង្កើតឡើង សាជាថ្មី នៅឯ​វិទ្យាស្ថាន​ភាសាបរទេស រៀងរាល់​ចុង​សប្តាហ៍​ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល ដល់​អ្នកសិក្សា អាច​បន្ត​ការសិក្សា​របស់ខ្លួន ក្រៅ​ម៉ោង​ធ្វើការ​បាន​។​

​សូម​ជំរាប​ថា មជ្ឈមណ្ឌល​ការងារ​ហ្វ្រ​ង់​កូ​ហ្វូ​ន​ភ្នំពេញ ជា​ផ្នែក​មួយ​នៃ​គំរោង​របស់ ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់ ភាសា​បារាំង (AUF) បង្កើតឡើង​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅតាម​បណ្តា​ប្រទេស ដែលមាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ជា​សមាជិក ក្នុង​គោលបំណង​ផ្តល់​ប្រឹក្សា ក្នុង​វិធីសាស្ត្រ​ស្វែងរក​ការងារ ការបណ្តុះបណ្តាល​លើ ការបញ្ជ្រាប​ក្នុង​ការងារ​ដល់​និស្សិត ការបណ្តុះបណ្តាល​លើ​គំរោង​វា​នុ​វត្ត​ន៍ និង​សហគ្រិនភាព ជាទី​កន្លែង​ប្រសព្វ​រវាង​អ្នកជំនាញ និង​សាស្ត្រាចារ្យ​-​និស្សិត​ធ្វើការ​ផ្លាស់ប្តូរ​ចែករំលែក​បទពិសោធន៍​នានា ក៏ដូចជា​ទីកន្លែង​ពិភាក្សា លើ​ប្រធានបទ​ផ្សេងៗ​ផ្សារភ្ជាប់​វិស័យ​អប់រំ និង​ទីផ្សារការងារ​ផងដែរ​។​

​កញ្ញា រស្មី ឈី​ន​ឈី​ន ដែលជា​សិក្ខាកាម​ម្នាក់ បានឱ្យដឹងថាៈ កម្មវិធី​ចែករំលែក​នេះ ពិតជា​ផ្តល់នូវ ចំណេះដឹង​និង​បទពិសោធន៍​យ៉ាង​សំបូរបែប រួម​និង​ឧទាហរណ៍​ផ្ទាល់ខ្លួន ជាច្រើន​ទៀតផង ។​

​តប​តាម​ការស្នើសុំ​របស់​យុវជន និស្សិត សាស្ត្រាចារ្យ និង​អ្នកជំនាញ​វ័យក្មេង​ជាច្រើន ដែល​បាន​ចាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះ​កម្មវិធី​ចែករំលែក លើ​មុខរបរ​នេះ មជ្ឈមណ្ឌល ការងារ​ហ្វ្រ​ង់​កូ​ហ្វូ​ន​ភ្នំពេញ នឹង​រៀបចំ​កម្មវិធី​នេះ​ជាថ្មី​ម្តងទៀត ដើម្បី​ពាំនាំ​នូវ​បទពិសោធន៍ ក៏ដូចជា​បច្ចេកទេស​ថ្មីៗ ផ្សេង​បន្ថែមទៀត នាពេល​អនាគត​៕/V​